ភ្នំពេញៈ កម្ពុជាគ្រោងបង្កើនការនាំចេញអង្ករក្រអូប និងអង្ករសរីរាង្គទៅកាន់ទីផ្សារអាមេរិក ខណៈសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) យល់ឃើញថា ទីផ្សារនេះមានសក្ដានុពលខ្លាំងសម្រាប់អង្ករប្រភេទទាំងនេះ។
លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ដែលបច្ចុប្បន្នកំពុងតែបំពេញទស្សនកិច្ចអាជីវកម្មនៅអាមេរិក និងតំបន់អឺរ៉ុបបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា លោកបានជួបស្ថានកុងស៊ុលកម្ពុជា អាជីវករ អ្នកចែកចាយ និងអ្នកផ្គត់ផ្គង់អាហារផ្សេងៗទៀតរបស់អាមេរិក។ លោកបានឱ្យដឹងថា កម្ពុជានៅតែទទួលបានឱកាសដ៏ធំក្នុងការពង្រីកការនាំចេញអង្ករក្រអូប និងអង្ករសរីរាង្គរបស់ខ្លួនទៅអាមេរិក។
លោកនិយាយថា៖ «យើងចាំបាច់ត្រូវបង្កើនការនាំចេញទៅអាមេរិក ពិសេសរដ្ឋកាលីហ្វ័រនីញ៉ា ដែលជាកន្លែងមានប្រជាជនកម្ពុជា និងជនជាតិអាស៊ីភាគច្រើនរស់នៅ។ ទីក្រុងមួយនេះគឺជាបណ្តាញចែកចាយដ៏ធំមួយនៅអាមេរិកទៅបណ្ដារដ្ឋផ្សេងទៀត»។
លោកបញ្ជាក់ថា៖ «ខ្ញុំបានចុះទៅពិនិត្យមើលឃ្លាំងធំៗរបស់ក្រុមហ៊ុនផ្គត់ផ្គង់ និងចែកចាយ និងក្រុមហ៊ុនដឹកជញ្ជូនក្នុងការស្វែងរកលទ្ធភាពនាំចូលអង្កររបស់យើង ព្រោះយើងចង់ផ្សព្វផ្សាយអង្ករម្លិះអង្គរ ដែលបានគ្រងតំណែងគុណភាពល្អដាច់គេក្នុងរយៈពេល ៤ ឆ្នាំជាប់គ្នា ដោយសារវាជាអង្ករដ៏ប្រណីត ដូច្នេះយើងអាចប្រកួតប្រជែងជាមួយក្រុមហ៊ុនផ្សេងទៀតនៅក្នុងទីផ្សារនោះ»។
លោកបន្ថែមថា៖ «ទន្ទឹមនឹងនោះយើងគ្រោងនឹងរៀបចំពិធីទិវាអង្ករកម្ពុជានៅរដ្ឋកាលីហ្វ័រនីញ៉ា ហើយខ្ញុំនឹងពិភាក្សាជាមួយសមាជិកសហព័ន្ធស្រូវអង្ករ-កម្ពុជា ស្ថាប័នរដ្ឋាភិបាល និងដៃគូផ្សេងទៀតដែលបានជួយដល់ឧស្សាហកម្មស្រូវអង្ករ»។
លោកបញ្ជាក់ថា៖ «នៅពេលនេះ យើងកំពុងស្ថិតក្នុងដំណើរផ្លូវដ៏ល្អមួយ ព្រោះយើងមានគម្រោងធ្វើការនាំចេញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយសារយើងធ្លាប់នាំចេញពីពេលមុន ប៉ុន្តែគ្រាន់តែចំនួនតិចប៉ុណ្ណោះ។ នេះគឺជាមូលហេតុដែលយើងចង់ពង្រីកទីផ្សារនៅអាមេរិក។ យើងកំពុងធ្វើការងារជាមួយដៃគូរបស់យើងទាំងអស់ និងអ្នកនាំចេញអង្ករក្នុងស្រុក ព្រោះយើងត្រូវបង្កើតយីហោអង្កររបស់យើងឡើងវិញ»។
លោក ចាន់ សុឃាំង ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Signatures of Asia Co Ltd បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ២៧ ខែកក្កដាថា ក្រុមហ៊ុនរបស់លោកធ្លាប់បាននាំចេញអង្ករ ២-៣ កុងតឺន័រទៅទីផ្សារអាមេរិក ហើយមានការប្រកួតប្រជែងគ្នាខ្លាំងជាមួយបណ្ដាប្រទេសផ្សេងទៀត ជាពិសេសប្រទេសថៃដែលគ្របដណ្ដប់លើទីផ្សារនេះ។
លោកលើកឡើងថា៖ «ខ្ញុំគិតថា ជាមួយគំនិតផ្តួចផ្តើមក្នុងការរៀបចំពិធីបុណ្យស្រូវអង្ករនឹងអាចឱ្យយើងមានឱកាសដ៏ល្អក្នុងការចាប់ផ្ដើមការនាំចេញរបស់យើងឡើងវិញ ខណៈអង្ករយើងក៏ទទួលបានការគាំទ្រពីសហគមន៍ខ្មែរនៅទីនោះដែរ»។
របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឱ្យដឹងថា ក្នុងឆមាសទី ១ ឆ្នាំ ២០២២ ការនាំចេញអង្ករសរុបរបស់កម្ពុជាមាន ៣២៧ ២០០ តោន កើន ១៦,៦៧ ភាគរយ បើធៀបទៅនឹងឆមាសទី ១ ឆ្នាំ ២០២១។
បរិមាណអង្ករនាំទៅបណ្តាប្រទេសសហភាពអឺរ៉ុប (២៣ ប្រទេស) ចំនួន ៩៨ ៦២៤ តោន កើន ៤៦,៩០ ភាគរយ, ប្រទេសចិន ១៦៨ ២៨០ តោន បានកើន ១៧,៤៤ ភាគរយ, ប្រទេសក្នុងតំបន់អាស៊ាន (៤ ប្រទេស) ២៨ ៦៨០ តោន កើន ឡើង ៥,៦៩ ភាគរយ៕