ភ្នំពេញៈ SUMI (Cambodia) Wiring Systems ដែលជាក្រុមហ៊ុនផលិតខ្សែភ្លើងរថយន្តគ្រប់គ្រងដោយវិនិយោគិនជប៉ុន បានពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួនដើម្បីបំពេញតម្រូវការដែលកើនឡើង បន្ទាប់ពីបង្ហាញវត្តមានជិត ១ ទសវត្សរ៍នៅក្នុងប្រទេសកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានបានពីក្រុមហ៊ុន Royal Group Phnom Penh SEZ កាលពីថ្ងៃទី ២០ ខែកក្កដា ក្រុមហ៊ុន SUMI បានចាប់ផ្តើមប្រតិបត្តិការរោងចក្រថ្មី ១ ទៀត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ (PPSEZ)។
SEZ ឱ្យដឹងថា៖ «ក្នុងនាមជាក្រុមហ៊ុនអភិវឌ្ឍន៍នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យើងមានមោទនភាពដែលបានឃើញការរីកចម្រើនឥតឈប់ឈរ ការអភិវឌ្ឍ និងការពង្រីករបស់ SUMI (Cambodia) Wiring Systems ដែលជាក្រុមហ៊ុនវិនិយោគមកពីប្រទេសជប៉ុន ខាងផ្នែកផលិតខ្សែភ្លើងសម្រាប់រថយន្ត»។
ក្រុមហ៊ុន SUMI (Cambodia) Wiring Systems គឺជាសមាជិករបស់ក្រុមហ៊ុន Sumitomo Wiring Systems ក្នុងប្រទេសជប៉ុន។ ក្រុមហ៊ុននេះចាប់ផ្តើមប្រតិបត្តិការលើកដំបូងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ កាលពីខែមេសា ឆ្នាំ ២០១២ ហើយពេលនេះបានផ្ដល់ការងារដល់កម្មករ និងបុគ្គលិកកម្ពុជាចំនួន ៤ ៧០០ នាក់។ កាលពីដើមខែកក្កដា ឆ្នាំ ២០២២ ពួកគេបានចាប់ផ្តើមប្រតិបត្តិការរោងចក្រថ្មីមួយទៀត។
ក្រុមហ៊ុនបានលើកឡើងថា៖ «រោងចក្រ Built-to-Suit នេះគឺជាគម្រោងទី៣ ដែលយើងសាងសង់សម្រាប់ក្រុមហ៊ុន Sumi (Cambodia) Wiring Systems។ យើងមានកិត្តិយសជាខ្លាំងដែលបានក្លាយជាផ្នែកមួយនៃដំណើរការពង្រីកនេះ។ យើងនឹងបន្តព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីគាំទ្រវិនិយោគិនទាំងអស់របស់យើងតាមគ្រប់មធ្យោបាយដែលយើងអាចធ្វើទៅបាន»។
លោក Hiroshi Uematsu នាយកប្រតិបត្តិក្រុមហ៊ុន Royal Group Phnom Penh SEZ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ការពង្រីករបស់ក្រុមហ៊ុន SUMI គឺឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងការជឿទុកចិត្តរបស់ក្រុមហ៊ុនមួយនេះ លើការវិនិយោគរបស់ពួកគេនៅក្នុងប្រទេសកម្ពុជា។
លោកបានបញ្ជាក់ថា៖ «យើងមានមោទនភាពដែលមើលឃើញការរីកចម្រើនឥតឈប់ឈរ ការអភិវឌ្ឍ និងការពង្រីករោងចក្ររបស់ពួកគេ ហើយវាមានកិត្តិយសយ៉ាងខ្ពស់ក្នុងការក្លាយជាផ្នែកមួយនៃដំណើរការនេះ»។ លោកបន្តថា ក្រុមហ៊ុនមួយនេះកំពុងផលិតឧបករណ៍ Wire Harness សម្រាប់រថយន្ត ហើយផលិតផលទាំងអស់នេះ គឺសម្រាប់នាំចេញ។
លោកលើកឡើងថា៖ «ដោយសារតែការបន្តគាំទ្ររបស់រដ្ឋាភិបាលកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងសាជីវកម្មរបស់វិនិយោគិនរបស់យើង រោងចក្រផលិតកម្មនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់យើងអាចបន្តដំណើរការបន្ទាប់ពីជំងឺកូវីដ ១៩ កើតឡើង ហើយតម្លៃនាំចេញ និងចំនួនបុគ្គលិកបានបន្តកើនឡើង»។ លោកបន្ថែមថា បច្ចុប្បន្នក្រុមហ៊ុន SEZ មានក្រុមហ៊ុនចំនួន ១០២ កំពុងដំណើរការ។
PPSP ឱ្យដឹងថា ដោយបានដាក់បញ្ចូលកាលពីថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០១១ រោងចក្រដំបូងរបស់ក្រុមហ៊ុន Sumi Cambodia បានបើកដំណើរការកាលពីឆ្នាំ ២០១២។ ក្រុមហ៊ុននេះផលិតខ្សែភ្លើងសម្រាប់រថយន្ត ដើម្បីនាំចេញទៅកាន់ប្រទេសជប៉ុន ហើយបច្ចុប្បន្នមានបុគ្គលិកចំនួន ៣ ៨០០ នាក់ ឬកើនឡើងចំនួន ៣ ដង ធៀបនឹងឆ្នាំ ២០១៨៕