ភ្នំពេញៈ ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសកំពង់សីលា បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយសមាគមសហគ្រាស ដើម្បីគាំពារបរិស្ថាននៅកម្ពុជា (EPIAC) ក្នុងគោលបំណង ដើម្បីលើកកម្ពស់ការថែរក្សាបរិស្ថាន និងទាក់ទាញវិនិយោគិនឱ្យចូលទៅបណ្តាក់ទុនក្នុងទីនោះកាន់តែច្រើន។
ការចុះ MoU នេះត្រូវបានរៀបចំឡើង រវាងលោកស្រី កែវ មុំ អគ្គនាយិកាតំបន់សេដ្ឋកិច្ចពិសេសកំពង់សីលា ជាមួយលោក Guo ប្រធានប្រតិបត្តិ EPIAC នៅការិយាល័យរបស់សមាគមសហគ្រាស ដើម្បីគាំពារបរិស្ថាននៅកម្ពុជា កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២២។
លោកស្រី កែវ មុំ អគ្គនាយិកាតំបន់សេដ្ឋកិច្ចពិសេសកំពង់សីលា និងជាម្ចាស់ក្រុមហ៊ុនផលិតនំស្រួយលីលី បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី ៣១ ខែកក្កដាថា ទោះបីនៅពេលនេះតំបន់សេដ្ឋកិច្ចពិសេសកំពង់សីលា កំពុងទាក់ទាញបានឱ្យគម្រោងវិនិយោគថ្មីៗជាបន្តបន្ទាប់ក៏ដោយ ក៏ក្រុមហ៊ុនរបស់លោកស្រីមិនដែលភ្លេចពីការថែរក្សាបរិស្ថាននោះទេ ព្រោះដើម្បីឱ្យការវិនិយោគមួយមាននិរន្តរភាពយូរអង្វែង អ្នកវិនិយោគចាំបាច់ត្រូវតែគិតគូរពីបរិស្ថាន។
លោកស្រីបញ្ជាក់ថា៖ «MoU នេះធ្វើឡើងក្នុងបំណងដើម្បីការពារបរិស្ថាន ដោយ EPIAC នឹងធ្វើជាតំណាងឱ្យតំបន់សេដ្ឋកិច្ចពិសេសកំពង់សីលា ក្នុងការសិក្សា និងវិភាគពីផលប៉ះពាល់បរិស្ថានផ្សេងៗ ជាមួយក្រុមហ៊ុនដែលមានបំណងចង់វិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពង់សីលា។ គ្រប់ការវិនិយោគដូចជាដំឡើងរោងចក្រ និងសាងសង់សំណង់ផ្សេងៗតែងមានផលប៉ះពាល់បរិស្ថាន មានដូចជា ការបញ្ចេញផ្សែងពុល ក្លិន និងទឹកកខ្វក់ជាដើម»។
លោកស្រីបន្ថែមទៀតថា ការគ្រប់គ្រងបរិស្ថានបានល្អ នឹងជួយឱ្យអ្នកប្រកបការងារនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងប្រជាជននៅក្នុងតំបន់ ព្រមទាំងជីវិតទាំងអស់នៅលើភពផែនដី មានជីវិតរស់នៅស្រស់បំព្រង និងយូរអង្វែង។
ទាក់ទងនឹងបរិយាកាសវិនិយោគនៅកម្ពុជាក្នុងពេលនេះ លោកស្រី កែវ មុំ បានលើកឡើងថា បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈដោយសារតែក្តីបារម្ភពីការរីករាលដាលជំងឺកូវីដ ១៩ ពេលនេះចំនួនអ្នកវិនិយោគកំពុងត្រឡប់ចូលមកកម្ពុជាវិញជាបណ្តើរៗហើយ។
តំបន់សេដ្ឋកិច្ចពិសេសកំពង់សីលា មានទីតាំងស្ថិតក្នុងឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ លើផ្ទៃដីសរុប ៨០០ ហិកតា៕