ភ្នំពេញៈ ការនាំចេញស្រូវ-អង្ករពីកម្ពុជាទៅទីផ្សារអន្តរជាតិក្នុងឆមាសទី១ ឆ្នាំ ២០២២ មានបរិមាណសរុបជាង ២ លានតោន ដោយប្រមូលបានប្រាក់ជាង ៦១៥ លានដុល្លារ កើនជិត ១០០ លានដុល្លារបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១។ នេះបើយោងតាមទិន្នន័យពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ទិន្នន័យនាំចេញកសិផលទៅក្រៅប្រទេសផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិនៃក្រសួងកសិកម្មឱ្យដឹងថា ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២២ ការនាំចេញអង្ករមានចំនួន ៣២៧ ២០០ តោនកើនឡើង ១៦,៦៧ ភាគរយបើធៀបទៅនឹងឆមាសទី១ ឆ្នាំ ២០២១ ដែលមានចំនួន ២៨០ ៤៥០ តោន។ ចំណែកការនាំចេញស្រូវ (ទៅវៀតណាម) មានចំនួន ១ ៧៣៣ ១៥៧ តោន (មានវិញ្ញាបនបត្រភូតគាមអនាម័យចំនួន ១ ១៤២ ១៧៥ តោន) កើនឡើង ២,៣៨ ភាគរយពីចំនួន ១ ៦៩២ ៨១៣ តោន។
ដោយឡែកតាមទិន្នន័យខាងលើ ប្រាក់ដែលកម្ពុជាបានពីការនាំចេញស្រូវ-អង្ករ នៅក្នុងឆមាសទី១ ឆ្នាំ ២០២២ គឺមានចំនួនសរុប ៦១៥ ៩៨៨ ៤៥៨ ដុល្លារ (ទឹកប្រាក់នាំចេញស្រូវ ៣៣៦ ២៣២ ៤៥៨ ដុល្លារ និងអង្ករ ២៧៩ ៧៥៦ ០០០ ដុល្លារ) កើន ១៩,១៨ ភាគរយ បើធៀបឆមាសទី ១ ឆ្នាំ ២០២១ ដែលមានចំនួនសរុប ៥១៦ ៨៥៥ ២៩៥ ដុល្លារ (ទឹកប្រាក់នាំចេញស្រូវ ២៧៩ ៣១៤ ១៤៥ ដុល្លា និងអង្ករចំនួន ២៣៧ ៥៤១ ១៥០ ដុល្លារ)។
បើយោងតាមក្រសួងកសិកម្ម អង្ករដែលកម្ពុជានាំទៅទីផ្សារអន្តរជាតិក្នុងឆមាសទី១ ឆ្នាំ ២០២២ រួមមានអង្ករក្រអូបគ្រប់ប្រភេទ ២០៧ ២៧១ តោន ស្មើនឹង ៦៣,៣៥ ភាគរយនៃបរិមាណនាំចេញសរុប, អង្ករស ១១៣ ៦១៧ តោន ស្មើ ៣៤,៧២ ភាគរយ និងអង្ករចំហុយគ្រប់ប្រភេទ ៦ ៣១២ តោន ស្មើនឹង ១,៩៣ ភាគរយ។
ប្រទេសចិន គឺជាទីផ្សារទទួលទិញអង្ករពីកម្ពុជាច្រើនជាងគេ ដោយមានបរិមាណ ១៦៨ ២៨០ តោន កើនឡើង ១៧,៤៤ ភាគរយ, សហភាពអឺរ៉ុប (២៣ ប្រទេស) ៩៨ ៦២៤ តោន កើនឡើង ៤៦,៩០ ភាគរយ, តំបន់អាស៊ាន (៤ ប្រទេស) ២៨ ៦៨០ តោន កើន ៥,៦៩ ភាគរយ និងទិសដៅដទៃទៀត (២៣ ប្រទេស) ៣១ ៦១៦ តោន ថយចុះ ២៦,២៨ ភាគរយ។ នេះបើយោងតាមទិន្នន័យខាងលើ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានឱ្យដឹងថា ការនាំចេញកសិផលសរុបក្នុងឆមាសទី១ ឆ្នាំ ២០២២ មានកំណើន ១៣,០៥ ភាគរយ ក្នុងនោះការនាំចេញអង្ករកើនឡើង ១៦,៦៧ ភាគរយ និងស្រូវកើនឡើងតិចតួច។
លោកថ្លែងថា៖ «ទន្ទឹមនឹងកំណើននាំចេញនេះ យើងក៏សង្កេតឃើញថា ការនាំចេញកសិផលស្រស់មួយចំនួនមានការថយចុះបន្តិចបន្តួច ពិសេសការនាំចេញទៅកាន់ប្រទេសចិន»។
យោងតាមក្រសួងកសិកម្ម បញ្ហាដែលវិស័យកសិកម្មកម្ពុជាកំពុងជួបប្រទះសម្រាប់ការនាំចេញ មានដូចជា កង្វះទូត្រជាក់សម្រាប់ផ្ទុកកសិផល, ការរឹតបន្តឹងការត្រួតពិនិត្យទំនិញ ដើម្បីទប់ស្កាត់ការរាលដាលកូវីដ ១៩, ការនាំចេញទៅប្រទេសវៀតណាមបានថយចុះ ដោយសារការនាំចេញរបស់វៀតណាមទៅប្រទេសចិន, និងការរឹតបន្តឹងលក្ខខណ្ឌអនាម័យ និងភូតគាមអនាម័យ ជាដើម។
លោក លន់ យ៉េង អគ្គលេខាធិការនៃលេខាធិការដ្ឋានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ក្នុងថ្ងៃទី ១០ ខែកក្កដាថា កំណើននៃបរិមាណនាំចេញអង្ករក្នុងឆមាសទី១ គឺបានពីការខិតខំរបស់ផ្នែកពាក់ព័ន្ធទាំងរដ្ឋ និងឯកជន ដើម្បីធ្វើយ៉ាងណាជំរុញការនាំចេញអង្ករទៅក្រៅប្រទេសឱ្យបានច្រើន ខណៈ CRF ដាក់ផែនការនាំចេញអង្ករឱ្យបានពី ៧០-៧៥ ម៉ឺនតោនក្នុងឆ្នាំ ២០២២ នេះ។
លោកថ្លែងថា៖ «យើងមិនអាចវាយតម្លៃបែបណាចំពោះបរិមាណនៃការនាំចេញសរុបក្នុងឆ្នាំនេះនៅឡើយទេ ដោយយើងត្រូវរង់ចាំមើលស្ថានភាពនៃការប្រមូលផលស្រូវជាមុនសិន»។
ទាក់ទងនឹងតម្លៃអង្ករលើទីផ្សាអន្តរជាតិ លោក លន់ យ៉េង បានប្រាប់ថា តម្លៃអង្ករក្នុងឆ្នាំ ២០២២ គឺប្រហាក់ប្រហែលនឹងឆ្នាំ ២០២១។
ក្នុងឆ្នាំ ២០២១ កម្ពុជានាំចេញអង្ករទៅក្រៅប្រទេសចំនួន ៦១៧ ០៦៩ តោន ថយចុះ ១០,៦៧ ភាគរយបើធៀបនឹងឆ្នាំ ២០២០ ដែលមានបរិមាណ ៦៩០ ៨២៩ តោន។ នេះបើតាមក្រសួងកសិកម្ម៕