ភ្នំពេញ៖ ប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យកំពង់ផែអេឡិចត្រូនិក (Port EDI) គ្រោងនឹងដាក់ឱ្យដំណើរការនៅខែសីហា ឆ្នាំ ២០២២ នេះ ដើម្បីជំរុញការធ្វើទំនើបកម្មទ្រង់ទ្រាយធំលើការត្រួតពិនិត្យនាវាចរណ៍ចេញ-ចូលកម្ពុជា ដោយប្តូរការធ្វើការដោយដៃ មកធ្វើការលើប្រព័ន្ធអនឡាញវិញ។
ការដំណើរ Port EDI នេះដែរ ក៏ត្រូវអនុវត្តតាមរយៈកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការប្រមូលចំណូលពីការបង់កម្រៃសេវាសាធារណៈ។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាពការងារគម្រោងប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២២ បានថ្លែងថា ប្រព័ន្ធនេះ គឺជាការខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញក្រសួងក្នុងការជំរុញឱ្យការអភិវឌ្ឍប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យកំពុងផែអេឡិចត្រូនិក (Port EDI) សម្រេចបានជោគជ័យ។ លោកបានបន្ត ដោយមានការសហការល្អពីនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ ជាមួយអគ្គនាយកដ្ឋានជំនាញ ទើបជំរុញការងារឱ្យទទួលបានជោគជ័យយ៉ាងដូច្នេះ។
លោកបានបញ្ជាក់ថា៖ «បច្ចុប្បន្នក្រសួងបានផ្តោតជាសំខាន់លើការអភិវឌ្ឍធនធាននៅខាងក្នុងក្រសួង ជាពិសេសមន្ត្រីរបស់ក្រសួងដែលទទួលបានបណ្ដុះបណ្ដាលកន្លងមក មានបទពិសោធ និងការអនុវត្តល្អ ដែលអាចរក្សាស្ថិរភាព ក៏ដូចជាធ្វើឱ្យប្រសើរឡើងដល់ប្រព័ន្ធបច្ចេកវិទ្យារបស់ក្រសួងជាមូលដ្ឋានទ្រទ្រង់ការងារផ្តល់សេវារបស់ក្រសួង និងការងាររដ្ឋបាលផ្ទៃក្នុងក្រសួង»។
លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានប្រាប់ថា ការរៀបចំឱ្យមានប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យកំពង់ផែអេឡិចត្រូនិក (Port EDI) របស់ក្រសួងសាធារណការនេះ នឹងផ្តល់ផលល្អសម្រាប់ក្រុមហ៊ុនឯកជន តាមរយៈការចំណេញពេលវេលា និងមានសុវត្ថិភាព។
លោកបានបញ្ជាក់ថា៖ «បច្ចុប្បន្នរាល់ការធ្វើបែបបទនាវាចរណ៍ ចេញ-ចូល គឺត្រូវចំណាយពេលរង់ចាំយូរ មានការលំបាក និងនីតិវិធីស្មុគស្មាញ។ ប៉ុន្តែនៅពេលប្រព័ន្ធ Port EDI នេះដំណើរការ វានឹងជួយសម្រួលដល់ការធ្វើបែបបទឱ្យងាយស្រួលជាងមុន ចំណេញពេលវេលា មានប្រសិទ្ធភាព និងតម្លាភាពផងដែរ»។
ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងត្រៀមលក្ខណៈផ្នែកបច្ចេកវិទ្យាដើម្បីចាប់ផ្តើមអនុវត្តការប្រើប្រាស់ប្រព័ន្ធ Port EDI ដែលក្នុងនោះរួមមាន៖ ការទទួលខុសត្រូវលើការធានាដំណើរការប្រព័ន្ធ ការរៀបចំឯកសារពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការប្រមូលចំណូលពីការបង់កម្រៃសេវាសាធារណៈ និងការត្រៀមលក្ខណៈផ្នែកបច្ចេកទេសដើម្បីដាក់ដំណើរការប្រព័ន្ធនេះនៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២២ ខាងមុខនេះ។
ប្រព័ន្ធ Port EDI គឺជាការធ្វើទំនើបកម្មទ្រង់ទ្រាយធំលើការត្រួតពិនិត្យនាវាចរណ៍ចេញ-ចូលនៅកម្ពុជា ដោយប្តូរការធ្វើការដោយដៃ មកធ្វើការលើប្រព័ន្ធអនឡាញវិញ។ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងជំរុញគម្រោងប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិកនៅតាមកំពង់ផែគោលដៅ ដោយបានរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) ដើម្បីធ្វើឱ្យការអនុវត្តគម្រោងប្រព័ន្ធនេះកាន់តែមានភាពល្អប្រសើរ មានភាពងាយស្រួល និងស្របតាមច្បាប់ជាធរមាន៕