ភ្នំពេញៈ ក្រុមហ៊ុន GVT Motor Co., Ltd ដែលមានមូលដ្ឋាននៅអឺរ៉ុប បានបណ្តាក់ទុនប្រមាណ ១៥,៦ លានដុល្លារ បង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា ដែលជាការពង្រីកវត្តមានរបស់ខ្លួន និងទាញយកសក្តានុពលដ៏ធំនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
គម្រោងវិនិយោគនេះត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី ១៧ ខែមិថុនា។ រោងចក្រដំឡើងរថយន្តនេះស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៣ ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងបង្កើតការងារថ្មីចំនួន ៧៣៨ កន្លែង។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា ការវិនិយោគនេះបង្ហាញពីទំនុកចិត្ត និងការជឿជាក់របស់វិនិយោគិនក្នុងស្រុក និងបរទេស ជាពិសេសពួកគេយល់អំពីអត្ថប្រយោជន៍ដែលកម្ពុជាបានធ្វើកំណែទម្រង់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីកាន់តែច្រើន។
លោកថ្លែងថា៖ «ខ្ញុំបានកត់សម្គាល់ឃើញថា យើងទទួលបានរំហូរវិនិយោគក្នុងវិស័យថ្មីៗជាច្រើនក្រៅពីឧស្សាហកម្មបែបប្រពៃណី គឺវិស័យកាត់ដេរ និងវាយនភណ្ឌ។ នេះបញ្ជាក់ពីការជឿជាក់ និងទំនុកចិត្តរបស់វិនិយោគិនលើកំណើនសេដ្ឋកិច្ច ស្ថិរភាពនយោបាយ និងកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ព្រមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗទៀត ដែលយើងបានកំពុងធ្វើហើយនឹងមានបន្ថែមទៀត»។
លោកបន្តថា៖ «ការវិនិយោគនេះនឹងជួយជំរុញការធ្វើពិពិធកម្មផ្នែកសេដ្ឋកិច្ច និងធ្វើឱ្យកំណើនសេដ្ឋកិច្ចយើងកាន់តែមាននិរន្តរភាព»។
លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាក៏និយាយថា ជាមួយនឹងកំណែទម្រង់ស៊ីជម្រៅរបស់រដ្ឋាភិបាល ពិសេសច្បាប់វិនិយោគថ្មីល្អប្រសើរនៃហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ក៏ដូចជា FTAs ក្នុងតំបន់ និងសកលលោក ជាកត្តាដ៏សំខាន់ក្នុងការទាក់ទាញការវិនិយោគ។
លោកថ្លែងថា៖ «ការសម្រេចចិត្តវិនិយោគរបស់ក្រុមហ៊ុននេះ គឺឆ្លុះបញ្ចាំងពីកិច្ចខិតខំរបស់រដ្ឋាភិបាល។ ការវិនិយោគលើឧស្សាហកម្មថ្មីបន្ថែមលើវិស័យកាត់ដេរ គឺជាដំណាក់កាលដ៏សំខាន់បង្ហាញអំពីការអភិវឌ្ឍបន្តិចម្តងៗនៃឧស្សាហកម្មរថយន្តនៅកម្ពុជា ដោយក្រុមហ៊ុននេះមិនត្រឹមតែផ្គត់ផ្គង់ក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំគិតថាអាចនឹងនាំចេញផងដែរ»។
លោកបន្ថែមថា៖ «សម្រាប់ការវិនិយោគលើវិស័យយានយន្ត គឺជាការវិនិយោគរយៈពេលវែង ដែលនឹងជួយសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរឹងមាំ និងអាចបង្កើនចំណូលពន្ធជូនរដ្ឋ និងជាពិសេសបង្កើតការងារកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋ»។
GTV គឺជាក្រុមហ៊ុនដ៏រឹងមាំបំផុតមួយនៅអឺរ៉ុបខាងកើត។ រយៈពេលជាង ១៥ ឆ្នាំមកហើយ ដែល GTV បានរក្សាតំណែងឈានមុខគេក្នុងវិស័យផ្គត់ផ្គង់គ្រឿងបន្លាស់សម្រាប់រថយន្តថ្មី និងរថយន្តជជុះ និងសេវាកម្មពាក់ព័ន្ធដោយផ្តល់ជូននូវទំនិញ និងសេវាកម្មដ៏ធំទូលាយ។ នេះបើយោងតាមក្រុមហ៊ុន។
កាលពីថ្ងៃទី ១៦ ខែមិថុនា Ford ដែលជាក្រុមហ៊ុនរថយន្តឈានមុខគេរបស់អាមេរិកបានសម្ពោធរោងចក្រដំឡើងរថយន្តនៅខេត្តពោធិ៍សាត់។ រោងចក្រនេះអាចដំឡើងរថយន្តបាន ៩ ០០០ គ្រឿង ក្នុង ១ ឆ្នាំៗ៕