ភ្នំពេញៈ រដ្ឋសភា បានសម្រេចអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងរវាងកម្ពុជា និងតំបន់រដ្ឋបាលពិសេសម៉ាកាវ ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធប្រាក់ចំណូល និងការបង្ការគេចវេះពន្ធនិងចៀសវាងពន្ធ ដើម្បីទាក់ទាញ និងសម្រួលការវិនិយោគ និងការធ្វើពាណិជ្ជកម្មអន្តរជាតិ។
សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធរវាងកម្ពុជា-ម៉ាកាវ និងកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូលរវាងកម្ពុជា-តួកគី ដែលត្រូវបានរដ្ឋសភាសម្រេចអនុម័តជាផ្លូវការ ដោយសំឡេងគាំទ្រជាឯកច្ឆន្ទ។
នៅក្នុងសេចក្តីថ្លែងហេតុ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានអានដោយ លោក ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ សវនកម្ម នៃរដ្ឋសភា កាលពីថ្ងៃទី ២៨ ខែកក្កដានេះ បានឱ្យដឹងថា យោងតាមសំណើសុំឱ្យមានកិច្ចព្រមព្រៀងទាំង ២ ខាងលើជាមួយកម្ពុជារបស់តំបន់រដ្ឋបាល ពិសេសម៉ាកាវនៃសាធារណរដ្ឋប្រជាមានិតចិន និងសាធារណរដ្ឋតួកគី និងអត្ថប្រយោជន៍ជាច្រើនដែលអាចទទួលបានពីកិច្ចព្រមព្រៀងនេះ។
លោកបានបញ្ជាក់ថា៖ «កិច្ចព្រមព្រៀងនេះ នឹងទាក់ទាញនិងសម្រួលការវិនិយោគនិងពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងទប់ស្កាត់និង បង្ក្រាបការគេចវេះពន្ធទាំងក្នុងក្របខ័ណ្ឌជាតិនិងអន្តរជាតិ កម្ពុជាបានចាប់ផ្តើមចរចាកិច្ចព្រមព្រៀងខាងលើជាមួយតំបន់រដ្ឋបាលពិសេសម៉ាកាវនៃសាធារណរដ្ឋប្រជាមានិតចិន និងសាធារណរដ្ឋកគឺចាប់តាំងពីឆ្នាំ ២០១៩ រហូតបានបញ្ចប់ជាស្ថាពរ និងបានចុះហត្ថលេខារួចរាល់នាពេលថ្មីៗនេះ»។
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថាកិច្ចព្រមព្រៀងស្តីការចៀសវាងការយកពន្ធត្រួតគ្នានេះ គឺជាការបែងចែកសិទ្ធិក្នុងការយកពន្ធរវាងគូភាគី នៃយុត្តាធិការជាហត្ថលេខី ដែលម្ខាងអាចកម្រិតផ្នែកខ្លះនៃការអនុវត្តច្បាប់និងបទប្បញ្ញត្តិក្នុងស្រុកស្ដីពីពន្ធដារ ហើយនៅក្នុងដំណាក់កាលនៃការអនុវត្ត ដំបូងអាចមានផលប៉ះពាល់ផ្ទាល់ដល់ចំណូលពន្ធរបស់ប្រទេស ដោយសារការកាត់បន្ថយអត្រាពន្ធកាត់ទុកដែលត្រូវអនុវត្តចំពោះអ្នកជាប់ពន្ធអនិវាសនជននិងការបែងចែកសិទ្ធិ យកពន្ធលើប្រភេទប្រាក់ចំណូលមួយចំនួនឱ្យប្រទេសនិវាសនដ្ឋាន។
ទោះជាយ៉ាងណា លោកបញ្ជាក់ថា៖ «កិច្ចព្រមព្រៀងនេះ នឹងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដែលជាការប៉ះប៉ូវវិញដល់យុត្តាធិការជាហត្ថលេខី ដូចជា ការទាក់ទាញនិងជំរុញវិនិយោគ និងពាណិជ្ជកម្ម អន្តរជាតិដោយសារការផ្តល់នូវភាពច្បាស់លាស់ តម្លាភាព និងគ្មានការរើសអើងក្នុងវិស័យពន្ធដារ, កំណើន មូលដ្ឋានពន្ធ, រំហូរមូលធនដោយសារភាពទាក់ទាញនៃអត្រាពន្ធកាត់ទុកលើការប្រាក់និងភាគលាភ, ការផ្ទេរ បច្ចេកវិទ្យា និងជំនាញពីបរទេសតាមរយៈបទប្បញ្ញត្តិស្តីពីសេវាបច្ចេកទេសនិងសួយសារ, ការការពារនិវាសនជន ដែលជាវិនិយោគិននៅបរទេស និង ការពង្រីងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យពន្ធដារ ជាពិសេស ការទប់ស្កាត់និងការបង្ក្រាបការគេចពន្ធតាមរយៈការផ្លាស់ប្តូរព័ត៌មានរបស់អ្នកជាប់ពន្ធ»។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា ជាទូទៅប្រទេសដែលមានទំនាក់ទំនងល្អជាមួយកម្ពុជា ជាពិសេសម៉ាកាវ ដែលតំបន់រដ្ឋបាលពិសេសមួយរបស់ចិននេះ គេតែងតែចង់ឱ្យមានកិច្ចព្រមព្រៀងស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូលនេះ។
លោកបានបញ្ជាក់ថា៖ «នៅពេលដែលប្រទេសណា មានកិច្ចព្រមព្រៀងនេះ ជាមួយកម្ពុជាយើង ចំពោះពន្ធលើប្រាក់ចំណូលនេះ រដ្ឋយើងយកត្រឹមតែ១០ភាគរយប៉ុណ្ណោះ តែបើគ្មានទេត្រូវបង់ដល់១៤ភាគរយ។ ដូចនេះនៅពេលដែលកម្ពុជា មានកិច្ចព្រមព្រៀងនេះ ជាមួយប្រទេសនានាកាន់តែច្រើន នឹងអាចទាក់ទាញការវិនិយោគបន្ថែមទៀត ក្នុងការលើកទឹកចិត្តពន្ធលើប្រាក់ចំណូលនេះ ដែលមិនខុសពីច្បាប់វិនិយោគថ្មីយើង ដែលតែងតែលើកទឹកចិត្តឱ្យមានការរួចពន្ធមួយចំនួននោះទេ»។
បច្ចុប្បន្ននេះ កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នាចំនួន ១១ រួចហើយ គឺ៖ សិង្ហបុរី, ចិន, ព្រុយណេ, ថៃ, ឥណ្ឌូនេស៊ី , វៀតណាម, តំបន់រដ្ឋបាលពិសេសហុងកុង, ម៉ាឡេស៊ី, សាធារណរដ្ឋកូរ៉េ, តំបន់រដ្ឋបាលពិសេសម៉ាកាវ និង តួកគី ដែលបានចុះហត្ថលេខារួចរាល់នាពេលថ្មីៗនេះ៕