ភ្នំពេញៈ ក្រុមហ៊ុនកាណាដា EnerCam Resources Co. Ltd.(EnerCam) កំពុងសិក្សាពីលទ្ធភាពវិនិយោគបូមប្រេងនៅក្នុងប្លុក A ក្រោយរដ្ឋាភិបាលកម្ពុជាបានបញ្ចប់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Kris Energy បន្ទាប់ពីក្រុមហ៊ុនមួយនេះបានប្រកាសក្ស័យធន។
នៅក្នុងអំឡុងពេលផ្តល់បទសម្ភាសជាមួយសារព័ត៌មានក្នុងស្រុកក្នុងកម្មវិធីសន្និសីទប្រេង និងឧស្ម័ន នាថ្ងៃទី ២៧ ខែកក្កដា លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និងថាមពលបានប្រាប់ថា ក្រសួងបានបញ្ចប់កិច្ចព្រមព្រៀងកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Kris Energy រួចរាល់ហើយ ដោយបច្ចុប្បន្នក្រសួងកំពុងពិភាក្សាការវិនិយោគបូមប្រេងនៅប្លុក A នេះជាមួយក្រុមហ៊ុនមកពីប្រទេសកាណាដា។
លោកបានបន្ថែមថា ក្រុមហ៊ុនរបស់កាណាដាកំពុងសិក្សាវិភាគទិន្នន័យឱ្យបានច្បាស់លាស់សិន មុននឹងសម្រេចចិត្តវិនិយោគបូមនៅប្លុក A នេះ។
លោកថ្លែងថា៖ «យើងកំពុងពិភាក្សាការងារនេះជាមួយនឹងក្រុមហ៊ុនមកពីប្រទេសកាណាដា ដោយក្រុមហ៊ុននេះត្រូវការពេលវេលាសិក្សាទិន្នន័យទាំងអស់ឡើងវិញ ដោយសារក្រុមហ៊ុននេះមិនចង់កើតមានបញ្ហាច្រំដែល ដែលនាំឱ្យការវិនិយោគមានបញ្ហា។ ការសិក្សានេះ ជិតដល់ដំណាក់ដែលយកលទ្ធផលមកពិភាក្សាគ្នាហើយ ដូចនេះនៅពេលខាងមុខយើងនឹងផ្សព្វផ្សាយថា គម្រោងប្លុក A នេះនឹងបន្តអនុវត្តជាមួយក្រុមហ៊ុននេះឬយ៉ាងណា»។
លោកបន្ថែមថា ចាប់តាំងពីតម្លៃប្រេងឥន្ធនៈឡើងថ្លៃជាបន្តបន្ទាប់មក គឺមានក្រុមហ៊ុនមកពីបណ្តាប្រទេសមួយចំនួនដូចជា កាហ្សាក់ស្ថាន, កាណាដា, ចិន, ថៃ និងអូស្ត្រាលីជាដើម ដែលបានមកទាក់ទងដើម្បីស្វែងយល់ពីទិន្នន័យ និងសក្តានុពលក្នុងការរុករកប្រេងនៅកម្ពុជា ទាំងប្លុកនៅលើដែនគោក និងក្នុងសមុទ្រ ខណៈកម្ពុជាបានបែងចែកតំបន់សម្រាប់ការរុករកប្រេងកាតចំនួន ៦ ប្លុកនៅក្នុងសមុទ្រ និង ១៩ ប្លុកនៅដែនគោក។
កាលពីឆ្នាំ ២០១៩ ក្រុមហ៊ុន EnerCam Resources Co. Ltd បានទទួលការយល់ព្រមពីរដ្ឋាភិបាលកម្ពុជា សម្រាប់សម្បទានរុករកប្រេង និងឧស្ម័នលើដីគោកទំហំ ៧ ៣០០ គីឡូម៉ែត្រការ៉េ។
លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលលើកឡើងថា រដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្លាំងក្នុងការឧបត្ថម្ភគាំទ្រ និងលើកទឹកចិត្តដល់វិនិយោគិន ដោយបានរៀបចំគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានផ្សេងៗក្នុងវិស័យប្រេងកាត និងថាមពល ដើម្បីកាត់បន្ថយហានិភ័យដល់វិនិយោគិន។
លោកថ្លែងថា៖ «រដ្ឋាភិបាលបានលើកទឹកចិត្តវិនិយោគិនជាតិ និងអន្តរជាតិ ដើម្បីបង្កើនការវិនិយោគផ្នែកដោនស្ទ្រីមផងដែរ ដូចជាការធ្វើអាជីវកម្មលើការចម្រាញ់ នាំចូល ស្តុក ដឹកជញ្ជូន និងការលក់ចែកចាយប្រេងកាត និងផលិតផលប្រេងកាត ដើម្បីធានាលើការផ្គត់ផ្គង់ប្រេង និងឧស្ម័នដល់អ្នកប្រើប្រាស់ និងការអភិវឌ្ឍវិស័យផ្សេងៗទៀត»។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានមើលឃើញថា ការជំរុញ និងទាក់ទាញអ្នកវិនិយោគឱ្យវិនិយោគលើវិស័យប្រេងនៅកម្ពុជា ជាពិសេសការវិនិយោគបន្តពីក្រុមហ៊ុន Kris Energy នៅប្លុក A ពិតមានសារៈសំខាន់ណាស់ ដោយសារកម្ពុជានៅតែមានសក្តានុពលរ៉ែប្រេងកាតដែលត្រូវការវិនិយោគពីវិស័យឯកជន ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។
លោកប្រាប់ថា៖ «ការចាប់អារម្មណ៍របស់ក្រុមហ៊ុនកាណាដាចំពោះការវិនិយោគបូមប្រេងនៅប្លុក A នេះ គឺជាការបន្តក្តីសង្ឃឹមចំពោះវិស័យរុករកប្រេងនៅកម្ពុជា។ បើការសិក្សារបស់ក្រុមហ៊ុននេះមានលទ្ធផលជាវិជ្ជមាន ហើយបរិមាណនៃការបូមប្រេងដូចអ្វីដែលក្រុមហ៊ុនចាស់ធ្លាប់បានវាយតម្លៃនោះ ច្បាស់ណាស់រដ្ឋាភិបាលមានលទ្ធភាពក្នុងការវិនិយោគបន្ថែមទៅលើវិស័យសាធារណៈ ពិសេសការបង្កើនឧបត្ថម្ភធននៅក្នុងវិស័យលក់រាយប្រេងនៅកម្ពុជា»។
យោងតាមការសិក្សារបស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ីអាគ្នេយ៍ និងអាស៊ីបូព៌ា (ERIA) បានបង្ហាញថា តម្រូវការផលិតប្រេងកាតនៅប្រទេសកម្ពុជានឹងកើនពី ២,៨ លានតោននៅឆ្នាំ ២០២០ ដល់ ៤,៨ លានតោននៅក្នុងឆ្នាំ ២០៣០ និងបន្តកើនដល់ ៨,៣ លានតោននៅឆ្នាំ ២០៤០ ដែលទាមទារឱ្យមានការវិនិយោគថែមទៀតលើវិស័យនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ។
កម្ពុជាមានប្រវត្តិនៃការសិក្សាស្រាវជ្រាវលក្ខណៈភូគព្ភសាស្ត្រ ដែលធ្វើឡើងដោយក្រុមហ៊ុនប្រេងកាតអន្តរជាតិមួយចំនួនដូចជា Elf, Esso Enterprise oil, PTT, Premier oil, Chevron, PVEP, JOGMEC និង MOECO ដោយបានចងក្រងទិន្នន័យស៊ីស្មិកមួយចំនួន និងខួងអណ្តូងស្វែងរុករក ៣៤៕
វីដេអូ៖