ភ្នំពេញ៖ វៀតណាម ផ្តល់ការសិក្សាអំពីបច្ចេកទេសផលិតកូនត្រីដល់វារីវប្បករកម្ពុជា ក្រោមការគាំទ្រថវិកាដោយគម្រោងខាស់ (CAST) និងសមាគមសណ្តែកសៀងអាមេរិក (ASA) ដើម្បីពង្រឹងសមត្ថភាពក្នុងការបង្កាត់ និងផលិតកូនត្រីឱ្យកាន់តែមានគុណភាពល្អ និងបរិមាណច្រើន ក្នុងតម្លៃប្រកួតប្រជែងនៅលើទីផ្សារ។
នៅក្នុងសប្តាហ៍នេះ ចាប់ពីថ្ងៃទី ០៤ ដល់ ១០ ខែ កក្កដា សមាគមវារីវប្បករនៅកម្ពុជា បានដឹកនាំសមាជិក ដែលជាអ្នកបង្កាត់ពូជត្រី និងអ្នកផលិតកូនត្រី ទៅធ្វើទស្សនកិច្ចសិក្សានៅប្រទេសវៀតណាម ពិសេសទៅរៀនសូត្រអំពីបច្ចេកទេសផលិតកូនត្រីនៅសាកលវិទ្យាល័យកាន់ថឺ ទីក្រុងកាន់ថឺ តំបន់ដីសណ្តទន្លេមេគង្គ ភាគខាងត្បូងប្រទេសវៀតណាម។
លោក ឡែម ផូវររិទ្ធ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា មុនសមាជិក ដែលជា អ្នកបង្កាត់ពូជត្រី និងអ្នកផលិតកូនត្រី ទៅទស្សនកិច្ចសិក្សានៅវៀតណាមនេះ អ្នកជំនាញនៃសាកលវិទ្យាល័យកាន់ថឺ បានមកបណ្តុះបណ្តាលដល់វារីវប្បករ នៅកម្ពុជា ចំនួន ៦លើករួចមកហើយ ប៉ុន្តែដោយសារនៅកម្ពុជាកង្វះខាតឧបករណ៍ និងគ្រឿងបរិក្ខារទំនើប និងរៀនសូត្រត្រឹមតែទ្រឹស្តី ទើបគម្រោងខាស់ (CAST) និង ASA ផ្តល់ការឧបត្ថម្ភដល់វារីវប្បករ ទៅប្រទេសវៀតណាម ដើម្បីមើល និងសិក្សាបន្ថែមពីដំណើរការនៃការផលិតពូជត្រីរបស់គេ។
លោកបានបញ្ជាក់ថា៖ «យើងរំពឹងថា សមាជិករបស់យើង ដែលជាអ្នកបង្កាត់ពូជត្រី និងផលិតកូនត្រី នឹងទទួលបានចំណេះ និងបទពិសោធបន្ថែមពីដំណើរទស្សនកិច្ចសិក្សានេះ ដោយនឹងអាចជំរុញឱ្យគាត់វិនិយោគបន្ថែមលើការផលិតកូនត្រីដើម្បីកាត់បន្ថយការនាំចូលពីវៀតណាម ខណៈដែលការផលិតកូនត្រីនាបច្ចុប្បន្ននេះ មានប្រមាណតែ ១ លានកូនក្នុងសមាជិកម្នាក់»។
លោកបានបន្ថែមថា ក្នុងការបណ្តុះបណ្តាលពីអ្នកជំនាញនៃសាកលវិទ្យាល័យកាន់ថឺកន្លងមក ប្រភេទកូនត្រីដែលគេបានបង្រៀនពីរបៀបបង្កាត់និងថែទាំរួមមាន កូនត្រីឆ្តោ កូនត្រីឆ្ពិននិងកូនត្រីប្រា ដែលសុទ្ធតែជាប្រភេទត្រីមានតម្រូវការច្រើននៅលើទីផ្សារ។
លោក ហាវ វិសិដ្ឋ អនុប្រធានរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានប្រាប់ឱ្យដឹងដែរថា ការអភិវឌ្ឍផ្នែកវារីវប្បកម្មរបស់ប្រទេសជិតខាងកម្ពុជា ប្រទេសផ្សេងទៀតក៏ដូចជាក្នុងតំបន់អាស៊ាន បានដើរមុនកម្ពុជាពី ១០ ទៅ ២០ ឆ្នាំ ដូចនេះការសិក្សារៀនសូត្របន្ថែមពីប្រទេសទាំងនេះ គឺជាឱកាសល្អ សម្រាប់ពង្រឹងអនុវិស័យជលផលរបស់កម្ពុជា។
លោកបានបន្ថែមថា ការផលិតកូនត្រីរបស់កម្ពុជា មានការកើនឡើងជាលំដាប់ ប៉ុន្តែមិនទាន់គ្រប់គ្រាន់តាមតម្រូវការនៅឡើយ ដែលទាមទារឱ្យជំរុញការផលិតបន្ថែមទៀត ដោយរដ្ឋជលផល ក្រោមជំនួយពីសហភាពអឺរ៉ុប នឹងទទួលបានការបណ្តុះបណ្តាលបន្ថែមទៀតពីអ្នកជំនាញពីក្រៅប្រទេស ជុំវិញបច្ចេកទេសផលិតកូនត្រី នៅអំឡុងខែសីហា ខាងមុខនេះ។
លោកបានគូសបញ្ជាក់ថា៖ «ក្រោយទទួលបានការបណ្តុះបណ្តាលបច្ចេកទេសពីអ្នកជំនាញហើយ យើងបន្តបណ្តុះបណ្តាលចំណេះដឹងដល់អ្នកផលិតកូនត្រីនៅក្នុងស្រុក។ដាច់ខាត យើងត្រូវតែពង្រីកការផលិតកូនត្រី ដើម្បីបង្កើនផលវារីវប្បកម្ម សំដៅកាត់បន្ថយការនាំចូលពីក្រៅប្រទេស»។
ថ្លែងនៅក្នុងទិវាមច្ឆាជាតិ កាលពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២២ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងនេសាទ បានឱ្យដឹងថា ក្រសួងបានជំរុញការអភិវឌ្ឍវារីវប្បកម្ម តាមគ្រប់រូបភាពដល់ប្រជាកសិករនិងអ្នកវិនិយោគ ដើម្បីធានាបាននូវការផ្គត់ផ្គង់ត្រី កាត់បន្ថយការនាំចូល រក្សាបានតុល្យភាពតម្លៃទីផ្សារ ធានាបាននូវគុណភាពននិងសុវត្ថិភាពដល់អ្នកបរិភោគ។
លោកបានបញ្ជាក់ថា៖ «ក្រសួងបានផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់ផ្នែកវារីវប្បកម្ម ដើម្បីបង្កើនប្រាក់ចំណូលផងដែរ។ជាទិសដៅ គោលនយោបាយរបស់ក្រសួង គឺបង្កើនការគ្រប់គ្រងធនធានជលផលឱ្យមានប្រសិទ្ធភាព និងនិរន្តរភាព តាមរយៈការពង្រឹងការអនុវត្តច្បាប់ស្តីពីជលផល ជំរុញវារីវប្បកម្ម ឱ្យកើនឡើង ២០ ភាគរយនៅក្នុងមួយឆ្នាំ»។
ស្ថិតិពីរដ្ឋបាលជលផលបានបង្ហាញថា កាលពីឆ្នាំ ២០២១ ការផលិតកូនត្រីនៅតាមស្ថានីយនិងមជ្ឈមណ្ឌលវារីវប្បកម្មទូទាំងប្រទេស បូករួមទាំងការផលិតរបស់កសិករ មានសរុបប្រមាណជាង ៣២៤ លានកូន កើនឡើងជាង ៣៧ ភាគរយ បើធៀបនឹងការផលិតក្នុងឆ្នាំ ២០២០ ខណៈដែលតម្រូវការសរុបមានប្រមាណជាង ៥០០ លានកូន៕