ភ្នំពេញៈ ក្រសួងកិសកម្ម អះអាងថា កម្ពុជាអាចមានលទ្ធភាពក្នុងការផ្គត់ផ្គង់សាច់ជ្រូកនៅក្នុងស្រុក ដោយមិនចាំបាច់នាំចូលពីប្រទេសជិតខាងរហូតដល់ដំណាច់ឆ្នាំ ២០២២ នេះ។
នៅក្នុងសន្និសីទសារព័ត៌មានស្តីពី សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានថ្លែងថា ក្រសួងកសិកម្មមិនបានអនុញ្ញាតឱ្យនាំចូលជ្រូករយៈពេល ៩ ខែ មកហើយ ពោលគឺចាប់ពីតាំងពីអំឡុងចុងឆ្នាំ ២០២១ ដោយសារតែផលិតកម្មជ្រូកក្នុងស្រុក មានលទ្ធភាពផ្គត់ផ្គង់បានគ្រប់គ្រាន់ហើយ។
លោកបានបន្ថែមថា កន្លងទៅអគ្គនាយដ្ឋានបានសហការជាមួយនឹងភាគីពាក់ព័ន្ធ ដើម្បីទប់ស្កាត់ការនាំចូល ដោយនៅក្នុងរយៈពេលកន្លងមកនេះបង្ក្រាបបានជាច្រើនករណី ដោយថ្មីៗនេះ បង្ក្រាប១៦ករណីចំពោះការលួចនាំចូលជ្រូកដោយខុសច្បាប់នេះ ខណៈដែលសប្តាហ៍មុនមន្ត្រីជំនាញបានដុតកម្ទេចជ្រូកចំនួន ៨០ ក្បាល ដែលបាននាំចូលពីប្រទេសវៀតណាមតាមខេត្តព្រៃវែង និងសង្ស័យថា មានផ្ទុកជំងឺប៉េស្តជ្រូកអាហ្វ្រិក ក្រោយបានធ្វើចត្តាឡីស័ក។
លោកបានបញ្ជាក់ថា៖ «ពាក់ព័ន្ធនឹងជ្រូក ខ្ញុំធានាថា យើងអាចផ្គត់ផ្គង់បានគ្រប់គ្រាន់ រហូតដល់បំណាច់ឆ្នាំ ដោយមិនត្រូវការនាំចូលឡើយ។បន្ទាប់បានទទួលអនុសាសន៍របស់សម្តេចតេជោ ឱ្យកាត់បន្ថយការនាំចូល និងជំរុញការផលិតក្នុងស្រុក យើងបានបន្តចុះផ្សព្វផ្សាយ និងជំរុញដល់កសិករក្នុងការចិញ្ចឹមសត្វបន្ថែមទៀត ដោយសង្កេតឃើញថា ការចិញ្ចឹមរបស់កសិករមានការកើនឡើងចាប់ពីឆ្នាំ ២០២០ មក»។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា បច្ចុប្បន្ននេះ ការផ្គត់ផ្គង់ជ្រូកចិញ្ចឹមនៅលើទីផ្សារ មិនត្រឹមតែគ្រប់គ្រាន់ទេ ថែមទាំងលើសតម្រូវការថែមទៀតផង ដែលបានធ្វើឱ្យតម្លៃជ្រូកបានធ្លាក់ថ្លៃបន្តិចមកវិញនារយៈពេលចុងក្រោយនេះ។
លោកបានបន្ថែមថា តម្លៃជ្រូករស់ នៅប្រទេសជិតខាង ថ្លៃជាងតម្លៃជ្រូកកម្ពុជា ដូចនេះ គេមិនអាចនាំចូលមកកម្ពុជាបានឡើយ។ម្យ៉ាងបញ្ហាតម្លៃជ្រូកចុះថ្លៃនេះ ជាទូទៅនៅរដូវវស្សា ជ្រូកតែងចុះថ្លៃ ដោយសារតែជារដូវដែលសម្បូរត្រីច្រើន ទើបតម្រូវការសាច់ជ្រូកមានការចុះថ្លៃបែបនេះ។
លោកបានបញ្ជាក់ថា៖ «តម្លៃជ្រូករស់បច្ចុប្បន្ន គឺ ១១ ០០០ រៀលក្នុងមួយគីឡូក្រាម ខណៈដែលការចំណាយរបស់កសិករលើសនេះ ដែលនាំឱ្យកសិករខ្លះបានដកថយ។ការចុះថ្លៃនេះ អាចមកពីកសិករសម្រុកចិញ្ចឹមច្រើន ស្របពេលកសិដ្ឋានក្នុងស្រុកធំៗក៏ចាប់ផ្តើមពង្រីកដូចគ្នា»។
លោក ម៉ុង ឬទ្ធី អគ្គនាយកក្រុមហ៊ុនម៉ុង ឬទ្ធី គ្រុប បានប្រាប់ថា បច្ចុប្បន្ននេះ កសិករ និង អ្នកវិនិយោគទុន អាចផលិត ជ្រូកបាន ជាមធ្យម ៣ លានក្បាល នៅក្នុងមួយឆ្នាំ។
លោកបានបញ្ជាក់ថា៖ «ការផលិតជ្រូកមានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយមួយថ្ងៃ ផ្គត់ផ្គង់លើទីផ្សារក្នុងស្រុកចំនួន ៨ ៣០០ ក្បាល ដែលនេះ វាលើសពីសេចក្ដីត្រូវការបន្តិចទៅហើយ»។
តាមការកត់សម្គាល់របស់ប្រធានសមាគមអ្នកចិញ្ចឹមសត្វរូបនេះ តម្លៃជ្រូករស់ នឹងវិលត្រលប់មករកភាពប្រក្រតីវិញ នៅពាក់កណ្តាលខែសីហាខាងមុខនេះ។ បើតាមការឱ្យដឹងពីខាងសមាគម កម្ពុជាមានតម្រូវការសាច់ជ្រូកប្រមាណ ៨ ០០០ ក្បាល ក្នុងមួយថ្ងៃ ខណៈដែលការផលិតក្នុងស្រុកលើសពីតម្រូវការនេះ៕