ភ្នំពេញៈ ក្រសួងកសិកម្ម បានបង្កើតសេវាព័ត៌មានទីផ្សារកសិកម្ម (Amis) ក្នុងគោលបំណងលើកកម្ពស់ បណ្ដាញទីផ្សារកសិផលក្នុងស្រុក ដោយភ្ជាប់កសិករទៅនឹងអាជីវករ និងអ្នកប្រើប្រាស់។
យោងតាម គេហទំព័រផ្លូវការ Amis របស់ក្រសួងកសិកម្ម បានឱ្យដឹងថា នាយកដ្ឋានផែនការនិងស្ថិតិ បាននិងកំពុងប្រមូលព័ត៌មានអំពីតម្លៃ និងបរិមាណកសិផល ប្រាក់ឈ្នួលពលកម្ម និងផ្សព្វផ្សាយព័ត៌មានទាំងនោះជាសាធារណៈក្នុងគោលបំណងអភិវឌ្ឍន៍សេវាព័ត៌មានទីផ្សារកសិកម្ម សំដៅធ្វើឱ្យកសិករ អ្នកពាក់ព័ន្ធនានា និងរដ្ឋាភិបាលទទួលបានព័ត៌មានត្រឹមត្រូវ និងទាន់ពេលវេលាដើម្បីរួមចំណែកធ្វើឱ្យប្រសើរឡើងនូវប្រាក់ចំណូលរបស់កសិករ ធ្វើការសម្រេចចិត្ត និងអន្តរាគមន៍ប្រកបដោយប្រសិទ្ធភាពលើការងារសន្តិសុខស្បៀង។
គោលបំណងនៃសេវាព័ត៌មានទីផ្សារកសិកម្មនេះ រួមមាន បង្កើនប្រសិទ្ធភាពក្នុងការទទួលបាននូវព័ត៌មានទីផ្សារកសិកម្មសម្រាប់កសិករ ពាណិជ្ជករ និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតនៅក្នុងសង្វាក់ទីផ្សារកសិកម្ម ដើម្បីជួយពួកគាត់ឱ្យលក់បានក្នុងតម្លៃសមរម្យ និងបង្កើតបណ្តាញទំនាក់ទំនងទីផ្សារកសិកម្ម ដើម្បីជាប្រយោជន៍ដល់ពួកគាត់។ កសិករនឹងមានជម្រើសកាន់តែច្រើនឡើង ក្នុងការធ្វើទីផ្សារផលិតផលរបស់ពួកគាត់ ជាមួយនឹងការចរចាតម្លៃ បានប្រសើរជាងមុននៅក្នុងសង្វាក់ទីផ្សារកសិកម្ម។ កសិករ និងពាណិជ្ជករមានសមត្ថភាពកាន់តែច្រើនជាងមុន ក្នុងបច្ចេកទេសមុន និងក្រោយប្រមូលផល ជាពិសេសការធ្វើចំណាត់ថ្នាក់ផលិតផល ការវេចខ្ចប់ ការរក្សាទុក និងបច្ចេកទេសក្នុងការដឹកជញ្ជូន ដើម្បីធ្វើឱ្យផលិតផលរបស់ពួកគាត់ទទួលបានតម្លៃកាន់តែប្រសើរឡើង និងកសាង និងពង្រឹងសមត្ថភាពបច្ចេកទេស របស់មន្ត្រីដែលបម្រើការងារពាក់ព័ន្ធនឹងទីផ្សារកសិកម្ម នៅតាមរាជធានី-ខេត្ត។
លោក យ៉ង ប៉ាក់ អគ្គនាយកប្រតិបត្តិក្រុមហ៊ុនអាហ្គ្រីប៊ី (Agri Bee Camnbodia) បានឱ្យដឹងថា កម្មវិធីទូរស័ព្ទ Camagrimarket ដែលបានបន្ថែមសេវាព័ត៌មានទីផ្សារកសិកម្មនេះ បានជួយដល់កសិករ និង អ្នកនៅក្នុងវិស័យកសិកម្មបានច្រើនក្នុងការស្វែងរកព័ត៌មាន តម្លៃកសិផលទីផ្សារ។
លោកបានបន្ថែមថា ក្រសួងកសិកម្ម មានសេនាធិការ តាមមូលដ្ឋាន តាមរយៈមន្ទីរកសិកម្មស្រុក និង ខេត្ត ក្នុងការប្រមូលព័ត៌មានតម្លៃផលិតផលកសិកម្ម បានច្រើន និង មានប្រសិទ្ធភាព។
លោកបានបញ្ជាក់ថា៖ «តាមរយៈ Apps នេះ យើងអាចប្រមូលព័ត៌មានជាច្រើន យកមកធ្វើសូចនាករ កសិកម្មបានច្រើន។ តែទោះជាយ៉ាងណា CamAgriMarket ឬ ត្រូវការធ្វើកែសម្រួល ឱ្យស្របតាមតម្រូវការថែមទៀត ដូចជាការទិញលក់ និង ទូទាត់ នៅលើកម្មវិធីនេះ»។
លោកបានបន្តថា ការភ្ជាប់ទីផ្សារ គឺ មាន ៣ ដំណាក់កាល រួមមាន ការស្វែងរកដៃគូទិញលក់,ការធ្វើប្រត្តិបត្តិការទិញលក់ និងការទូទាត់នៃការទិញលក់។ កម្មវិធី CamAgriMarket ធ្វើបានចំណុចទី ១ បានល្អណាស់ ប៉ុន្តែលោកសង្ឃឹមថា CamAgriMarket នឹងពង្រីកសក្តានុពលរបស់ខ្លួនទៅចំណុចទី ២ និង ទី ៣។
លោក ឃឹម ប៊ុនឡែន ស្ថាបនិកសហគមន៍ចម្ការស្តេចទុរេននៅស្រុកឈូក ខេត្តកំពត បានឱ្យដឹងដែរថា ផលិតផលកសិកម្មកម្ពុជានៅមានបញ្ហាច្រើនរឿងទីផ្សារ ជាពិសេសនៅពេលរដូវប្រមូលផលបន្លែផ្លែឈើម្តង។
លោកបានបញ្ជាក់៖ «ក្រសួងគួរជួយបន្ថែមលើការរៀបចំយុទ្ធនាការទិញផលិតកម្មកសិកម្មរបស់ខ្មែរឱ្យបានច្រើន ជាពិសេសរាល់ពេលប្រមូលផលម្តង។ ម្យ៉ាងវិញទៀតគួរកាត់បន្ថយការនាំចូលឱ្យបានជាអតិបរមា និងយកពន្ធឱ្យបានខ្ពស់ និងត្រឹមត្រូវ ចំពោះផលិតផលកសិកម្មដែលនាំចូលមកប្រកួតប្រជែងជាមួយផលិតផលខ្មែរ»។
សេវាព័ត៌មានទីផ្សារកសិកម្មនេះ នឹងប្រមូលព័ត៌មានពីមន្ត្រីទីផ្សារកសិកម្មនៅទីក្រុងភ្នំពេញ និងនៅតាមរាជធានី-ខេត្តចំនួន ២៥ ផ្សេងទៀត នឹងប្រមូលព័ត៌មានតម្លៃលក់ដុំនៃកសិផលចំនួន ២៥៦ ប្រភេទ និងចំនួន ៣ ដង ក្នុង ១ សប្តាហ៍ (ចន្ទ ពុធ និងសុក្រ) និងព័ត៌មានតម្លៃលក់រាយ ចំនួន ១ ដង ក្នុង ១ សប្តាហ៍ពីផ្សារចំនួន ៣ ធំៗ និងចំនុចប្រមូលផ្សេងៗទៀត នៅក្នុងរាជធានី-ខេត្តគោលដៅចំនួន ២៥៕