ភ្នំពេញៈ កម្ពុជារំពឹងនឹងបង្កើនចំនួនជើងហោះហើរជាមួយប្រទេសចិននៅក្នុងពេលឆាប់ៗ បន្ទាប់ពីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា (SSCA) បានដាក់សំណើទៅអាជ្ញាធរជាតិអាកាសចររបស់ចិនកាលពីចុងខែមុន។
ការស្នើនេះធ្វើឡើងបន្ទាប់ពីមានការកើនឡើងនៃតម្រូវការជើងហោះហើររវាងប្រទេសទាំង ២ ចាប់តាំងពីកម្ពុជាបានបើកដំណើរការសេដ្ឋកិច្ចសង្គមពេញលេញឡើងវិញកាលពីដើមខែវិច្ឆិកា ឆ្នាំមុន។
លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ SSCA បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ៤ ខែកក្កដាថា ដើម្បីឆ្លើយតបនឹងតម្រូវការជើងហោះហើរពីចិនមកកម្ពុជា SSCA បានដាក់សំណើទៅអាជ្ញាធរអាកាសចរណ៍របស់ប្រទេសចិនតាមរយៈស្ថានទូតចិនប្រចាំកម្ពុជាកាលពីចុងខែមិថុនា ដើម្បីបង្កើនចំនួនការហោះហើរនេះ។
លោកបន្តថា៖ «យើងមើលឃើញថាមានចំនួនទេសចរចិនជាច្រើនចូលនិងចេញពីប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដូច្នេះមានតម្រូវការនៅក្នុងការបង្កើនចំនួនជើងហោះហើរពីកម្ពុជាទៅប្រទេសចិន ខណៈបច្ចុប្បន្នមានជើងហោះហើរចំនួន ២ បានចេញពីប្រទេសកម្ពុជា និងចំនួន ២ ទៀតចេញពីចិនមកកម្ពុជាក្នុង ១ សប្តាហ៍»។ លោកបន្ថែមថា៖ «ខ្ញុំគិតថា ពួកគេនឹងយល់ព្រមក្នុងពេលឆាប់ៗ ដូច្នេះយើងនឹងមានជើងហោះហើរចំនួន ២ ចេញពីប្រទេសយើង និង ៤ មកពីប្រទេសចិន»។
លោកបន្តថា បច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍ចំនួន ៣ កំពុងប្រតិបត្តិការលើផ្លូវហោះហើរនេះ ហើយលោករំពឹងថា នឹងមានក្រុមហ៊ុនអាកាសចរណ៍កាន់តែច្រើនក្នុងរយៈពេលជាច្រើនខែខាងមុខ ដោយសារស្ថានភាពការរីករាលដាលជំងឺកូវីដ ១៩ មានភាពប្រសើរ។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហិ្វក បានឱ្យដឹងថា នឹងមានសញ្ញាវិជ្ជមានពីការហោះហើរពីចិនមកកម្ពុជា ព្រោះទេសចរចិនដើរតួនាទីសំខាន់សម្រាប់ការស្ទុះងើបឡើងវិញនៃឧស្សាហកម្មទេសចរណ៍ដែលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារការរីករាលដាលជំងឺកូវីដ ១៩ ក្នុងរយៈពេលជាង ២ ឆ្នាំ។
លោកថ្លែងថា៖ «ខ្ញុំយល់ស្របចំពោះការមើលឃើញជើងហោះហើរកាន់តែច្រើនពីប្រទេសចិន ដោយសារភ្ញៀវទេសចរចិនមានចំនួនជិត ៤០ ភាគរយ នៃភ្ញៀវទេសចរសរុបទូទាំងពិភពលោក។ នៅពេលយើងមានជើងហោះហើរកាន់តែច្រើន មានន័យថា យើងផ្តល់មធ្យោបាយធ្វើដំណើរកាន់តែងាយស្រួលសម្រាប់ពួកគេ»។
លោកលើកឡើងថា៖ «អ្នកប្រហែលជាដឹងហើយថាថ្មីៗនេះ រដ្ឋាភិបាលចិនកំពុងដាក់កំហិតលើការធ្វើដំណើរចេញទៅក្រៅប្រទេស ដោយសារតែការព្រួយបារម្ភអំពីការរីករាលដាលជំងឺកូវីដ ១៩។ ដូច្នេះបើយើងមានជើងហោះហើរកាន់តែច្រើនមកពីប្រទេសចិន វាមានន័យថា រដ្ឋាភិបាលពួកគេអនុញ្ញាតឱ្យប្រជាជនរបស់ខ្លួនកាន់តែច្រើនមកប្រទេសយើង។ ដូច្នេះពួកគេទាំងនោះនឹងស្នាក់នៅកាន់តែយូរ ហើយចំណាយកាន់តែច្រើននៅទីនេះ»៕