ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា កំពុងពន្លឿនការរៀបចំផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា ដែលផែនទីទាំង២នេះត្រូវបានវិស័យឯកជនរំពឹងថា នឹងផ្តល់ការលើកទឹកចិត្តច្រើនផ្នែកពន្ធ ដើម្បីជំរុញការនាំចូល និងការប្រើប្រាស់យានយន្តអគ្គិសនី (EV)។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក) បានបន្តរៀបចំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា ដើម្បីពិនិត្យពិភាក្សា និងប្រមូលធាតុចូលបន្ថែមពីក្រសួង ស្ថាប័នពាក់ព័ន្ធលើសេចក្តីព្រាងផែនទីបង្ហាញផ្លូវ ដែលគណៈកម្មាធិការប្រតិបត្តិដឹកនាំដោយ ក.អ.ក. បានកែសម្រួល និងរៀបចំជាខេមរភាសាតាមការចង្អុលបង្ហាញរបស់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០២២ មុននឹងដាក់ឆ្លងកិច្ចប្រជុំ គ.ស.ហ សាជាថ្មីនាពេលឆាប់ៗខាងមុខ។
លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា កន្លងមក តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អក្នុងការចូលរួមផ្តល់ធាតុចូលដើម្បីរៀបចំសេចក្តីព្រាងផែនទីបង្ហាញផ្លូវដ៏មានសារៈសំខាន់នេះឡើង។ ធាតុចូលដែលទទួលបាននឹងក្លាយជាមូលដ្ឋានកាន់តែរឹងមាំបន្ថែមទៀតក្នុងការកែសម្រួលសេចក្តីព្រាងផែនទីបង្ហាញផ្លូវនេះឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ ក្នុងទិសដៅប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលផលិតគ្រឿងបង្គំយានយន្ត និងអេឡិចត្រូនិក ដើម្បីពង្រីកទីផ្សារនាំចេញទៅក្នុងតំបន់ និងសកលលោក។
លោកបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលបានកំណត់យកវិស័យយានយន្ត និងអេឡិចត្រូនិកជាវិស័យអាទិភាពដែលមានសក្តានុពលសម្រាប់ការចូលរួមទៅក្នុងខ្សែច្រវាក់តម្លៃតំបន់ និងសកល ក៏ដូចជាការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចផងដែរ»។
លោក តាន់ មុនីវណ្ណ ប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា នៅក្នុងកិច្ចប្រជុំពិភាក្សាកន្លងមកវិស័យឯកជនតែងតែផ្តល់ធាតុចូល និងបានស្នើដល់គណៈកម្មាធិការ ប្រតិបត្តិដឹកនាំដោយ ក.អ.ក. ក្នុងការផ្តល់ព័ត៌មានឱ្យបានច្បាស់លាស់ដល់វិស័យឯកជនឱ្យបានដឹងមុន ដើម្បីមានភាពងាយស្រួលក្នុងការត្រៀមខ្លួន។
លោកបានបន្ថែមថា ខាងសហព័ន្ធ ក៏បានស្នើដល់រាជដ្ឋាភិបាលផ្តល់ការលើកទឹកចិត្តដល់អ្នកផលិតយានយន្តនៅក្នុងស្រុកលើផ្នែកសារពើពន្ធ ដើម្បីគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលដែលគ្រោងនឹងជំរុញឱ្យមានការប្រើប្រាស់យានយន្តអគ្គិសនី (EV) ឱ្យបានជាអតិបរមានៅឆ្នាំ ២០៣០។
លោកបញ្ជាក់ថា៖ «សម្រាប់កម្ពុជាវិស័យយានយន្តជាវិស័យមួយដែលរកចំណូលឱ្យរដ្ឋបានច្រើនណាស់ ប៉ុន្តែបើអនុគ្រោះពន្ធខ្លាំងពេកធ្វើឱ្យប៉ះពាល់ដល់ចំណូលរដ្ឋ។ វិស័យឯកជនយើងចង់ឱ្យមានការលើកទឹកចិត្ត ឬការបន្ធូរបន្ថយពន្ធដល់អ្នកផលិតរថយន្តថ្មីនៅក្នុងស្រុក និងអ្នកនាំចូលរថយន្តថ្មីមក»។
លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia បានឱ្យដឹងដែរថា សម្រាប់ទីផ្សាររថយន្ត EV នៅកម្ពុជានៅមានកម្រិតនៅឡើយ ប៉ុន្តែចំណាប់អារម្មណ៍របស់ប្រជាជនខ្មែរចំពោះរថយន្ត EV មានច្រើន ដោយសាររថយន្តប្រភេទនេះងាយស្រួលក្នុងការប្រើប្រាស់។ លោកបន្ថែមថា ក្រុមហ៊ុនបាននាំចូលរថយន្ត EV នេះចំនួន ៤គ្រឿង និងបានលក់ចេញអស់ហើយដោយត្រូវចំណាយរយៈពេល ២ ឆ្នាំ ដោយរថយន្ត ១ គ្រឿងមានតម្លៃចន្លោះពី ១៣-១៧ ម៉ឺនដុល្លារ។
លោកបានបញ្ជាក់ថា៖ «នៅពេលយើងនាំរថយន្ត EV ចូលមក គឺមានការចាប់អារម្មណ៍ខ្លាំងមែនទែនពីអតិថិជន ប៉ុន្តែពួកគេនៅមានភាពស្ទាក់ស្ទើរក្នុងការទិញ ដោយសារភាគច្រើនអ្នកចង់ទិញគិតដល់ទីផ្សារលក់វិញបន្ទាប់ពីការប្រើប្រាស់រួច។ ម្យ៉ាងវិញទៀតស្ថានីយបញ្ចូលអគ្គិសនី ក៏មិនទាន់ច្រើននៅឡើយដែលធ្វើឱ្យពួកគាត់មានភាពស្ទាក់ស្ទើរក្នុងការទិញរថយន្តនេះ»។
ទោះយ៉ាងណា អគ្គនាយកក្រុមហ៊ុន RMA Cambodia អះអាងថា ក្រុមហ៊ុននៅតែបន្តនាំចូលរថយន្តប្រភេទនេះជាបន្តទៀត ខណៈបច្ចុប្បន្នក្រុមហ៊ុនបានរៀបចំជាស្ថានីយបញ្ចូលអគ្គិសនី ២ កន្លែងរួចហើយ គឺនៅរាជធានីភ្នំពេញ និងសៀមរាប៕