ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានអនុម័តនូវគម្រោងវិនិយោគបង្កើតរោងចក្រផលិតបន្ទះសូឡាដែលមានទុនវិនិយោគជាង ៨៤ លានដុល្លាររបស់ក្រុមហ៊ុនចិន L-Q New Energy ស្របពេលដែលរដ្ឋាភិបាលអាមេរិកថ្មីៗនេះបានប្រកាសលើកលែងពន្ធគយលើការនាំចូលបន្ទះសូឡាពីប្រទេសចំនួន ៤ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍រួមទាំងប្រទេសកម្ពុជាផងដែរ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីល្ងាចថ្ងៃទី ១៨ ខែកក្កដា បានឱ្យដឹងថា CDC បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីវិនិយោគឱ្យក្រុមហ៊ុន L-Q New Energy សម្រាប់គម្រោងបង្កើតរោងចក្រផលិតបន្ទះសូឡា ដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល ខេត្តក្រចេះ ក្រោមទុនវិនិយោគ ៨៤,៥ លានដុល្លារ និងបង្កើតការងារបាន ១ ០០០ នាក់។
រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីដើមខែមិថុនា ឆ្នាំ ២០២២ បានប្រកាសលើកលែងពន្ធគយលើការនាំចូលបន្ទះសូឡាពីប្រទេសចំនួន ៤ ក្នុងតំបន់អាស៊ីអាគ្នេយ៍រួមមាន កម្ពុជា ម៉ាឡេស៊ី ថៃ និងវៀតណាម។ ការលើកលែងពន្ធនេះ គឺក្នុងគោលបំណងដើម្បីធានាថាអាមេរិកមានលទ្ធភាពទទួលបានការផ្គត់ផ្គង់ម៉ូឌុលថាមពលពន្លឺព្រះអាទិត្យគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការផលិតអគ្គិសនី ខណៈតម្រូវការប្រើប្រាស់ថាមពលកំពុងកើនឡើង។
យោងតាមក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ក្រុមហ៊ុន L-Q New Energy CO., Ltd. បានចុះបញ្ជីកាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២២ ដោយមានវិនិយោគិនមកពីខេត្ត Jiangsu និងខេត្ត Shandong ប្រទេសចិន។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ១៩ ខែកក្កដា ថា ការវិនិយោគលើរោងចក្រផលិតបន្ទះសូឡា គឺមានជាបណ្តើរៗចាប់តាំងពីជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិនកើតឡើង។ និន្នាការនៃវិនិយោគលើរោងចក្រផលិតបន្ទះសូឡានៅកម្ពុជាមានកំណើនបន្ថែមទៀតនៅពេលអាមេរិកប្រកាសលើកលែងពន្ធគយនាំចូលបន្ទះសូឡាផលិតនៅកម្ពុជា និងប្រទេសក្នុងតំបន់ចំនួន ៣ ផ្សេងទៀត។
លោកថ្លែងថា៖ «បញ្ហាតម្លៃប្រេងឥន្ធនៈឡើងថ្លៃជាសកល និងការគិតគូរពីបរិស្ថាននឹងជំរុញឱ្យមានរោងចក្រផលិតបន្ទះសូឡាកាន់តែច្រើនចូលមកបើកដំណើរការនៅកម្ពុជា ដែលជាប្រទេសមានលក្ខខណ្ឌអំណោយផលច្រើនសម្រាប់ការវិនិយោគគ្រប់វិស័យ»។
លោកលើកឡើងទៀតថា និន្នាការនៃការប្រើប្រាស់សូឡា គឺមិនត្រឹមតែសម្រាប់បង្កើតជាថាមពលអគ្គិសនីប្រើប្រាស់ក្នុងអគារប៉ុណ្ណោះទេ ប៉ុន្តែក៏មានកាន់តែច្រើនសម្រាប់ឧស្សាហកម្មយានយន្តផងដែរ។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាននិយាយថា ការកើនឡើងនៃតម្រូវការថាមពលប្រើប្រាស់លើពិភពលោក ស្របពេលមានការយកចិត្តទុកដាក់កាន់តែខ្លាំងទៅលើការថែរក្សាបរិស្ថាន និងវិបត្តិកង្វះការផ្គត់ផ្គង់ប្រភពថាមពលបណ្តាលមកពីវិបត្តិសង្គ្រាមឈ្លានពានរបស់ប្រទេសរុស្ស៊ីនៅប្រទេសអ៊ុយក្រែនបានជំរុញឱ្យមានការវិនិយោគកាន់តែច្រើនថែមទៀតទៅលើថាមពលកកើតឡើងវិញ ជាពិសេសថាមពលពន្លឺព្រះអាទិត្យ (សូឡា)។
លោកបានថ្លែងបន្តថា ការទទួលបានភាពអនុគ្រោះពន្ធគយពីអាមេរិក គឺជាឱកាសសម្រាប់កម្ពុជាក្នុងការទាក់ទាញក្រុមហ៊ុនវិនិយោគឱ្យចូលមកបណ្តាក់ទុនលើការផលិតបន្ទះសូឡា ដើម្បីនាំចេញទៅទីផ្សារអាមេរិកវិញ។
លោកបានបញ្ជាក់ថា៖ «ការអនុម័តរបស់ CDC ចំពោះគម្រោងវិនិយោគរោងចក្រផលិតបន្ទះសូឡាដែលមានតម្លៃជាង ៨៤ លានដុល្លារនេះនឹងផ្តល់ផលប្រយោជន៍ច្រើនដល់សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាបង្កើតការងារក្នុងស្រុកផងដែរ។
លោកបានថ្លែងបញ្ជាក់ថា បន្ទះសូឡាដែលផលិតបាន វាមិនត្រឹមតែជួយលើកកម្ពស់សមត្ថភាពនៃការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងធ្វើឱ្យប្រទេសកម្ពុជាឈានឆ្ពោះទៅការប្រើប្រាស់ថាមពលកកើតឡើងវិញបានកាន់តែច្រើនផងដែរ»។
កាលពីឆ្នាំ ២០២១ កម្ពុជា បាននាំចេញបន្ទះសូឡាទៅក្រៅប្រទេសជិត ៥៤ ៣២០ តោន កើនឡើងជាង ២៧ ភាគរយបើធៀបនឹងឆ្នាំ ២០២០ ដែលស្មើនឹងទឹកប្រាក់ជិត ២៧៤ លានដុល្លារ។ នៅក្នុងនោះការនាំចេញទៅអាមេរិកមានប្រមាណ ៥៣ ១៨៨,១៩ តោន កើនឡើងជាង ៣៣ ភាគរយ ដោយគិតជាទឹកប្រាក់សរុប ២៥៦,៨៨ លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕