ភ្នំពេញៈ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាមេរិក ក្នុងឆមាសទី១ ឆ្នាំ ២០២២ មានតម្លៃសរុបជាង ៤,៨ ពាន់លានដុល្លារកើនឡើងជាង ៥១ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ហើយក្នុងនោះការនាំទំនិញពីកម្ពុជាទៅអាមេរិកបានហក់ឡើងរហូតដល់ ៥៤ ភាគរយ។ នេះបើតាមអគ្គនាយកដ្ឋានគយ។
ទិន្នន័យស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញជាមួយនឹងប្រទេសសំខាន់ៗរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបង្ហាញថា ចាប់ពីខែមករា-ខែមិថុនា ឆ្នាំ ២០២២ ការធ្វើពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងអាមេរិក មានតម្លៃសរុប ៤ ៨១៦,៥៦ លានដុល្លារ កើនឡើង ៥១,៨ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ ដែលមានចំនួន ៣ ១៧៣,៩៧ លានដុល្លារ។
យោងតាមទិន្នន័យខាងលើការនាំចេញទំនិញពីកម្ពុជាទៅអាមេរិក មាន ៤ ៦៤៨,៣៤ លានដុល្លារ កើន ៥៤ ភាគរយ ពីចំនួន ៣ ០១៩,២៥ លានដុល្លារ កាលពីឆមាសទី១ ឆ្នាំមុន និងការនាំទំនិញពីអាមេរិកមកកម្ពុជា មានមានចំនួន ១៦៨,២២ លានដុល្លារ កើន ៨,៧ ភាគរយ ពីចំនួន ១៥៤,៧២ លានដុល្លារ។ តាមរយៈតួលេខនេះ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឧត្តមភាពប្រមាណ ៤ ៤៨០,១២ លានដុល្លារ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា អាមេរិកជាទីផ្សារនាំចេញមានសក្តានុពលជាងគេសម្រាប់ប្រទេសកម្ពុជា ដោយបច្ចុប្បន្នមានក្រុមហ៊ុន/សហគ្រាសជាច្រើនកំពុងផលិតសម្រាប់នាំចេញទៅកាន់ទីនោះ។ ភាគច្រើននៃផលិតផលកម្ពុជានាំទៅអាមេរិក គឺជាសម្លៀកបំពាក់ ផលិតផលធ្វើដំណើរ ស្បែកជើង គ្រឿងបង្គុំអេឡិចត្រូនិកអគ្គិសនី និងកង់ ខណៈទំនិញដែលអាមេរិកនាំមកកម្ពុជាភាគច្រើនជារថយន្ត ឧបករណ៍អេឡិចត្រូនិក គ្រឿងម៉ាស៊ីន ផលិតផលប្រើបច្ចេកវិទ្យាទំនើបៗ និងឱសថ។
លោកបានថ្លែងថា៖ «ទីផ្សារនាំចេញទៅអាមេរិករំពឹងថា នឹងកាន់តែមានភាពល្អប្រសើរថែមទៀត ខណៈថ្មីៗនេះក្រុមការងាររបស់សភាពាណិជ្ជកម្មកម្ពុជាក៏ទើបតែធ្វើដំណើរទៅអាមេរិក ដើម្បីផ្សព្វផ្សាយពីឱកាសក្នុងការបណ្តាក់ទុននៅកម្ពុជា និងផ្សព្វផ្សាយពីផលិតផលកម្ពុជាមានសម្រាប់នាំទៅអាមេរិក»។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ថា ទោះបីជាក្នុងដំណាក់កាលជំងឺកូវីដ ១៩ រីករាលដាលខ្លាំង ក៏ការបញ្ជាទិញទំនិញពីអាមេរិកមិនបានបង្ហាញសញ្ញាអវិជ្ជមានឡើយ។ កំណើនការនាំទំនិញទៅអាមេរិកបណ្តាលពីកត្តាមួយចំនួនដូចជា ផលិតផលកម្ពុជាមានតម្រូវការខ្ពស់នៅទីផ្សារអាមេរិក, គុណភាពសមស្របតាមស្តង់ដារបស់អ្នកបញ្ជាទិញ, ការឆ្លើយតបទាន់ពេលវេលា, និងមានតម្លៃអាចទទួលយកបាន។
លោកបន្តថា បន្ថែមលើនេះអ្វីដែលមិនអាចខ្វះបាន គឺភាពល្អប្រសើរនៃទំនាក់ទំនងផ្នែកការទូត និងវិស័យឯកជននៃប្រទេសទាំង ២ ដែលកើតមានជាមួយគ្នាជាយូរមកហើយ។
លោកនិយាយថា៖ «អាមេរិក គឺជាទីផ្សារធំជាងគេដែលទិញទំនិញពីកម្ពុជា ដោយភាគច្រើនជាផលិតផលវាយនភណ្ឌ»។
លោកប្រាប់ទៀតថា កំណើននៃការនាំចេញរបស់កម្ពុជាទៅអាមេរិក នឹងបន្តកើនខ្ពស់ទៀត ព្រោះនៅពេលសេដ្ឋកិច្ចពិភពលោកបើកទូលំទូលាយឡើងវិញសេចក្តីត្រូវការនៃផលវាយនភណ្ឌប្រាកដជាហក់ឡើង។
អាមេរិកឈរនៅលើគេក្នុងនាមជាប្រទេសទិញទំនិញពីកម្ពុជាច្រើន ដោយមានចំណែកប្រមាណ ៤០,៨ ភាគរយ នៃការនាំចេញសរុបរបស់កម្ពុជា និងឈរនៅលេខ ១២ ជាប្រទេសនាំទំនិញចូលមកកម្ពុជា ដែលមានចំណែកទីផ្សារត្រឹម ១,១ ភាគរយប៉ុណ្ណោះ។
ក្នុងឆ្នាំ ២០២១ ពាណិជ្ជកម្មរវាងប្រទេសទាំង ២ មានតម្លៃ ៧ ៨២៦,៤៩ លានដុល្លារ កើនឡើង ៤០,៤ ភាគរយ ធៀបនឹងឆ្នាំ ២០២០។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ៕