ភ្នំពេញៈ រយៈពេល ៥ ខែ ក្នុងឆ្នាំ ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរក្នុងតំបន់អាស៊ានប្រមាណជាង ២១ ម៉ឺននាក់កើនជាង ២៨២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ដែលក្នុងនោះភ្ញៀវមកពីប្រទេសវៀតណាម មានជិត ៥០ ភាគរយ។ នេះបើយោងតាមក្រសួងទេសចរណ៍។
ទិន្នន័យបង្ហាញថា ចាប់ពីខែមករា-ខែឧសភា ឆ្នាំ ២០២២ ភ្ញៀវទេសចរមកពីប្រទេសសមាជិកអាស៊ាន (រួមទាំងទីម័រ) ដែលធ្វើដំណើរមកកម្ពុជា មានសរុប ២១៧ ០៣៨ នាក់ កើន ២៨២,២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ដែលមាន ៥៦ ៧៨៩ នាក់។ ភ្ញៀវតំបន់អាស៊ានគឺស្មើនឹង ៦៣,២ ភាគរយនៃចំនួនភ្ញៀវបរទេសទាំងអស់ដែលមកកម្ពុជាចំនួន ៣៤៣ ៤៦៤ នាក់ ក្នុងរយៈពេលខាងលើ។
យោងតាមក្រសួងទេសចរណ៍ ក្នុងចំណោមភ្ញៀវបរទេសទាំង ២១៧ ០៣៨ នាក់ គឺមកពីវៀតណាម មាន ១០៦ ៦២៨ នាក់ កើន ១ ៧២៨ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំមុន, ថៃ ៦៨ ៨៨៧ នាក់ កើន ៤៨,៥ ភាគរយ, ឥណ្ឌូនេស៊ី ១៦ ៨៦១ នាក់ កើន ៤៣៧,៣ ភាគរយ, ម៉ាឡេស៊ី ១០ ៨៣០ នាក់ កើន ១ ៣៤៥,៩ ភាគរយ, សិង្ហបុរី ៥ ៧៣៧ នាក់ កើន ៣ ២៥៥ ភាគរយ, ហ្វីលីពីន ៥ ២៦០ នាក់កើន ១ ៣២៩,៣ ភាគរយ, មីយ៉ាន់ម៉ា ១ ៦៥៥ នាក់ កើន ១ ៥២២,៥ ភាគរយ, ឡាវ ១ ០១០ នាក់ កើន ២ ៩៦០ ភាគរយ, ចំណែកប្រទេសប្រ៊ុយណេ ៩៧ នាក់ និងទីម័រ ៧៣ នាក់ កើនឡើងពីសូន្យដូចគ្នា។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ា-ស៊ីហ្វិកកម្ពុជា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ក្នុងថ្ងៃទី ៦ ខែកក្កដាថា ក្នុងកាលៈទេសៈដ៏លំបាកនៃវិបត្តិបណ្តាលពីជំងឺកូវីដ ១៩ គឺមានតែភ្ញៀវក្នុងតំបន់អាស៊ានប៉ុណ្ណោះដែលអាចដើរតួជួយទ្រទ្រង់ និងលើកកម្ពស់វិស័យទេសចរណ៍តាមប្រទេសនីមួយៗនៅក្នុងតំបន់រួមទាំងកម្ពុជា។ ទោះអត្រានៃកំណើនភ្ញៀវក្នុងតំបន់មកកម្សាន្តនៅកម្ពុជាកើនឡើងច្រើន ប៉ុន្តែចំនួននេះគឺនៅទាបខ្លាំងបើធៀបនឹងប្រទេសជិតខាងថៃ និងវៀតណាម។
ជាមួយនឹងភាពសុទិដ្ឋិនិយមលោក ស៊ីណាន បានបញ្ជាក់ថា៖ «ភ្ញៀវទេសចរបណ្តាប្រទេសអាស៊ាននឹងបន្តនាំមុខភ្ញៀវពីប្រទេសដទៃសម្រាប់រយៈពេលយូរថែមទៀត ខណៈសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន នឹងក្លាយជាការបន្ទច់បង្អាក់មួយសម្រាប់ភ្ញៀវមកពីប្រទេស ឬតំបន់ឆ្ងាយៗចូលមកទស្សនាកម្ពុជា»។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ ប្រាប់ថា នេះជាចំណុចចាប់ផ្តើមឡើងវិញនៃវិស័យទេសចរណ៍ ខណៈកម្ពុជា និងប្រទេសនានាលើពិភពលោកកំពុងស្ថិតក្នុងអន្តរកាលនៃការបន្តរងផលប៉ះពាល់ពីវិបត្តិកូវីដ ១៩ និងការធ្លាក់ចុះកំណើនសេដ្ឋកិច្ច។ នៅក្នុងបរិបទដែលកំពុងរងការគំរាមកំហែងពីវិបត្តិជំងឺសកល និងសង្គ្រាមនៅក្នុងតំបន់អឺរ៉ុប (រុស្ស៊ី-អ៊ុយក្រែន) គឺមានតែការធ្វើដំណើរទេសចរណ៍ក្នុងតំបន់ប៉ុណ្ណោះដែលមានសុវត្ថិភាពល្អជាងគេ។
លោកថ្លែងថា៖ «ពេលស្ថានភាពកូវីដ ១៩ មានភាពប្រសើរ ហើយសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ធូរស្រាលចំនួនការធ្វើដំណើរឆ្លងប្រទេសរបស់ប្រជាជនលើពិភពលោកនឹងមានសម្ទុះឡើងវិញជាមិនខាន»។
វិបត្តិនៃការឆ្លងរាលដាលជំងឺកូវីដ ១៩ លើពិភពលោកបានធ្វើឱ្យចំនួនទេសចរបរទេសធ្វើដំណើរចូលមកកម្ពុជាកាលពីឆ្នាំ ២០២១ ធ្លាក់ចុះយ៉ាងគំហុកដោយមានចំនួន ១៩៦ ៤៩៥ នាក់ ថយចុះ ៨០,២ ភាគរយ បើធៀបឆ្នាំ២០២០ ដែលមានចំនួន ១ ៣០៦ ១៤៣ នាក់។ ក្នុងឆ្នាំ ២០១៩ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសជាង ៦,៦១ លាននាក់។ នេះបើតាមក្រសួងទេសចរណ៍៕