សៀមរាបៈ ជាមុខរបរដែលធ្លាប់រកចំណូលបានច្រើនម៉ឺនដុល្លាររៀងរាល់ឆ្នាំ ក៏ប៉ុន្តែសម្រាប់ពេលបច្ចុប្បន្នអ្នកចិញ្ចឹមក្រពើបែរជាកំពុងដង្ហោយរកការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាលតាមរយៈការស្វែងរកទីផ្សារនាំចេញជាផ្លូវការទៅទីផ្សារអន្តរជាតិឱ្យបានច្រើន និងទាក់ទាញអ្នកវិនិយោគឱ្យចូលមកបណ្តាក់ទុនលើការកែច្នៃផលិតផលពីស្បែកក្រពើ ដើម្បីបម្រើឱ្យតម្រូវការក្នុងស្រុក និងនាំចេញទៅទីផ្សារអន្តរជាតិ ខណៈពេលតម្លៃក្រពើបានធ្លាក់ចុះយ៉ាងគំហុក ពិសេសក្នុងរយៈពេលជាង ២ ឆ្នាំកន្លងមកនេះ។
ទីផ្សារក្រពើនៅកម្ពុជាបានផ្តើមធ្លាក់ចុះជាបន្តបន្ទាប់ក្នុងរយៈពេល ៦-៧ ឆ្នាំមកហើយ ដោយសារមិនមានទីផ្សារនាំចេញផ្លូវការច្បាស់លាស់ គឺមានតែការនាំចេញក្រៅផ្លូវការទៅប្រទេសវៀតណាម និងថៃប៉ុណ្ណោះ។ ទោះយ៉ាងណាអ្វីដែលធ្វើឱ្យអ្នកចិញ្ចឹមទទួលរងគ្រោះខ្លាំងរហូតដល់ចង់បោះបង់ចោលមុខរបរនេះគឺចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដ ១៩ ដែលធ្វើឱ្យទីផ្សារក្រពើនៅប្រទេសកម្ពុជាធ្លាក់ចុះស្ទើរតែដល់ចំណុចសូន្យ។
ម្ចាស់អាងចិញ្ចឹមក្រពើមួយកន្លែងក្នុងខេត្តសៀមរាបដែលបច្ចុប្បន្នមានក្រពើធំៗប្រមាណពី ១ ៧០០-១ ៨០០ ក្បាល លោក លឹម រិទ្ធី បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីចុងខែមុនថា ទីផ្សារក្រពើបានធ្លាក់ចុះអស់រយៈពេលប្រមាណ ៦-៧ ឆ្នាំមកហើយ ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកចិញ្ចឹមក្រពើរូបនេះខកចិត្តខ្លាំងរហូតបន់ឱ្យតែមានអ្នកមកប្រមូលទិញទាំងអស់នោះ គឺតម្លៃបានធ្លាក់ចុះខ្លាំង និងមិនមានទីផ្សារអន្តរជាតិច្បាស់លាស់ក្នុងការទទួលទិញក្រពើ ឬផលិតផលក្រពើពីកម្ពុជា។
លោកបានបន្តថា អ្នកចិញ្ចឹមក្រពើនៅពេលនេះគឺមិនមានទឹកចិត្តចិញ្ចឹមបន្តទេ ព្រោះការចំណាយលើចំណីខ្ពស់ ប៉ុន្តែនៅពេលលក់បានតម្លៃទាបហៅមិនឮ។ នៅពេលនេះសាច់ក្រពើមានតម្លៃចន្លោះពី ៣ ០០០-៦ ០០០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម (ភាគច្រើនគេយកទៅធ្វើសាច់ងៀត) ខណៈស្បែកក្រពើពេញវ័យ (ចាប់ពី ១១ ឆ្នាំឡើងទៅ) អាចមានតម្លៃប្រហែល ១៥ ដុល្លារ និងក្រពើអាយុ ៣-៤ ឆ្នាំ តម្លៃប្រហែល ១០ ដុល្លារ។
លោកបានបញ្ជាក់ថា៖ «អ្នកចិញ្ចឹមក្រពើពីមុនគេនិយមហៅថា ថៅកែក្រពើ ប៉ុន្តែពេលនេះ គេនាំគ្នាហៅថា ទាសករក្រពើវិញម្ដង ព្រោះក្រពើគ្មានតម្លៃ និងគ្មានទីផ្សារ ហើយបែរជាត្រូវយកលុយពីផ្ទះយ៉ាងច្រើនរៀងរាល់ខែទៅចំណាយលើចំណីក្រពើទៅវិញ»។
លោកបានបន្ថែមថា៖ «ទោះចង់លក់ក៏មិនមានអ្នកទិញដែរនៅពេលនេះ ពិសេសក្រពើធំៗ ដែលពីមុន (៦-៧ ឆ្នាំមុន) មានតម្លៃជាមធ្យមពី ៥០០-៨០០ ដុល្លារ ក្នុង ១ ក្បាល ពេលនេះតម្លៃនៅសល់ត្រឹមតែ ៣០-៤០ ដុល្លារប៉ុណ្ណោះ ហើយក៏មិនមានអ្នកទិញដែរ»។
លោកបានលើកឡើងថា កាលពីដើមខែមិថុនា ឆ្នាំ ២០២២ កូនក្រពើដែលទើបនឹងញាស់មានតម្លៃជាមធ្យម ២ ដុល្លារក្នុង ១ ក្បាល ប៉ុន្តែរយៈពេល ២-៣ សប្តាហ៍បន្ទាប់ តម្លៃកូនក្រពើបានធ្លាក់ថ្លៃមកនៅត្រឹមតែប្រហែល ១ ដុល្លារប៉ុណ្ណោះ។
លោកបានបញ្ជាក់ថា៖ «តម្លៃក្រពើនៅពេលនេះគឺអាស្រ័យលើមាត់ឈ្មួញវៀតណាម ពីព្រោះការនាំចេញគឺមានតែទៅប្រទេសវៀតណាមប៉ុណ្ណោះ ខណៈនៅមុនមានវត្តមានជំងឺកូវីដ ១៩ កូនក្រពើមួយចំនួនត្រូវបាននាំចេញទៅប្រទេសថៃ»។
បើតាមលោក រិទ្ធី បច្ចុប្បន្នត្រីចំណីក្រពើត្រូវបាននាំមកពីប្រទេសថៃដោយមានតម្លៃក្នុងចន្លោះពី ១ ៨០០ ទៅ ២ ០០០ រៀល ក្នុង ១ គីឡូក្រាម។ សម្រាប់ក្រពើជាង ១ ៧០០ ក្បាល ដែលលោកចិញ្ចឹម គឺត្រូវចំណាយជិត ៤ ០០០ ដុល្លារក្នុង ១ ខែទៅលើចំណី (២ សប្តាហ៍ឱ្យស៊ីម្ដង)។
លោក រិទ្ធី បានឱ្យដឹងទៀតថា បើតាមព័ត៌មានតម្រូវការស្បែកក្រពើនៅលើទីផ្សារអន្តរជាតិនៅតែមាន ប៉ុន្តែការជាប់គាំងទីផ្សារនៅកម្ពុជាគឺដោយសារតែការនាំចេញក្រពើមានតែច្រកទៅកាន់ប្រទេសវៀតណាមមួយគត់ ដែលធ្វើឱ្យក្រុមឈ្មួញវៀតណាមកំណត់តម្លៃស្រេចតែចិត្ត។
លោកបានសង្កត់ធ្ងន់ថា៖ «បើយើងមិនព្រមលក់ក្នុងតម្លៃទាប គឺយើងមិនមានកន្លែងឱ្យក្រពើនៅ ហើយក៏ត្រូវចំណាយទៅលើចំណីបន្ថែមទៀត។
នៅពេលនេះបើមានអ្នកព្រមទទួលទិញក្រពើ និងឱ្យតម្លៃសមរម្យ ខ្ញុំនឹងលក់ទាំងអស់តែម្តង»។
លោកបានលើកឡើងថា៖ «ខ្ញុំសូមស្នើឱ្យរដ្ឋាភិបាលជួយអន្តរាគមន៍ដល់អ្នកចិញ្ចឹមក្រពើតាមរយៈការជួយរកទីផ្សារ និងទាក់ទាញអ្នកវិនិយោគឱ្យមកបណ្តាក់ទុនលើការកែច្នៃវត្ថុប្រើប្រាស់ ឬវត្ថុអនុស្សាវរីយ៍ធ្វើពីស្បែកក្រពើឱ្យបានច្រើន ព្រោះវាមិនត្រឹមតែជួយដល់អ្នកចិញ្ចឹមក្រពើ និងវិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងជួយដល់កំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ»។
ជាធម្មតាក្រពើមេតែងពងកូនចាប់ពីចុងខែកុម្ភៈរហូតដល់ខែឧសភា និងចាប់ផ្តើមញាស់ពីខែមេសារហូតដល់ខែកក្កដារៀងរាល់ឆ្នាំ។
លោក សាន ហាក់ ដែលចិញ្ចឹមក្រពើក្នុងខេត្តសៀមរាបចាប់តាំងពីឆ្នាំ ១៩៩៣ ក៏បាននិយាយដែរថា ទីផ្សារក្រពើនៅកម្ពុជាបានធ្លាក់ចុះដល់កម្រិតសូន្យរួចទៅហើយនៅក្នុងរយៈពេលប្រមាណ ២ ឆ្នាំកន្លងមកនេះ។ រីឯចំនួនអ្នកចិញ្ចឹមថយចុះ ហើយចំពោះតម្លៃវិញក៏មានការធ្លាក់ចុះយ៉ាងខ្លាំងផងដែរ ដោយកូនក្រពើទើបញាស់នៅក្នុងពេលនេះ (ចុងខែមិថុនា) មានតម្លៃចន្លោះពី ១-១,៥ ដុល្លារ។ តម្លៃនេះអាចនឹងបន្តធ្លាក់ចុះបន្ថែមទៀត នៅពេលដែលចំនួនកូនក្រពើញាស់កាន់តែច្រើន។
លោកបានបន្ថែមថា ការធ្លាក់ចុះតម្លៃក្រពើនៅកម្ពុជានៅក្នុងពេលនេះអាចបណ្តាលមកពីកត្តាចម្បងៗចំនួន ២ គឺកត្តាខាងក្នុង ដោយសារអ្នកចិញ្ចឹមក្រពើមិនមានការស្រុះស្រួលគ្នាក្នុងការបង្កើតសមាគម ឬសហគមន៍ដើម្បីការពារផលប្រយោជន៍រួម និងកត្តាខាងក្រៅ ដែលបណ្តាលមកពីក្រពើកម្ពុជាមិនមានទីផ្សារនាំចេញក្រៅតែពីប្រទេសវៀតណាម។
លោកបាននិយាយថា៖ «ដោយសារទីផ្សារក្រៅប្រទេសមិនមានភាពច្បាស់លាស់ ហើយត្រូវពឹងលើប្រទេសគេ ដូច្នេះប្រសិនបើកម្ពុជាអាចមានរោងចក្រ ឬកន្លែងកែច្នៃផលិតផលពីស្បែកក្រពើទៅជាវត្ថុប្រើប្រាស់ ឬវត្ថុអនុស្សាវរីយ៍នោះគឺជាការល្អណាស់ ព្រោះតាមរយៈផលិតផលទាំងអស់នោះ វាក៏ចូលរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរបរទេសឱ្យមកកម្សាន្តនៅកម្ពុជាកាន់តែច្រើនផងដែរ»។
បើតាមលោក សាន ហាក់ ផលិតផលធ្វើពីស្បែកក្រពើមានការពេញនិយមប្រើប្រាស់ច្រើននៅប្រទេសចិន ហេតុនេះ បើរដ្ឋាភិបាលអាចជួយរកទីផ្សារនាំចេញផ្ទាល់ទៅប្រទេសចិនដោយមិនឆ្លងកាត់តាមប្រទេសវៀតណាមនោះ វានឹងជួយឱ្យទីផ្សារ និងការចិញ្ចឹមក្រពើនៅកម្ពុជាល្អឡើងវិញជាមិនខាន។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ធ្លាប់បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ក្រសួងមិនដែលព្រងើយកន្តើយនៅក្នុងការស្វែងរកទីផ្សារអន្តរជាតិ ដើម្បីនាំចេញសត្វក្រពើដោយផ្ទាល់ពីកម្ពុជាទេ ប៉ុន្តែបញ្ហានៅត្រង់ផលិតផលនេះមិនមានការបញ្ជាទិញ។
លោកបន្តថា ការធ្លាក់ចុះតម្លៃ និងគ្មានទីផ្សារអាចបណ្តាលមកពីកត្តាមួយចំនួនដូចជា ភាពស្ងប់ស្ងាត់នៅទីផ្សារអន្តរជាតិ គុណភាពស្បែកក្រពើកម្ពុជាមិនត្រូវតាមស្តង់ដា និងការចិញ្ចឹមក្រពើមានច្រើននៅស្ទើរគ្រប់ប្រទេសក្នុងពិភពលោក។
លោកបានបញ្ជាក់ថា៖ «តម្លៃក្រពើនៅកម្ពុជា គឺអាស្រ័យលើទីផ្សារអន្តរជាតិ ហេតុនេះ ប្រសិនបើមិនមានការបញ្ជាទិញពីអន្តរជាតិ តម្លៃក៏ធ្លាក់ចុះទៅតាមនោះដែរ»។
លោកប្រាប់ទៀតថា លោកតែងខិតខំផ្សព្វផ្សាយពីសក្តានុពលរបស់កម្ពុជាទៅកាន់អ្នកវិនិយោគ ដើម្បីទាក់ទាញពួកគេឱ្យចូលមកបណ្តាក់ទុន ឬក៏រៀបចំការចិញ្ចឹមក្រពើដែលមានលក្ខណៈស្តង់ដា ស្របតាមការចង់បានរបស់អ្នកបញ្ជាទិញ ខណៈការចិញ្ចឹមក្រពើនៅកម្ពុជាភាគច្រើនជាការអនុវត្តតៗគ្នាដែលធ្វើឱ្យស្បែកក្រពើមិនមានលក្ខណៈល្អគ្រប់គ្រាន់។
លោកបន្ថែមថា៖ «ការចិញ្ចឹមបែបនេះបានធ្វើឱ្យស្បែកក្រពើយើងមិនត្រូវតាមស្តង់ដាដែលគេចង់បាន»។
លោក អ៊ិន ហ៊ុល អនុប្រធាននាយកដ្ឋានអភិរក្សជលផលនៃរដ្ឋបាលជលផល បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីចុងខែមិថុនាថា ទីផ្សារក្រពើ និងផលិតផលពីក្រពើនៅកម្ពុជា និងគ្រប់ប្រទេសលើពិភពលោកបានធ្លាក់ចុះដូចៗគ្នា ចាប់តាំងពីមានវត្តមានជំងឺកូវីដ ១៩ ព្រោះនៅក្នុងអំឡុងពេលជាង ២ ឆ្នាំកន្លងមកនេះ មិនសូវមានការធ្វើដំណើរ និងការប្រើប្រាស់ផលិតផលទាំងអស់នេះទេ។ ទោះយ៉ាងណា ក្រសួងកសិកម្មតែងតែផ្សព្វផ្សាយជាប្រចាំពីផលិតផលដែលកម្ពុជាមានទៅដល់អ្នកវិនិយោគគ្រប់ជាតិសាសន៍ ដើម្បីទាក់ទាញឱ្យពួកគេមកវិនិយោគនៅកម្ពុជា។
លោកបានថ្លែងថា៖ «យើងតែងតែធ្វើទំនាក់ទំនងជាមួយបរទេស ដើម្បីផ្សព្វផ្សាយពីផលិតផលរបស់កម្ពុជា ប៉ុន្តែជាក់ស្តែងតម្រូវការផលិតផលពីស្បែកក្រពើនៅប្រទេសគេ ក៏ធ្លាក់ចុះដែរនាពេលជាង ២ ឆ្នាំមកនេះ»។
តាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឱ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ ២០២១ ក្រពើដែលចិញ្ចឹមនៅកម្ពុជាមានចំនួន ២៩២ ១០០ ក្បាល ស្មើនឹង ៨៨,៥២ ភាគរយនៃផែនការ ៣៣០ ០០០ ក្បាល បើធៀបនឹងឆ្នាំ ២០២០ មានការថយចុះ ២១ ០០ ក្បាល៕