ភ្នំពេញៈ បន្ទាប់ពីបានផ្អាកនាំចេញមួយរយៈ ការនាំចេញគ្រាប់ស្វាយចន្ទីទៅទីផ្សារប្រទេសជប៉ុន របស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យសំបូរ នឹងចាប់ផ្តើមឡើងវិញក្នុងខែកញ្ញាខាងមុខ ខណៈពេលនេះការនាំចេញនៅរង់ចាំតែវិញ្ញាបនបត្របញ្ជាក់គុណភាពតែប៉ុណ្ណោះ។
ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ លោកស្រី អ៊ិន ឡៃហ៊ួត បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ក្នុងថ្ងៃទី ១ ខែសីហាថា បន្ទាប់ពីមានការជួយសម្របសម្រួលពីមន្ត្រីជំនាញក្រសួងកសិកម្ម និងក្រុមហ៊ុន Top Planning Japan (TPJ) ចំពោះការធ្វើអធិការកិច្ចទៅលើទីតាំងរបស់សិប្បកម្ម កន្លែងដាំដុះ ខ្សែចង្វាក់ផលិតកម្ម និងការវេចខ្ចប់ ដោយជោគជ័យរួចមកសិប្បកម្មលោកស្រីរំពឹងថា ការនាំចេញទៅជប៉ុន នឹងអាចចាប់ផ្តើមឡើងវិញក្នុងអំឡុងពាក់កណ្តាលខែកញ្ញាខាងមុខ។ បើតាមការរំពឹងទុក វិញ្ញាបនបត្រ ត្រួតពិនិត្យគុណភាពនេះអាចនឹងរួចរាល់ក្នុងរយៈពេល ៦ សប្តាហ៍ទៀត។
លោកថ្លែងថា៖ «ការនាំចេញគ្រាប់ស្វាយចន្ទីរបស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យសំបូរ នឹងធ្វើឡើងក្នុងខែកញ្ញា ដោយពេលនេះយើងរង់ចាំតែវិញ្ញាបនបត្រប៉ុណ្ណោះ ខណៈអ្វីៗបានរៀបចំរួចអស់ហើយ»។
ក្រោមកិច្ចសហការជាមួយក្រុមហ៊ុនជប៉ុន TPJ សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យសំបូរ បានចាប់ផ្តើមនាំចេញស្វាយចន្ទីទៅទីផ្សារជប៉ុនជាលើកដំបូង កាលពីឆ្នាំ ២០២១ ដោយគិតត្រឹមខែមីនា ឆ្នាំ ២០២២ សិប្បកម្មមួយនេះបាននាំចេញគ្រាប់ស្វាយចន្ទីទៅទីផ្សារជប៉ុនសរុបជាង ៤៥ តោន។ ទោះបីយ៉ាងណាចាប់ពីខែមេសា ឆ្នាំ ២០២២ មក ការនាំចេញមិនបានកើតមានទៀតទេ ព្រោះភាគីជប៉ុនបានតម្រូវឱ្យមានវិញ្ញាបនបត្របញ្ជាក់គុណភាព និងការវេចខ្ចប់តាមលក្ខណៈស្តង់ដា ដែលភាគីជប៉ុនចង់បាន។
ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានប្រាប់ថា ស្វាយចន្ទី គឺជាកសិផលដែលមានដាំដុះ និងមានសក្តានុពលមួយរបស់កម្ពុជា ប៉ុន្តែដោយសារកត្តាអាកាសធាតុមានភ្លៀងធ្លាក់ច្រើន កាលពីដើមឆ្នាំ ២០២២ ដូច្នេះទិន្នផល និងគុណភាពគ្រាប់ស្វាយចន្ទីក្នុងឆ្នាំនេះ មិនសូវបានច្រើននិងល្អដូចឆ្នាំ ២០២១ ឡើយ។
លោកបន្ថែមថា ក្រៅពីបំពេញតម្រូវការក្នុងស្រុកកន្លងមកគ្រាប់ស្វាយចន្ទីកែច្នៃ ត្រូវបាននាំចេញទៅប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុប អាមេរិក និងប្រទេសជប៉ុនផងដែរ ខណៈគ្រាប់ស្វាយចន្ទីស្រស់ត្រូវបានឈ្មួញនាំទៅប្រទេសវៀតណាមជាច្រើនតោនរៀងរាល់ឆ្នាំ។
លោកអះអាងថា៖ «បើទោះបីមានតម្រូវការ និងទីផ្សារច្រើន ប៉ុន្តែការវិនិយោគក្នុងការដាំដុះ និងការកែច្នៃផលិតផលគ្រាប់ស្វាយចន្ទី ហាក់មិនសូវមានសម្ទុះខ្លាំងដូចកសិផលមួយចំនួនទៀតនោះទេ»។
បើយោងតាមលោក ស៊ីឡុត សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យសំបូរ នឹងក្លាយជាស្ថាប័នទី៣ ដែលទទួលបានវិញ្ញាបនបត្រទទួលស្គាល់គុណភាពកម្រិតអន្តរជាតិ បន្ទាប់ពីក្រុមហ៊ុន Ample Agro Product Co., Ltd និង Welwilling Agricultural Technology (Cambodia)Co., Ltd ដែលវិញ្ញាបនបត្រនេះ នឹងអនុញ្ញាតឱ្យនាំចេញដោយស្របច្បាប់ទៅទីផ្សារសហគមន៍អឺរ៉ុប។ បន្ថែមពីលើនេះសិប្បកម្មជ័យសំបូរក៏ទទួលបានវិញ្ញាបនបត្រ Organic Processed Food Oversea Processor Certificate ដែលអាចនាំចេញទៅកាន់ប្រទេសជប៉ុនផងដែរ។
តាមការប៉ាន់ស្មាននៅក្នុងឆ្នាំ ២០២១ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទី ក្នុងទឹកប្រាក់សរុប ១ ៦០៤,៨៧ លានដុល្លារ កើនឡើង ២៣៣,៣២ ភាគរយ បើធៀបឆ្នាំ ២០២០។ សម្រាប់បរិមាណ គឺ ៩៣៧ ៩៧៤,២៦ តោនកើន ៣២៨,៣៤ ភាគរយ។ ទីផ្សារសំខាន់ៗរួមមានដូចជា វៀតណាម ចិន ថៃ ឥណ្ឌា ជប៉ុន និងកូរ៉េ។ នេះបើយោងតាមក្រសួងកសិកម្ម៕