ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានស្នើប្រទេសឥណ្ឌូនេស៊ីជួយជំរុញឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជា-ឥណ្ឌូនេស៊ី ឱ្យបានឆាប់ឡើងវិញ ដើម្បីបង្កើនភាពទាក់ទាញទេសចរណ៍រវាងប្រទេសទាំង ២ ខណៈចំនួនទេសចរឥណ្ឌូនេស៊ីមកកម្ពុជារយៈពេល ៤ ខែដើមឆ្នាំ ២០២២ បានកើនជិត ៦០០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។
សំណើនេះត្រូវបានលោក ថោង ខុន លើកឡើងកាលពីចុងសប្តាហ៍មុនក្នុងឱកាសជាមួយអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា លោក Y.M. Sudir-man Haseng ដែលតំណាង លោក Sandiaga Salahudin Uno រដ្ឋមន្រ្តីទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតឥណ្ឌូនេស៊ី ដើម្បីប្រគល់ជូនអនុស្សរណៈយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា និងឥណ្ឌូនេស៊ី ដែលបានចុះហត្ថលេខាតាមរយៈប្រព័ន្ធអនឡាញ កាលពីក្នុងអំឡុងវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ ២០២២ នៅខេត្តព្រះសីហនុ។
ជាកិច្ចចាប់ផ្តើម លោក ថោង ខុន បានកោតសរសើរចំពោះប្រទេសឥណ្ឌូនេស៊ី ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងឆាកអន្តរជាតិក្នុងបរិបទវិបត្តិកូវីដ ១៩ និងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ពិសេសធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍អាស៊ាន ២០២៣ (ATF-2023) និងកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ ២០២៣។
លោកថ្លែងថា៖ «ខ្ញុំសូមស្នើឯកឧត្តម Y.M. Sudirman Haseng ជួយជំរុញឱ្យមានជើងហោះហើរត្រង់រវាងគោលដៅទេសចរណ៍កម្ពុជា-ឥណ្ឌូនេស៊ី ស្របតាមស្មារតីអនុស្សរណៈខាងលើឱ្យបានឆាប់»។
ជាមួយគ្នានេះ លោក Y.M. Sudirman Haseng ក៏បានអរគុណដល់ក្រសួងទេសចរណ៍កម្ពុជា ដែលតែងតែគាំទ្រដល់សកម្មភាពផ្សព្វផ្សាយទេសចរណ៍ និងវប្បធម៌រវាងប្រទេសទាំង ២ ហើយលោកក៏សន្យានឹងបន្ត និងពង្រឹងទំនាក់ទំនងប្រទេសទាំង ២ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ឱ្យកាន់តែរឹងមាំ និងប្រសើរថែមទៀត។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ី-ប៉ាស៊ីហ្វិកកម្ពុជា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ២៦ ខែមិថុនាថា កន្លងមកទោះបីរដ្ឋាភិបាលកម្ពុជាបានខិតខំជំរុញឱ្យមានការហោះហើរត្រង់រវាងកម្ពុជា-ឥណ្ឌូនេស៊ី ក៏ការតភ្ជាប់នេះ គឺមិនទាន់ទទួលបានភ្ញៀវច្រើននៅឡើយទេ។
លោកថ្លែងថា៖«ឥណ្ឌូនេស៊ីជាទីផ្សារធំ និងមានសក្តានុពលនៅក្នុងវិស័យទេសចរណ៍ ប៉ុន្តែកន្លងមកកម្ពុជាមិនទាន់ទទួលជោគជ័យក្នុងការទទួលបានចំនួនភ្ញៀវទេសចរឥណ្ឌូនេស៊ីច្រើនទេ ខណៈប្រទេសជិតខាង (វៀតណាម) ទទួលបានជោគជ័យខ្លាំងចំពោះការទទួលទេសចរពីឥណ្ឌូនេស៊ី»៕