ភ្នំពេញៈ សភាពាណិជ្ជកម្មកម្ពុជា (CCC) បានជំរុញម្ចាស់សហគ្រាសក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម (SME) កម្ពុជា គោរព និងអនុវត្តតាមនីតិវិធីច្បាប់ដែលកំណត់ ដើម្បីកាត់បន្ថយភាពស្មុគស្មាញ និងបញ្ហាប្រឈមក្នុងការនាំចេញ។
អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា លោក ងួន ម៉េងតិច បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា កាលពីថ្ងៃទី ៨ ខែកក្កដា CCC បានបើកកិច្ចប្រជុំពិគ្រោះយោបល់មួយស្តីពី «ការនាំចេញរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា» ក្រោមយន្តការភាពជាដៃគូវិស័យសាធារណៈ និងឯកជន ដើម្បីគាំទ្រ និងធ្វើឱ្យប្រសើរឡើងនៃសកម្មភាពនាំចេញនិងប្រមូលធាតុចូល ដែលជាបញ្ហាប្រឈមរបស់ SME ក្នុងការអនុវត្តឱ្យកាន់តែមានភាពងាយស្រួល ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាពសម្រាប់វិស័យឯកជន។
លោកបន្ថែមថា ភាគីពាក់ព័ន្ធបានពិភាក្សាស្វែងយល់បន្ថែមពីមតិយោបល់ និងកង្វល់របស់វិស័យសហគ្រាសធុនតូច និងមធ្យមផ្នែកឯកជន ពិសេសការចែករំលែកបទពិសោធរបស់សមាជិកដែលជាម្ចាស់សហគ្រាសធុនតូច និងមធ្យម។
លោកបញ្ជាក់ថា៖ «មានម្ចាស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាភាគច្រើន បានលើកឡើងអំពីបញ្ហាទាក់ទងនឹងនីតិ-វិធីពន្ធផ្សេងៗ នៅពេលដែលមានប្រតិបត្តិការនាំចេញម្តងៗ។ កន្លងមកព្រោះតែពួកគាត់ មិនសូវបានដឹងគ្រប់ជ្រុងជ្រោយ ដែលធ្វើឱ្យពួកគាត់មានការយល់ច្រឡំថាការធ្វើតាមផ្លូវច្បាប់បែរជាមានគំនាបទៅវិញ»។
លោកស្រី កែវ មុំ ម្ចាស់សហគ្រាសផលិតនំស្រួយលីលីឱ្យដឹងថា បញ្ហារបស់ម្ចាស់ SME ភាគច្រើន គឺការដែលមិនទាន់យល់ច្បាស់អំពីលំហូរការងារ ឬរបៀបរបបនីតិវិធីច្បាប់ ដែលវានឹងនាំឱ្យមានការរាំងស្ទះក្នុងការនាំចេញផលិតផល។
លោកស្រីបញ្ជាក់ថា៖ «ជុំវិញការអនុវត្តតាមនីតិវិធីច្បាប់នេះ ដោយសារកម្រិតនៃការយល់របស់ SME នៅមានកម្រិត ដូចនេះតែងតែជួបការលំបាកមួយចំនួនក្នុងការនាំចេញ»។
ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា លោក តែ តាំងប៉ លើកឡើងថា ការដោះស្រាយបញ្ហាប្រឈមទាក់ទងការអនុវត្តនីតិវិធីច្បាប់ក្នុងស្រុក សមាគមអាចដោះស្រាយបាន ប៉ុន្តែបញ្ហា SME ដែលកំពុងប្រឈម និងពិបាកដោះស្រាយ គឺកង្វះទូកុងតឺន័រសម្រាប់ផ្ទុកទំនិញ និងការឡើងថ្លៃនៃតម្លៃប្រេងឥន្ធនៈ។
លោកប្រាប់ថា៖ «នៅសប្តាហ៍ក្រោយ យើងនឹងបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធលើបញ្ហាប្រេងឡើងថ្លៃ ដែលធ្វើឱ្យការដឹកជញ្ជូនឡើងថ្លៃ»៕