ផ្តើមចេញពីអាជីវកម្មតូចមួយ កសិករផលិតអំបិលនៅខេត្តកំពត កញ្ញា ថូង ធីតា បានប្រែក្លាយអាជីវកម្មផលិតអំបិលលក្ខណៈគ្រួសារ ទៅជាអាជីវកម្មដ៏ជោគជ័យ និងធ្វើជាគំរូសម្រាប់ជាការបំផុសគំនិតមួយសម្រាប់សហគ្រិនស្ត្រីដ៏ទៃទៀត បន្ទាប់ពីការផ្លាស់ប្តូរអាជីវកម្មបែបប្រពៃណី ទៅជាអាជីវកម្មស្តង់ដាថ្មីក្នុងសតវត្សទី២១ នេះ។
សហគ្រាស ថូង អ៊ិនធ័រប្រាយ ត្រូវបានបង្កើតក្នុងឆ្នាំ ២០១៦ គឺជាដំណើរដ៏គួរឱ្យកត់សម្គាល់មួយនៃការអត់ធ្មត់ តស៊ូ ព្យាយាម ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ស្ត្រីម្នាក់ ដើម្បីជម្នះរាល់បញ្ហាប្រឈម និងឧបសគ្គទាំងឡាយ។
ជាមួយប្រព័ន្ធអេកូខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយនិរន្តរភាព និងការច្នៃប្រឌិត កញ្ញា ធីតា បានផ្លាស់ប្តូរអាជីវកម្មផលិតអំបិល ដើម្បីគាំទ្រកសិករនិងសហគមន៍មូលដ្ឋាន និងផ្លាស់ប្តូរការយល់ឃើញអំពីកម្ពុជា នៅលើឆាកអន្តរជាតិ។ ដូច្នេះហើយទើបធ្វើឱ្យផលិតផលរបស់សហគ្រាស ថូង អ៊ិនធ័រប្រាយ ចូលទៅដល់ទីផ្សារនៅអឺរ៉ុប អាមេរិកខាងជើង និងជប៉ុន ដែលផលិតផលគុណភាពខ្ពស់ទាំងនោះរួមមានអំបិលសមុទ្រកំពត ផ្កាអំបិលក្រហម អំបិលស្លឹក និងផ្កាអំបិលធម្មជាតិកំពតជាដើម។
ការស្រលាញ់ ការតាំងចិត្ត និងការប្តេជ្ញាចិត្តរបស់កញ្ញា ធីតា ចំពោះគុណភាព គឺដោយសារតែកញ្ញាកើតនៅក្នុងគ្រួសារផលិតអំបិលតាំងពីជំនាន់ជីដូនជីតា ហើយកញ្ញាគឺជំនាន់ទី៣ ដែលបន្តធ្វើអាជីវកម្មវិស័យអំបិលនេះ ចេញមកពីភូមិតូចមួយក្នុងខេត្តកំពត»។
កញ្ញា ធីតា បានថ្លែងថា៖ «បំណងប្រាថ្នារបស់ខ្ញុំ គឺបង្កើតប្រព័ន្ធអេកូខ្សែសង្វាក់ផ្គត់ផ្គង់ ពីព្រោះខ្ញុំបានមើលឃើញវិស័យអំបិលនៅកម្ពុជាប្រឈមមុខនឹងហានិភ័យជាច្រើន ដែលអ្នកខ្លះចង់លក់ដីហើយឈប់ផលិតអំបិល»។ ប៉ុន្តែបើយើងឈប់ផលិត នោះនឹងធ្វើឱ្យបាត់បង់វប្បធម៌ប្រពៃណីទំនៀមទម្លាប់តាំងពីបុរាណមក។ ខ្ញុំចង់ជួយកសិករ និងសហគមន៍ តាមរយៈការបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរបស់ពួកគាត់»។
«ខ្ញុំក៏ចង់លើកមុខមាត់ប្រទេសកម្ពុជា ឱ្យគេស្គាល់នៅលើឆាកអន្តរជាតិ ដោយពីមុនគេស្គាល់ប្រទេសកម្ពុជា តែតាមរយៈប្រាសាទអង្គរវត្ត ឬតាមរយៈសម័យ ប៉ុល ពត ដូច្នេះពេលនេះខ្ញុំចង់ឱ្យគេស្គាល់ប្រទេសកម្ពុជា តាមរយៈផលិតផលដែលផលិតនៅកម្ពុជា»។
កញ្ញា ធីតា លើកឡើងថា ប្រព័ន្ធអេកូខ្សែសង្វាក់ផ្គត់ផ្គង់របស់កញ្ញា គឺប្រើប្រាស់ការរួមបញ្ចូលគ្នានៃអាជីវកម្មបែបប្រពៃណី និងសម័យទំនើប ដើម្បីធានានូវផលិតផលកម្ពុជាដែលល្អបំផុតនៅលើឆាកអន្តរជាតិ។
«យើងនៅតែផ្តោតលើវិធីសាស្ត្របែបប្រពៃណី ប៉ុន្តែយើងគាំទ្រកសិករតាមរយៈបច្ចេកទេស ដើម្បីផលិតផលិតផលឱ្យកាន់តែល្អ ទាំងគុណភាព បរិមាណ និងអនាម័យ ដើម្បីធានាបាននូវតម្រូវការទីផ្សារ។
«វិធីសាស្ត្រមួយចំនួនក៏អនុវត្តចំពោះកសិកម្មផងដែរ ដោយជួយកាត់បន្ថយថ្លៃដើមផលិតកម្ម ដើម្បីទទួលបានលទ្ធផលល្អប្រសើរ»។
«សម្រាប់ដំណើរការផលិត ពិតណាស់គំរូរបស់យើង គឺផ្តោតលើបច្ចេកវិទ្យា ជាមួយនឹងម៉ាស៊ីនសម្ងួត និងម៉ាស៊ីនបែងចែកចំណាត់ថ្នាក់ ព្រមទាំងឆ្លងកាត់មន្ទីរពិសោធន៍ ដើម្បីធានាគុណភាព និងសុវត្ថិភាពនៃផលិតផលសម្រេច រាប់ចាប់ពីវត្ថុធាតុដើមរហូតដល់ការវេចខ្ចប់ចុងក្រោយ»។
កញ្ញា ធីតា បានបន្ថែមថា៖ «ស្របជាមួយទីផ្សារ ម៉ាកយីហោ ការរចនា និងការផ្សារភ្ជាប់ទៅកាន់ទីផ្សារអន្តរជាតិ ទាំងនេះយើងជឿជាក់ថា ជាគំរូខ្សែសង្វាក់ផ្គត់ផ្គង់ល្អបំផុតរបស់យើង»។
កញ្ញាក៏បានបញ្ជាក់បន្ថែមថា បញ្ហាប្រឈមដំបូងដែលកញ្ញាបានជួប គឺការបញ្ចុះបញ្ចូលកសិករផលិតអំបិលឱ្យយល់អំពីអត្ថប្រយោជន៍នៃការបម្លែងពីអាជីវកម្មបែបគ្រួសារបែបប្រពៃណី ទៅជាអាជីវកម្មបែបសម័យទំនើប។
«នៅពេលចាប់ផ្តើមដំបូង មានបញ្ហាប្រឈមច្រើន ពីព្រោះវាជាគំរូអាជីវកម្មថ្មី ដែលយើងបម្លែងពីអាជីវកម្មលក្ខណៈគ្រួសារ បែបប្រពៃណីទៅអាជីវកម្មដែលមានរចនាសម្ព័ន្ធថ្មី បែបបទថ្មី និងស្តង់ដារថ្មី»។
«ដូច្នេះខ្ញុំត្រូវពន្យល់ពីប្រតិបត្តិការថ្មីនេះដល់កសិករ ដើម្បីឱ្យពួកគាត់សហការជាមួយយើង ឱ្យពួកគាត់យល់ដឹងអំពីផលិតមួយដែលមានគុណភាព ស្របតាមស្តង់ដារទំនើប»។
កញ្ញា ធីតា ពន្យល់ថា៖ «វាត្រូវការពេលវេលា ប៉ុន្តែឥឡូវនេះសហគ្រាស ថូង អ៊ិនធ័រប្រាយ បានពង្រីក និងបញ្ចូលសមាជិកប្រហែល ៣០ នាក់ ដែលធ្វើការរួមគ្នាជាអ្នកផលិតអំបិលធម្មជាតិនៅក្នុងខេត្តកំពត»។
នៅក្នុងដំណើរនៃការផ្លាស់ប្តូរ និងការរីកចម្រើននេះ ការប្តេជ្ញាចិត្តរបស់កញ្ញា ធីតា ដើម្បីភាពជោគជ័យបានធ្វើឱ្យគាត់ទទួលបានការទទួលស្គាល់ជាច្រើន មុនពេលក្លាយជាសាស្ត្រាចារ្យមួយរូប និងជាសហគ្រិនស្ត្រីដ៏រឹងមាំដូចសព្វថ្ងៃ។
«ខ្ញុំមិនមែនមកពីគ្រួសារធូធារទេ ដូច្នេះខ្ញុំត្រូវសិក្សា និងបណ្តុះផ្នត់គំនិតអំពីការរកស៊ី រៀនសូត្រពីបទពិសោធន៍ និងមានការលើកទឹកចិត្តខ្លួនឯងឱ្យខ្ពស់»។
ជាលទ្ធផលកញ្ញាបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈនៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងថ្នាក់ Diploma ពី Ecole Nationale d''Administration ប្រទេសបារាំង។ កញ្ញាក៏ជាសាស្ត្រាចារ្យនៅ NUMIC សម្រាប់ថ្នាក់ធុរកិច្ចអន្តរជាតិ ហើយកញ្ញាក៏ជាប្រតិភូ Terramadre សម្រាប់ប្រទេសកម្ពុជា ក្រោមមូលនិធិ Slow Food Foundation ផងដែរ។
ភាពប៉ិនប្រសប់ក្នុងអាជីវកម្មនេះ បានធ្វើឱ្យកញ្ញាទទួលបានពានរង្វាន់ជាច្រើន ក្នុងនោះកញ្ញាឈ្នះពានរង្វាន់សហគ្រិនស្ត្រីវ័យក្មេងកម្ពុជាដំបូងក្រោម CYEA ក្នុងឆ្នាំ ២០១៨ និងពានរង្វាន់សហគ្រិនជាតិកម្ពុជាដំបូងគេក្នុងឆ្នាំ ២០២០។
កញ្ញា ធីតា បានលើកឡើងថា កញ្ញាចង់ឱ្យដំណើរនៃសហគ្រាស ថូង អ៊ិនធ័រប្រាយ កា្លយជាការលើកទឹកចិត្តមួយដល់សហគ្រិនវ័យក្មេងដ៏ទៃទៀត ឱ្យគេចេះចាប់យកឱកាសដើម្បីការអភិវឌ្ឍខ្លួនឱ្យកាន់តែរីកចម្រើនស្រាប់ខ្លួនឯង ក៏ដូចជាសង្គមជាតិ។
«យើងបានកសាងសហគមន៍មួយដែលកសិកររបស់យើងត្រូវបានលើកទឹកចិត្តក្នុងការបង្កើតផលិតផលដែលមានគុណភាពខ្ពស់បំផុត មិនត្រឹមតែសម្រាប់លក់នៅក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងនៅទីផ្សារអន្តរជាតិទៀតផង។ នេះផ្តល់ឱ្យពួកគាត់នូវប្រាក់ចំណូលកាន់តែខ្ពស់ ដើម្បីចិញ្ចឹមគ្រួសាររបស់ពួកគាត់ឱ្យមានជីវភាពរស់នៅកាន់តែប្រសើរ និងលើកកម្ពស់ផលិតផលផលិតនៅកម្ពុជា»។
«ក្រៅពីជួយលើកកម្ពស់ជីវភាពរបស់ប្រជាកសិករ យើងក៏ចង់លើកទឹកចិត្តដល់អ្នកដទៃ ជាពិសេសសហគ្រិនស្ត្រីវ័យក្មេង ឱ្យពួកគាត់ខិតខំអភិវឌ្ឍន៍ខ្លួនឯងឱ្យកាន់តែប្រសើរ ដើម្បីភាពជោគជ័យ ក៏ដូចជាលើកកម្ពស់មុខមាត់ប្រទេសជាតិរបស់យើងផងដែរ»។
កញ្ញា ធីតា បានបន្ថែមថា៖ «បេសកកម្មរបស់យើង គឺជំរុញអ្នកផលិតក្នុងស្រុក ដូចជាកសិករ និងក្មេងជំនាន់ក្រោយឱ្យចេះចាប់យកឱកាស និងធ្វើអ្វីដែលពួកគាត់អាចធ្វើបាន ដើម្បីរួមចំណែកដល់សហគមន៍ និងប្រទេសជាតិឱ្យកាន់តែទូលំទូលាយ និងរួមចំណែកដល់ការរីកចម្រើននៃសេដ្ឋកិច្ច និងវឌ្ឍនៈភាពរបស់ប្រទេសជាតិ»៕