​ភ្នំពេញៈ កម្ពុជា​បាន​បង្កើត​ប្រព័ន្ធ​សម្គាល់​អត្តសញ្ញាណ​អតិថិជន​ឌីជីថល​ (e-KYC) សម្រាប់​ផ្ទៀងផ្ទាត់ និង​ផ្គូផ្គង ឬ​កំណត់​អត្តសញ្ញាណ​អតិថិជន ដើម្បី​ចៀសវាង​ហានិភ័យ​ក្នុងការ​ក្លែងបន្លំ និង​ការប្រព្រឹត្ត​បទ​ល្មើស​បច្ចេកវិទ្យា​ផ្សេងៗ​ទៀត នៅពេល​អតិថិជន​បើក​គណនី​ប្រើប្រាស់​ប្រព័ន្ធ​បាគង​។​

​ការរៀបចំ​ប្រព័ន្ធ​សម្គាល់​អត្ត​សញ្ញាណ​អតិថិជន e-KYC នេះ ត្រូវបាន​ធ្វើឡើង​រវាង​ធនាគារ​​ជាតិ​នៃ​កម្ពុជា និង​មជ្ឈមណ្ឌល​​បណ្តុះ​ធុរកិច្ច​ថ្មី ​«​តេ​ជោ​»​ នៃ​ក្រ​សួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដែល​ត្រូវ​បានប្រកាស​នៅក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់ និង​ការប្រកាស​ដាក់ឱ្យ​ដំណើរការ​កម្មវិធី CamDigiKey ជំនាន់​ ២.០ កាលពី​ថ្ងៃ​ទី ​៤ ខែ កក្កដា ឆ្នាំ ​២០២២​។​

​លោក គង់ ម៉ា​រី អនុ​រដ្ឋលេខា​ធិ​ការ​ក្រសួង​សេដ្ឋកិច្ច និង​ហិ​​រញ្ញ​វត្ថុ និង​ជា​ប្រធាន​ក្រុមការងារ​អន្តរក្រសួង​អនុវត្ត​ប្រព័ន្ធ​សម្គាល់​អត្តសញ្ញាណ​អតិថិជន​ឌីជីថលបានឱ្យដឹងថា ការចុះ​អនុ​ស្ស​​រណៈ​យោគយល់​គ្នា​ជាមួយនឹង​ធនាគារជាតិ​នេះ គឺ​ដើម្បី​ជំរុញ​ការប្រើប្រាស់ e-KYC នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ និង​ធនាគារ ស្រប​ពេលដែល​កម្មវិធី​ទូរស័ព្ទ CamDigiKey ជំនាន់ ២.០​ ដាក់ឱ្យ​ដំណើរការ​ដែលជា​យន្តកា​រ​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​បុគ្គល​នៃ​ថ្នាល e-KYC​។​

​លោក​បាន​បន្ថែមថា យន្តការ​សម្រាប់​ការចូលទៅ​ប្រើប្រាស់​សេវា​ភាគច្រើន​ គឺជា​ការ Log in ដោយ​ប្រើប្រាស់ Username និង Password ដែលជា​ហេតុ​ធ្វើឱ្យ​សេវា​មួយ​ត្រូវមាន​គណនី​មួយ ហើយ​គណនី​នោះ​មិនអាច​បញ្ជាក់​អំពី​អត្តសញ្ញាណ​ពិត​​ប្រាកដ​បានឡើយ​។​

​លោក​បញ្ជាក់ថា​៖ «​កន្លងទៅ​វិស័យ​ឯកជន ពិសេស​វិស័យ​ធនាគារ​បាន​លើកសំណើ​មក​រាជរដ្ឋាភិបាល តាមរយៈ​វេទិកា​រដ្ឋាភិបាល​​ផ្នែក​ឯកជន ដើម្បី​អាច​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​អតិថិជន​របស់ខ្លួន តាមរយៈ​ការ​​ត​ភ្ជាប់​មកកាន់​ទិន្នន័យ​របស់​រដ្ឋ​។ តប​តាម​សំណើ​នេះ​ក្រសួង​សេដ្ឋកិច្ច​ក៏បាន​រៀបចំ​ជា​ប្រព័ន្ធ e-KYC ឡើង ដើម្បី​ប្រើប្រាស់​ជា​យន្តការ​ក្នុង​ការតភ្ជាប់​ជាមួយ​ព័ត៌មាន​អត្តសញ្ញាណ​កម្ម​របស់​ក្រសួងមហាផ្ទៃ​»​។​

​លោកស្រី ជា សិរី អគ្គនាយិកា​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជាបាន​ប្រាប់ថា បច្ចុប្បន្ន​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ដែល​ចុះឈ្មោះ​អតិថិជន​ប្រើ​​ប្រាស់​ប្រព័ន្ធ​បាគង​បាន​អនុវត្ត​នីតិវិធី​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​អតិថិជន ​(e-KYC) តាម​វិធី​សាស្ត្រ Manual Approach នៅតាម​បញ្ជរ​របស់​គ្រឹះស្ថាន ឬ​កំណត់​អត្តសញ្ញាណ​អតិថិ​ជន​តាម​វិធាន​ដោយឡែក​ពីគ្នា​របស់​គ្រឹះស្ថាន​នីមួយៗ​។​

​ទោះបីយ៉ាងណា លោកស្រី​បន្ថែមថា ការអនុវត្ត​បែបនេះ​ជា​វិធីសាស្ត្រ​បែប​ប្រពៃណី​នៅ​ពុំ​​ទាន់​មាន​ភាពងាយស្រួល នឹង​អាច​បង្កឱ្យមាន​ហានិភ័យ​ក្នុងការ​ក្លែងបន្លំ និង​ការប្រព្រឹត្ត​បទ​​ល្មើស​បច្ចេកវិទ្យា​ផ្សេងៗ​ទៀត​។

​លោកស្រី​បញ្ជាក់ថា​៖ «​អនុ​ស្សរណៈ​នេះ ផ្តោត​សំខាន់​លើ​ចំណុច​ចម្បងៗ​ដូចជា ការរៀប​​ចំ​កសាង​ប្រព័ន្ធ​សម្គាល់​អត្ត​សញ្ញាណ​អតិថិជន​ឌីជីថល​ក្នុង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​, ការចូលរួម​សាកល្បង​អនុវត្ត និង​ប្រើប្រាស់​ប្រព័ន្ធ​សម្គាល់​អត្តសញ្ញាណ​អតិថិជន​ឌីជីថល និង​ចែករំលែក​បទពិសោធ​ទៅវិញទៅមក​ទាំង​ទិដ្ឋភាព​បច្ចេក​​ទេស ទិដ្ឋភាព​ធុរកិច្ច​ក្នុង​ប្រព័ន្ធ​សម្គាល់​អត្តសញ្ញាណ​អតិថិជនឌីជីថល​»៕