ភ្នំពេញៈ កម្ពុជាកំពុងបន្តស្រាវជ្រាវពូជពោតក្រហមដែលជាគ្រាប់ពូជអីប្រ៊ិដកម្ពុជាទី ២ (CHM02) បន្ថែមទៀត ក្រោមការជួយឧបត្ថម្ភពីប្រទេសកូរ៉េ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារនាំចេញទៅក្រៅប្រទេស និងការផលិតចំណីសត្វនៅក្នុងស្រុក។
នៅក្នុងជំនួបជាមួយប្រធានថ្មីនៃកម្មវិធីកសិកម្មអន្តរជាតិកូរ៉េ ហៅកាត់ថា KOPIA កាលពីថ្ងៃទី ២១ ខែកក្កដា លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា កម្មវិធីកសិកម្មអន្តរជាតិកូរ៉េ KOPIA បានជួយយ៉ាងច្រើនលើការងារបណ្ដុះបណ្ដាល ស្រាវជ្រាវពូជដំណាំដែលកំពុងមានសក្ដានុពល ដូចជាពូជពោតក្រហម ដែលជាដំណាំដ៏មានសក្ដានុពល សម្រាប់កម្ពុជា ដោយពូជថ្មីនេះនឹងអាចពង្រីកផលិតកម្មឱ្យកាន់តែច្រើន ស្របតាមទស្សនវិស័យវែងឆ្ងាយរបស់ក្រសួងក្នុងការជំរុញការផលិត ផ្គត់ផ្គង់ទូទាំងប្រទេសសម្រាប់ផលិតចំណីសត្វ និងឈានទៅធ្វើការនាំចេញពោតក្រហមឱ្យបានច្រើនថែមទៀត។
លោកបានបញ្ជាក់ថា៖ «យើង សូមស្នើដល់ភាគីកូរ៉េ និងអគ្គនាយកដ្ឋានកសិកម្មបន្តកិច្ចសហការដ៏ល្អនេះ ដើម្បីជំរុញការផលិត និងបន្តការបង្កាត់ពូជថ្មីៗបន្ថែមទៀត គឺពូជ CHM02 និង CHM03។ ទន្ទឹមនឹងនេះ ដើម្បីនិរន្តរភាពនៃការផលិត និងបង្កាត់ពូជថ្មីនេះ សម្រាប់ផ្គត់ផ្គង់ទូទាំងប្រទេស គួរពិនិត្យ ពិចារណា និងជ្រើសរើសវិស័យឯកជនដែលមានទាំងធនធាន និងសក្ដានុពលឱ្យចូលរួមក្នុងការងារនេះ»។
លោក Song Young Ju ប្រធានថ្មីនៃកម្មវិធីកសិកម្មអន្តរជាតិកូរ៉េ ហៅកាត់ថា KOPIA បានលើកឡើងថា ថា ពូជ CHM01 គឺទទួលបានមកពីកិច្ចខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវ និងបង្កាត់ដោយអ្នកជំនាញការកូរ៉េ និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកសិកម្មនៅស្ថានីយពិសោធន៍កសិកម្មបន្ទាយដែកលើផ្ទៃដី ៧ ហិកតា ដើម្បីចែកជូនកសិករតាមខេត្តគោលដៅ។
លោកបានបញ្ជាក់ទៀត៖ «ពូជអីប្រ៊ិដកម្ពុជាទី១ (CHM01) នេះគឺជាពូជដ៏ល្អ និងអាចប្រកួតប្រជែងជាមួយពូជនាំចូលមកពីបរទេសបាន ហើយផែនការអនុវត្ត ៣ ឆ្នាំ ២០២១-២០២៣ នៃគម្រោងនេះ គឺនឹងចែកជូនប្រជាកសិករក្នុងមួយគ្រួសារទទួលបាន ២០ គីឡូ សម្រាប់ធ្វើការដាំដុះក្នុង ១ ហិកតា ដោយត្រូវចែកជូនកសិករដាំដុះឱ្យបាន ៣០០ ហិកតា។ ទិន្នផលដែលយើងរំពឹង ពូជនេះនឹងអាចផ្តល់ផលពី ៩-១០ តោន ក្នុង ១ ហិកតា សម្រាប់ពោតក្រហមហាលស្ងួត»។
លោក នៅ ថុង ប្រធានការិយាល័យគ្រប់គ្រងពូជដំណាំ គ្រប់គ្រងពូជដំណាំឧស្សាហកម្ម នៃក្រសួងកសិកម្ម បានឱ្យដឹងដែរថាពូជអីប្រ៊ិដកម្ពុជាទី ១ (CHM01) បានស្រាវជ្រាវជោគជ័យកាលពីឆ្នាំ ២០១៩ ដោយកាលពីឆ្នាំ ២០២១ បានចែកដល់កសិករដាំដុះសាកល្បង ១០០ ហិកតា និងឆ្នាំ ២០២២ នេះ ចំនួន ២០០ ហិកតា។
លោកបានបន្ថែមថា កំណើននៃតម្រូវពូជអីប្រ៊ិដកម្ពុជាទី ១ (CHM01) ដែលជាពូជដំបូងគេរបស់កម្ពុជានេះ កាន់តែមានការកើនឡើង ដោយសារតែកសិករមើលឃើញថា ពូជនេះមានគុណភាពល្អនិងប្រើរយៈពេលខ្លីក្នុងការដាំដុះ ដែលប្រសើរជាងពូជពោតដែលនាំចូល និងធ្លាប់ដាំដុះកន្លងមក។
លោកបានបញ្ជាក់ដូច្នេះថា៖ «យើងដឹងហើយថា ពោត គឺជាដំណាំស្បៀងបន្ទាប់ពីស្រូវអង្ករ ហើយទីផ្សារពោតមិនសូវមានបញ្ហាដូចទីផ្សារដំណាំផ្សេងទៀតនោះទេ។ ម្យ៉ាងវិញទៀតតម្រូវការសម្រាប់នាំចេញ និងប្រើប្រាស់ក្នុងស្រុកសម្រាប់រោងចក្រផលិតចំណីសត្វកាន់តែកើនឡើង ទើបក្រសួងកសិកម្មនិង KOPIAខិតខំធ្វើយ៉ាងណា ស្រាវជ្រាវផលិតពូជថ្មីៗបន្តទៀត ដើម្បីផ្តល់ពូជល្អនិងមានគុណភាពដល់កសិករដាំដុះ»។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ការនាំចេញគ្រាប់ពោតមានការថយចុះ ដោយសម្រេចបានចំនួន ៨៤ ៨៩៨,៩០ តោន សម្រាប់ក្នុងឆមាសទី ១ ឆ្នាំ ២០២២ ធ្លាក់ចុះចំនួន ៣៩,៦៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។ ក្នុងនោះនាំចេញទៅប្រទេសវៀតណាមចំនួន ៧៦ ៥៤០ តោន, ប្រទេសថៃចំនួន ៧ ៥០០ តោន កោះតៃវ៉ាន់ចំនួន ៨៤៦,៦០ តោន និងប្រទេសកូរ៉េចំនួន ១២,៣០ តោន៕