ភ្នំពេញៈ ការដាក់ចេញគោលនយោបាយថ្មីៗរបស់រាជរដ្ឋាភិបាលក្នុងន័យជំរុញផលិតភាពក្នុងវិស័យកសិកម្មឱ្យបានកាន់តែច្រើនដើម្បីប្រែក្លាយកម្ពុជាជាប្រទេសនាំចេញកសិផលទៅទីផ្សារអន្តរជាតិបាននិងកំពុងបង្ហាញលទ្ធផលវិជ្ជមានជាបន្តបន្ទាប់។ ជាក់ស្តែងគិតចាប់ពីឆ្នាំ ២០១៩ មកកម្ពុជាបាននាំកសិផលទៅទីផ្សារប្រទេសចិនប្រមាណ ២,៤ លានតោនមកហើយ។
ទិន្នន័យផ្សព្វផ្សាយនៅលើបណ្តាញសង្គមផ្លូវការរបស់ស្ថានទូតចិនប្រចាំកម្ពុជា បានឱ្យដឹងថា យោងតាមតួលេខក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទកម្ពុជា ចាប់ពីឆ្នាំ ២០១៩ ដល់ចុងខែមិថុនា ឆ្នាំ ២០២២ កម្ពុជាបាននាំចេញកសិផលទៅប្រទេសចិន ក្នុងបរិមាណសរុប ២,៤ លានតោន ស្មើនឹង ១ ៩៤២ លានដុល្លារ។ កសិផលសំខាន់ៗដែលកម្ពុជានាំទៅទីផ្សារចិន មានដូចជា ចេកស្រស់ អង្ករ ដំឡូងមីស្ងួត កាកដំឡូងមី ម្សៅដំឡូងមី ស្វាយស្ងួត ស្វាយស្រស់ គ្រាប់ស្វាយចន្ទី និងម្សៅកាកាវជាដើម។
ប្រធានក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន Rich Farm Asia ដែលជាក្រុមហ៊ុនដាំដុះ និងនាំចេញផ្លែចេក និងផ្លែស្វាយទៅទីផ្សារអន្តរជាតិ លោក ហ៊ុន ឡាក់ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅក្នុងថ្ងៃទី ២៨ ខែកក្កដាថា ចិនគឺជាទីផ្សារធំ និងសំខាន់សម្រាប់ការនាំចេញកសិផលកម្ពុជា ដោយសារកត្តាមួយចំនួនដូចជា ជាទីផ្សារធំជាងគេលើពិភពលោក, មានចម្ងាយដឹកជញ្ជូន, មានទំនាក់ទំនងល្អលើគ្រប់វិស័យ, និងជាពិសេសប្រទេសទាំង២ មានកិច្ចព្រមព្រៀងផ្នែកភូតគាមអនាម័យ (កសិកម្ម) ព្រមទាំងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាមួយគ្នាផងដែរ។
លោកបានថ្លែងថា៖ « ១ ទសវត្សរ៍ចុងក្រោយ ពិសេសរយៈពេល ២-៣ ឆ្នាំមកនេះ ការនាំចេញកសិផលរបស់កម្ពុជាទៅទីផ្សារអន្តរជាតិបានកើនឡើងគ្រប់គោលដៅទាំងអស់ ពិសេសប្រទេសចិន ដែលជាទីផ្សារមានសក្តានុពលសម្រាប់ផលិតផលកសិកម្មកម្ពុជា»។
លោកបន្តថា ការដាក់ចេញយុទ្ធសាស្រ្តថ្មីៗរបស់រដ្ឋាភិបាលក៏ចូលរួមចំណែកក្នុងការលើកទឹកចិត្តដល់អ្នកដាំដុះ និងអ្នកវិនិយោគផងដែរ។ លោកប្រាប់ថា៖ «ការធ្វើពិពិធកម្មលើការដាំដុះ ពូជ កែច្នៃ និងទីផ្សារ ក៏កំពុងរួមចំណែកយ៉ាងច្រើនដល់ដំណើរការរីកចម្រើននៃវិស័យកសិកម្មនៅកម្ពុជាផងដែរ»។
ទោះជាយ៉ាងណា លោក ហ៊ុន ឡាក់ លើកឡើងថា វិស័យកសិកម្មកម្ពុជាក៏មានបញ្ហាប្រឈមធំៗចំនួន ២ ដែរ គឺកត្តាថ្លៃដើមខ្ពស់ និងកង្វះប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដោយរាប់ទាំងប្រព័ន្ធស្រោចស្រព និងដឹកជញ្ជូន ដែលធ្វើឱ្យការប្រកួតប្រជែងលើទីផ្សារអន្តរជាតិជួបបញ្ហាខ្លះៗ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង និយាយថា ប្រទេសចិន គឺជាទីផ្សារធំ និងទទួលទិញទំនិញពីកម្ពុជាច្រើន ពិសេសផលិតផលកសិកម្មសំខាន់ៗដូចជា អង្ករ ផ្លែចេក ស្វាយ ជាដើម។ ទំនាក់ទំនងទីផ្សារល្អជាមួយប្រទេសចិនបានផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចច្រើនសម្រាប់កម្ពុជា ព្រោះក្រៅពីទទួលទិញផលិតផលកសិកម្មពីកម្ពុជា ប្រទេសចិនក៏ជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់ទ្រទ្រង់ចង្វាក់ផលិតកម្មនៅកម្ពុជាដែរ។
លោកលើកឡើងថា៖ «ការនាំចេញកសិផលពីកម្ពុជាទៅប្រទេសចិនបានកើនឡើងជាបន្តបន្ទាប់ ហើយនឹងមានចំនួនកាន់តែច្រើននៅពេលខាងមុខ ខណៈបច្ចុប្បន្នមានផលិតផលកសិកម្មកម្ពុជាជាច្រើនមុខទៀត កំពុងរង់ចាំការអនុញ្ញាតពីភាគីចិនឱ្យនាំចូល»។
លោកបន្ថែមថា ក្រៅពីការផ្លាស់ប្តូរពាណិជ្ជកម្ម ក៏មានវិនិយោគិនចិនជាច្រើនកំពុងបណ្តាក់ទុនលើវិស័យចម្រុះជាច្រើននៅកម្ពុជាផងដែរ។
ក្នុងកិច្ចសន្ទនាតាមអនឡាញស្តីពីកសិកម្មកម្ពុជា-ចិន ដែលរៀបចំដោយភាគីចិន កាលពីថ្ងៃទី ២០ ខែកក្កដា លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានលើកឡើងថា គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» បាននាំមកនូវផលប្រយោជន៍យ៉ាងច្រើនដល់វិស័យកសិកម្មកម្ពុជា។
តួលេខពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថា ក្នុងឆមាសទី ១ ឆ្នាំ ២០២២ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន មានទឹកប្រាក់សរុប ៥ ៩៨៥,៨៣ លានដុល្លារ កើន ១៩,៧ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១។ ក្នុងនោះកម្ពុជានាំទៅចិន ៦១១,៥៤ លានដុល្លារ ធ្លាក់ចុះ -៩,២ភាគរយ និងចិននាំមកកម្ពុជា មាន ៥ ៣៧៤,២៨ លានដុល្លារកើនឡើង ២៤,២ ភាគរយ៕