ភ្នំពេញៈ ក្រុមហ៊ុន ហ៊ុន ទី ដែលទទួលបានសិទ្ធិធ្វើការកែច្នៃត្រីប្រាសម្រាប់នាំចេញបាននិងកំពុងជំរុញដំណើរការខ្សែចង្វាក់ផលិតកម្មកែច្នៃរបស់ខ្លួន ដើម្បីនាំចេញត្រីប្រាសាកល្បងជាលើកដំបូងក្នុងបរិមាណ ៤០ តោន នៅខែសីហាខាងមុខ។
កាលពីពេលថ្មីៗនេះក្រុមការងារនៃរដ្ឋបាលជលផលបានជួបប្រជុំជាមួយកសិដ្ឋាន និងក្រុមហ៊ុនកែច្នៃនាំចេញដែលចុះបញ្ជីជាមួយភាគីចិន ដើម្បីដោះស្រាយបញ្ហារាំងស្ទះ និងជំរុញការនាំចេញ។ ក្នុងកិច្ចប្រជុំនោះក្រុមហ៊ុនបានលើកឡើងថា ខ្លួននឹងសាកល្បងនាំចេញដំបូងក្នុងបរិមាណ ៤០ តោន នៅខែសីហាខាងមុខ។
លោក ហាវ វិសិដ្ឋ អនុប្រធានរដ្ឋបាលជលផលបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ២៧ ខែកក្កដាថា ក្រុមហ៊ុនកំពុងសាកល្បងដំណើរការផលិតកម្មកែច្នៃលើបរិមាណត្រី ១-២ តោន ក្នុង ១ ថ្ងៃ ដែលទិញពីកសិដ្ឋាន ១ ក្នុងចំណោមកសិដ្ឋាន ៣ ទទួលបានសិទ្ធិក្នុងការចិញ្ចឹមផ្គត់ផ្គង់នាំចេញទៅចិន។
លោកបន្តថា រដ្ឋបាលជលផលផ្តល់ការគាំទ្រលើការពិនិត្យគុណភាព សុវត្ថិភាពនៃត្រីប្រារស់ ដែលជាវត្ថុធាតុដើមសម្រាប់ការកែច្នៃ ដោយវិភាគទៅលើសារធាតុថ្នាំ និងជាតិពុលក្នុងសាច់ត្រីរួចរាល់ហើយ។
លោកថ្លែងថា៖ «ក្រុមហ៊ុននាំចេញបានចាប់ផ្តើមទិញត្រីប្រាពីកសិដ្ឋាននៅព្រែកព្នៅកាលពីថ្ងៃសៅរ៍ ទី ២៣ ខែកក្កដា ដោយទិញក្នុង ១ ថ្ងៃ ១-២ តោន ដើម្បីកែច្នៃបង្កក និងបន្តទិញរហូតគ្រប់ ៤០ តោន ទើបនាំចេញទៅប្រទេសចិន។ ការនាំចេញនេះ គឺជាការសាកល្បង ដើម្បីស្ទាបស្ទង់មើលពីចំណូលចិត្តរបស់ប្រជាជនចិនចំពោះត្រីប្រា»។
បើតាមលោក វិសិដ្ឋ មូលហេតុដែលក្រុមហ៊ុននាំចេញ ទិញត្រីពីកសិដ្ឋានតែ ១ ក្នុងការសាកល្បងនេះ គឺដោយសារកសិដ្ឋាននៅព្រែកព្នៅ បានធ្វើកិច្ចសន្យាជាមួយក្រុមហ៊ុននាំចេញ ហ៊ុន ទី នេះ ខណៈកសិដ្ឋាន ២ ទៀត ក្រុមហ៊ុនមិនទាន់ធ្វើកិច្ចសន្យាជាមួយដោយសារតែនេះជាការសាកល្បងសិន។
លោក អ៊ុំ ចាន់ចំណាន ប្រធានផ្នែករដ្ឋបាលកសិដ្ឋានចិញ្ចឹមត្រីប្រា យន់ សុវណ្ណារិទ្ធ ដែលស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុននាំចេញមុនគេ បានប្រាប់ថា មកទល់ពេលនេះ ក្រុមហ៊ុនបានបញ្ជាទិញលើកទី១ បានប្រមាណ ៣ តោន ខណៈក្រុមហ៊ុនមានផែនការទិញពីកសិដ្ឋាន ៥ តោន ក្នុង ១ ថ្ងៃ។
លោកបានបន្តថា កសិដ្ឋាន និងក្រុមហ៊ុនបានចុះកិច្ចសន្យាព្រមព្រៀងគ្នានៅក្នុងតម្លៃមួយដែលអ្នកចិញ្ចឹមអាចទទួលយកបាន។
លោកប្រាប់ថា៖ «យើងបានព្រមព្រៀងគ្នាក្នុងតម្លៃមួយដែលកសិដ្ឋានអាចទទួលយកបាន។ ក្រុមហ៊ុនមានតម្រូវការត្រីប្រាដែលមានទម្ងន់ចន្លោះពី ៩០០ ក្រាម ទៅ ១ ១០០ ក្រាម ហើយត្រីដឹកចេញទៅរោងចក្រកែច្នៃត្រូវតែរស់ទាំងអស់ ដើម្បីរក្សាគុណភាពសាច់ត្រីឱ្យនៅស្រស់។ យើងត្រៀមខ្លួនរួចហើយក្នុងការពង្រីកការចិញ្ចឹម នៅពេលត្រីប្រាយើងទទួលបានការគាំទ្រពីជនជាតិចិន»៕