ភ្នំពេញៈ កម្ពុជាកំពុងពន្លឿនការសិក្សាគម្រោងអភិវឌ្ឍន៍ផ្លូវនាវាចរណ៍ និងប្រព័ន្ធភ័ស្តុភារកម្មទន្លេបាសាក់នៅត្រង់ចំណុចព្រែកអំបិល ក្នុងខេត្តកណ្តាល ដើម្បីសម្រួលដល់ការដឹកជញ្ជូនតាមផ្លូវទឹក និងអាចជួយកាត់បន្ថយការចំណាយលើការដឹកជញ្ជូន និងភ័ស្តុភារកម្ម និងមានប្រសិទ្ធភាពជាងមុន។
គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភ័ស្តុភារកម្មទន្លេបាសាក់នេះ នឹងត្រូវភ្ជាប់ការដឹកជញ្ជូនតាមផ្លូវទឹកពីទន្លេបាសាក់ទៅសមុទ្រខេត្តកែប តាមរយៈការដឹកជញ្ជូនទំនិញ និងធ្វើទេសចរណ៍តាមផ្លូវទឹក ដោយមិនចាំបាច់ឆ្លងកាត់តាមប្រទេសវៀតណាម។ បច្ចុប្បន្នក្រុមការងារជំនាញរបស់ក្រសួងសាធារណការ និងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) កំពុងសិក្សាលម្អិត ដើម្បីឈានដល់ការវាយតម្លៃលើគម្រោងនេះ មុននឹងរាយការណ៍ជូនរាជរដ្ឋាភិបាល។
ក្នុងជំនួបពិភាក្សាការងារអំពីគម្រោងអភិវឌ្ឍន៍ផ្លូវនាវាចរណ៍ និងប្រព័ន្ធភ័ស្តុភារកម្មទន្លេបាសាក់ ជាមួយនឹងគណៈប្រតិភូក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) កាលពីថ្ងៃទី ១៥ ខែកក្កដា លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាននិយាយថា គម្រោងអភិវឌ្ឍន៍ផ្លូវនាវាចរណ៍ និងប្រព័ន្ធភ័ស្តុភារកម្មទន្លេបាសាក់ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ការដឹកជញ្ជូនតាមផ្លូវទឹកនៅកម្ពុជាដោយអាចជួយកាត់បន្ថយការចំណាយលើការដឹកជញ្ជូន និងភ័ស្តុភារកម្ម និងមានប្រសិទ្ធភាពជាងមុន ព្រមទាំងងាយស្រួលធ្វើសមាហរណកម្មផ្ទៃក្នុងក្នុងវិស័យដឹកជញ្ជូនតាមផ្លូវទឹកផងដែរ។
លោកបន្ថែមថា ការសិក្សាពីសមិទ្ធិលទ្ធភាពនៃគម្រោងនេះចាំបាច់ត្រូវតែធ្វើឱ្យបានគ្រប់ជ្រុងជ្រោយ ដាក់ជូនទៅគណ:កម្មាធិការអន្តរក្រសួងពិភាក្សាមុននឹងរាយការណ៍ជូនរដ្ឋាភិបាលពិនិត្យ និងពិចារណា។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ «ការសិក្សាខ្នាតអន្តរជាតិនេះត្រូវធ្វើឡើងដើម្បីស្វែងរកដៃគូវិនិយោគពីដៃគូអភិវឌ្ឍន៍ និងពីក្រុមហ៊ុននានា ព្រោះគម្រោងនេះមិនត្រឹមតែផ្ដល់ប្រយោជន៍ដល់ប្រជាជនខ្មែរប៉ុណ្ណោះទេ ប៉ុន្តែវានឹងផ្ដល់ប្រយោជន៍ដល់ប្រទេសនៅក្នុងតំបន់ និងពិភពលោកផងដែរ»។
លោក ម៉ក់ ស៊ីដេត អ្នកនាំពាក្យ និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា គម្រោងអភិវឌ្ឍន៍ផ្លូវនាវាចរណ៍ និងប្រព័ន្ធភ័ស្តុភារកម្មទន្លេបាសាក់នេះ ត្រូវបានសិក្សាក្នុងដំណាក់កាលទី២ ហើយ ដែលមានទីតាំងព្រែកអំបិល ស្ថិតនៅឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។
លោកបន្ថែមថា ដោយសារតែគម្រោងស្ថិតនៅក្នុងដំណាក់កាលសិក្សានៅឡើយ ដូច្នេះមិនទាន់អាចវាយតម្លៃអំពីទំហំទឹកប្រាក់ដែលត្រូវចំណាយឱ្យបានច្បាស់លាស់នៅឡើយទេ ម្យ៉ាងមុននឹងអនុវត្តគម្រោងនីមួយៗ ក្រសួងត្រូវសិក្សាឱ្យបានលម្អិត មុនដាក់ជូនរដ្ឋាភិបាល។
លោកថ្លែងថា៖ «ប្រយោជន៍ដ៏ធំធេង ដែលកម្ពុជានឹងទទួលបានពីគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភ័ស្តុភារកម្មទន្លេបាសាក់នេះគឺកាត់បន្ថយការចំណាយរបស់ធុរជនក្នុងវិស័យដឹកជញ្ជូនរបស់យើង។ កន្លងទៅការដឹកជញ្ជូនទំនិញ និងទេសចរណ៍តាមផ្លូវទឹកត្រូវឆ្លងកាត់ប្រទេសវៀតណាម ដោយត្រូវចំណាយថវិកា ១០០ ដុល្លារ សម្រាប់កុងតឺន័រកម្ពស់ ២០ ហ្វ៊ីត និង ២០០ ដុល្លារ សម្រាប់កម្ពស់ ៤០ ហ្វ៊ីត ដូចនេះយើងចំណាយច្រើនណាស់ទៅឱ្យវៀតណាម»។
ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែចង្វាក់ផ្គត់ផ្គង់នៅកម្ពុជា លោក ជា ចាន់ដារ៉ា បានឱ្យដឹងថា ក្នុងករណីដែលក្រសួងសាធារណការបានជោគជ័យលើផែនការពង្រីកកំពង់ផែ ដែលឈានដល់ការជីកព្រែកភ្ជាប់ទៅកាន់ខេត្តកែបនេះ គឺជារឿងល្អបំផុត និងជាសមិទ្ធផលដ៏ធំធេងមួយក្នុងប្រវត្តិសាស្ត្រវិស័យដឹកជញ្ជូនកម្ពុជា។
លោកអះអាងថា៖ «នេះ គឺជាការបើកច្រកដ៏ធំទូលំទូលាយមួយសម្រាប់ការដឹកជញ្ជូនរបស់យើង ដោយសារតែសព្វថ្ងៃនេះយើងមានទំនិញមួយចំនួនមកពីខាងក្រៅប្រទេស ជាពិសេសប្រទេសចិន ដែលរំហូរទៅខាងផែខាត់ឡៃ និងខៃមេប ប្រទេសវៀតណាម ហើយទើបដឹកជញ្ជូនតាមរថយន្តមកកម្ពុជា។ ដូច្នេះប្រសិនបើយើងមានផែខ្លួនឯង ពីទន្លេបាសាក់ទៅដល់កែប ឬកំពតនោះ ច្បាស់ណាស់យើងនាំចេញដោយមិនចាំបាច់ឆ្លងកាត់ផែវៀតណាមឡើយ»៕