
ការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។ រូបថត សហការី
ភ្នំពេញៈ កម្ពុជានឹងពិនិត្យមើលលទ្ធភាពនៃកសាងផ្លូវភ្ជាប់រវាងកំពង់ផែក្រុងព្រះសីហនុ ជាមួយនឹងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងសម្រួលដល់ការដឹកជញ្ជូនចេញចូលកំពង់ផែ។
នៅក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក កាលពីថ្ងៃទី ២២ ខែកក្កដា លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាននិយាយថា ក្រុមហ៊ុនដែលចូលរួមស្ថាបនា និងពង្រីកកំពង់ផែនេះតាមជំហានជាបន្តបន្ទាប់នឹងត្រូវជ្រើសរើសដោយផ្អែកលើលក្ខណសម្បត្តិគ្រប់គ្រាន់ ពោលគឺជាក្រុមហ៊ុនមានបច្ចេកវិទ្យាទំនើប ប្រសិទ្ធភាព ផលិតភាព និងសុវត្ថិភាពខ្ពស់ ដើម្បីធ្វើយ៉ាងណាធានាបាននូវការអនុវត្តត្រឹមត្រូវតាមនីតិវិធីរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។
លោកបានថ្លែងថា៖ «គម្រោងពង្រីកកំពង់ផែក្រុងព្រះសីហនុជំហានទី២ និងជំនាញទី៣ ក្រសួងនឹងពិនិត្យមើលលទ្ធភាពនៃកសាងផ្លូវតភ្ជាប់រវាងកំពង់ផែក្រុងព្រះសីហនុ ទៅផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ក៏ដូចជាគ្រោះថ្នាក់ចរាចរណ៍ដែលតែងតែកើតមានជាញឹកញាប់នៅលើកំណាត់ផ្លូវជាតិលេខ ៤ នាពេលបច្ចុប្បន្ន»។
ប្រធានសមាគមដឹកជញ្ជូន និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា លោក ជា ចាន់ដារ៉ា បានប្រាប់ថា ការកសាងផ្លូវតភ្ជាប់រវាងកំពង់ផែក្រុងព្រះសីហនុទៅផ្លូវល្បឿនលឿននឹងក្លាយជាជម្រើសថ្មីមួយទៀត ដែលសម្រួលបានច្រើនសម្រាប់ពាណិជ្ជករនៅក្នុងវិស័យដឹកជញ្ជូន។
លោកបន្ថែមថា ការដឹកជញ្ជូនតាមផ្លូវជាតិតែងកកស្ទះ ដោយសារតែការធ្វើចរាចរណ៍ច្រើន និងនៅរដូវវស្សា អាចនឹងមានកកស្ទះដោយសារទឹកលិចផ្លូវផងដែរ។
លោកបញ្ជាក់ថា៖ «ការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវនេះនឹងធ្វើឱ្យប្រព័ន្ធដឹកជញ្ជូនកាន់តែល្អប្រសើរ និងជំរុញវិស័យដឹកជញ្ជូន និងឡូជីស្ទិកនៅកម្ពុជាកាន់តែមានភាពប្រកួតប្រជែង។ ការរៀបចំឱ្យមានផ្លូវកាន់តែច្រើននឹងបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ ពិសេសបញ្ចៀសការកកស្ទះផ្សេងៗ»។
ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា លោក ស៊ិន ចន្ធី បានប្រាប់ថា នៅពេលមានការសាងសង់ចំណតផែកុងតឺន័រថ្មី នឹងធ្វើឱ្យការចូលចតរបស់នាវាធំៗមានកាន់តែច្រើន ដែលនឹងជំរុញឱ្យការដឹកជញ្ជូនតាមផ្លូវគោកកាន់តែមមាញឹក។
លោកបានបន្តថា នៅពេលការដឹកជញ្ជូនកាន់តែមមាញឹក នឹងធ្វើឱ្យមានការកកស្ទះ ជាពិសេសនៅតាមផ្លូវចេញពីកំពង់ផែ ដូច្នេះនៅមានផ្លូវតភ្ជាប់រវាងកំពង់ផែមកផ្លូវល្បឿនលឿននឹងសម្រួលបានកាន់ច្រើនសម្រាប់ការដឹកជញ្ជូន។
លោកបានបញ្ជាក់ថា៖ «ដូចយើងដឹងហើយថាផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវរបៀងយុទ្ធសាស្ត្រសំខាន់បំផុតរបស់កម្ពុជា ដែលមិនត្រឹមតែជួយកាត់បន្ថយពេលវេលាធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំជួយកាត់បន្ថយតម្លៃភ័ស្តុភារកម្មផងដែរ»។
បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីនេះ នឹងត្រូវសាងសង់ឡើងចែកចេញជា ៣ ជំហាន ដោយជំហានទី១ នឹងចាប់ផ្តើមនៅចុងឆ្នាំ ២០២២ ហើយនឹងបញ្ចប់នៅឆ្នាំ ២០២៥ ខណៈជំហានទី២ គ្រោងបញ្ចប់នៅឆ្នាំ ២០២៨ និងជំហានទី៣ គ្រោងបញ្ចប់នៅឆ្នាំ ២០៣០ ដើម្បីបំពេញតម្រូវការជាក់ស្តែងនៃការកើនឡើងបរិមាណកុងតឺន័រដែលឆ្លងកាត់កំពង់ផែមួយនេះ៕
វីដេអូ៖