ភ្នំពេញៈ ទិន្នផលម្រេចកម្ពុជាក្នុងឆ្នាំ ២០២២ អាចកើនលើសឆ្នាំមុនប្រមាណ ១០ ភាគរយ ខណៈការប្រមូលផលនៅពេលនេះសម្រេចបានជាង ៩០ ភាគរយហើយ។ នេះបើតាមអ្នកនៅក្នុងផលិតកម្មម្រេចកម្ពុជា។
ប្រធានសមាគមលើកកម្ពស់ម្រេចកំពត ដែលជាផលិតផលសម្គាល់ភូមិសាស្ត្រ (GI) លោក ងួន ឡាយ បានប្រាប់ភ្នំពេញ-ប៉ុស្តិ៍ នាថ្ងៃទី ២៧ ខែមិថុនា ថា អាកាសធាតុដែលមានភ្លៀងធ្លាក់ច្រើនកាលពីអំឡុងខែកុម្ភៈ មីនា និងមេសា បានធ្វើឱ្យផលម្រេចកំពតក្នុងឆ្នាំនេះអាចកើនឡើងប្រមាណ ១០ ភាគរយ បើធៀបឆ្នាំ ២០២១ ហើយផលម្រេចរបស់ចម្ការខ្នាតតូច និងមធ្យមក៏ត្រូវបានក្រុមឈ្មួញធ្វើកិច្ចសន្យាបញ្ជាទិញអស់ស្ទើរ ១០០ ភាគរយផងដែរ។ ការធ្លាក់ភ្លៀងច្រើនមិនត្រឹមតែធ្វើឱ្យម្រេចបានផលច្រើនប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយកាត់បន្ថយការចំណាយយ៉ាងច្រើនទៅលើតម្លៃប្រេងបូមទឹកស្រោចដើមម្រេចផងដែរ។
លោកនិយាយថា៖ «បើមើលតាមកិច្ចសន្យាដែលឈ្មួញបានបញ្ជាទិញពីកសិករក្នុងសមាគម ខ្ញុំគិតថា ការនាំចេញម្រេចកំពតក្នុងឆ្នាំ ២០២២ នឹងមានចំនួនច្រើនជាងឆ្នាំ ២០២១ ដែលពេលនោះម្រេចកំពតត្រូវបាននាំចេញប្រមាណ ១១៤ តោន ក្នុងចំណោមផលដែលប្រមូលបានក្នុងរង្វង់ ១២៥ តោន»។
ទាក់ទងនឹងកម្លាំងពលកម្ម លោក ងួន ឡាយ បានបញ្ជាក់ថា ក្នុងចង្វាក់ផលិតកម្មម្រេចពេលបច្ចុប្បន្នក៏កំពុងប្រឈមនឹងកង្វះកម្លាំងពលកម្មច្រើនដែរ ដោយមានតែមនុស្សចាស់នៅផ្ទះប៉ុណ្ណោះ ដែលនៅបន្តធ្វើការងារនេះ។
យោងតាមលោក ងួន ឡាយ ខ្នាតតូច សំដៅដល់ចម្ការដែលមានម្រេច ពី ១០០-១ ៥០០ គុម្ព និងមធ្យម មានម្រេចចន្លោះពី ១ ៥០០-៣ ០០០ គុម្ព និងលើសពី ៣ ០០០ គុម្ព ត្រូវបានចាត់ទុកថាខ្នាតធំ។ ជាមធ្យម ១ ហិកតា គេអាចដាំម្រេចបានប្រហែល ២ ៥០០ គុម្ព។
ជាធម្មតាដំណាំម្រេចត្រូវបានកសិករប្រមូលផលចន្លោះពីខែមករា ដល់ចុងខែមិថុនានៃឆ្នាំនីមួយៗ ប៉ុន្តែការប្រមូលផលនឹងត្រូវអូសបន្លាយពី ២៥-៦០ ថ្ងៃបន្ថែម បើគេចង់បានម្រេចក្រហម ឬម្រេចសច្រើន។
សម្រាប់ម្រេចកំពត (GI) គឺម្រេចខ្មៅមានតម្លៃ ១៥ ដុល្លារក្នុង ១ គីឡូក្រាម, ម្រេចក្រហម ២៥ ដុល្លារ និងម្រេចស តម្លៃ ២៨ ដុល្លារ ដែលតម្លៃនេះនៅទ្រឹង ៦-៧ ឆ្នាំមកហើយ។
ប្រធានសមាគមលើកកម្ពស់ម្រេចកំពតលើកឡើងទៀតថា៖ «ការនាំចេញផលិតផលម្រេចកំពត (GI) ត្រូវរំពឹងថា នឹងមានកំណើនខ្ពស់បន្ថែមទៀត ខណៈពីមុន ម្រេចកំពតមានតែទីផ្សារនៅតំបន់អឺរ៉ុបប៉ុណ្ណោះ ប៉ុន្តែពេលនេះវាក៏ត្រូវបានគេនាំចេញទៅកាន់ប្រទេសនៅតំបន់មជ្ឈិមបូព៌ាផងដែរ»។
លោក ម៉ាក់ នី ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជាបានប្រាប់ថា ការប្រមូលផលម្រេចនៅទូទាំងប្រទេសពេលនេះ សម្រេចបានជាង ៩០ ភាគរយហើយ ខណៈទិន្នផលអាចកើនប្រមាណ ១០ ភាគរយបើធៀបទៅនឹងឆ្នាំមុន។ ចំណែកតម្លៃម្រេចពេលនេះ គឺប្រហាក់ប្រហែលឆ្នាំមុន ប៉ុន្តែបើតាមការព្យាករ វាអាចកើនឡើងបន្តិចនៅ ២-៣ ខែខាងមុខ។ ភាពល្អប្រសើរនៃតម្លៃ និងបរិមាណការបញ្ជាទិញ គឺដោយសារស្ថានភាពសេដ្ឋកិច្ចពិភពលោកចាប់ផ្តើមល្អបើធៀបនឹងឆ្នាំ ២០២១។
លោកថ្លែងថា៖ «នៅពេលស្ថានភាពសេដ្ឋកិច្ចល្អ ការធ្វើដំណើរកម្សាន្តនឹងកើនឡើង ហើយពេលនោះតម្រូវការប្រើប្រាស់ និងបរិភោគក៏កើនឡើងទៅតាមនោះដែរ»។
បើតាមលោក ម៉ាក់ នី ទីផ្សារនាំចេញម្រេចកម្ពុជាធំជាងគេ គឺប្រទេសវៀតណាម ដែលអាចមានចន្លោះ ៧០-៨០ ភាគរយ និងទីផ្សារប្រទេសថៃមានប្រហែល ១៥ ភាគរយ ក្រៅពីនេះគឺទីផ្សារនាំចេញទៅកាន់គោលដៅផ្សេងៗទៀត។
នៅកម្ពុជា ផ្ទៃដីដាំម្រេចអាចមានជាង ៦ ពាន់ហិកតា ហើយក្នុង ១ ហិកតា អាចផ្តល់ផលជាមធ្យមចន្លោះពី ៣-៤ តោន។
របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថារយៈពេល ៥ ខែដើមឆ្នាំ ២០២២ ការនាំចេញម្រេចសម្រេចបាន ៥ ៥៥៨,៥៨ តោន ថយចុះ ២៥,៥ ភាគរយ។ ក្នុងនោះនាំចេញទៅវៀតណាម ៥ ១៣១,៥១ តោន, អាល្លឺម៉ង់ ៣៥៥,៧៨ តោន, កោះតៃវ៉ាន់ ២១ តោន, ម៉ាឡេស៊ី ១៣,៦៤ តោន, បារាំង ១០,៥១ តោន។ ចំណែកប្រទេសផ្សេងៗទៀតមានដូចជា បែលហ្ស៊ិក, ជប៉ុន, ឆេក, ស៊ុយអ៊ែត, កាណាដា, អាមេរិក, ឥណ្ឌា, ចក្រភពអង់គ្លេស, កាហ្សាក់ស្ថាន, កូរ៉េ និងប្រទេសអូស្ត្រាលី។
កាលពីឆ្នាំ ២០២១ កម្ពុជានាំចេញម្រេច ២៨ ០៧៤ តោន កើនឡើង ៤៥២,៧២ ភាគរយបើធៀបនឹងឆ្នាំ ២០២០។ នេះបើតាមក្រសួងកសិកម្ម៕