Azaylla ជាក្រុមហ៊ុនចែកចាយអាហារឈានមុខគេរបស់ព្រះរាជាណាចក្រកម្ពុជា បានទទួលមូលនិធិ ពីមូលនិធិ Instior Impact Asia Fund II ដែលជាមូលនិធិវិនិយោគគ្រប់គ្រង ដោយក្រុមហ៊ុន Insitor Partners ដើម្បីធ្វើការងារជាមួយកសិករខ្នាតតូច និងសហករណ៍នៅទូទាំងប្រទេស ដើម្បីទទួលបានផលិតផលស្រស់ៗ ខណៈ ដែលបច្ចុប្បន្ន ប្រទេសកម្ពុជានាំចូលផលិតផលស្រស់ដូចជាបន្លែប្រហែល ៧០ ភាគរយពីប្រទេសជិតខាង។
ការទទួលបានមូលនិធិត្រូវបានប្រកាសកាលពីថ្ងៃទី ១ ខែសីហានេះ នឹងត្រូវប្រើប្រាស់ជាមូលនិធិថ្មី ដើម្បីពង្រីកបណ្តាញកសិ-ពាណិជ្ជកម្មប្រកបដោយនិរន្តរភាព និងទំនួលខុសត្រូវសង្គម ដោយប្រើប្រាស់បច្ចេកវិទ្យា ដើម្បីផ្គត់ផ្គង់ផលិតផលក្នុងស្រុកដល់ផ្សារទំនើប សណ្ឋាគារ ភោជនីយដ្ឋាន និងអាហារដ្ឋាន។
ក្រុមហ៊ុន Azaylla បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជាបាននាំចូលផលិតផលស្រស់ប្រហែល ៧០ ភាគរយពីបណ្ដាប្រទេសជិតខាងដូចជា វៀតណាម និងថៃ។ ក្រុមហ៊ុន Azaylla គាំទ្រទីផ្សារក្នុងស្រុក តាមរយៈការធ្វើការងារដោយផ្ទាល់ជាមួយកសិករដើម្បីកែលម្អគុណភាពដំណាំ បង្កើនទិន្នផល និងទទួលបានឥណទាន។
លោក ParthBorkotoky អគ្គនាយក និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Azaylla បានប្រាប់ ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ២ ខែសីហាថា មូលនិធិនេះនឹងជួយពង្រីកបណ្តាញអាជីវកម្មកសិ-ពាណិជ្ជកម្មបច្ចុប្បន្នរបស់លោក ដោយប្រើប្រាស់បច្ចេកវិទ្យាដើម្បីផ្គត់ផ្គង់ផលិតផលក្នុងស្រុក ដល់ផ្សារទំនើប សណ្ឋាគារ ភោជនីយដ្ឋាន និងអាហារដ្ឋាន។
លោកថ្លែងថា៖ «ការណ៍នេះរួមបញ្ចូលទាំងការបង្កើតថ្នាលអនឡាញរវាងអាជីវកម្ម និងអាជីវកម្ម (B2B) ដែលនឹងធ្វើឱ្យកាន់តែងាយស្រួល សម្រាប់អ្នកជំនាញផ្នែកឧស្សាហកម្មម្ហូបអាហារក្នុងការទិញផលិតផលក្នុងស្រុក។ ថ្នាលឌីជីថលនេះរួមបញ្ចូលគ្នានូវការយល់ដឹងរបស់អ្នកប្រើប្រាស់ទិន្នន័យទីផ្សារ និងការជ្រើសរើសថ្នាលឌីជីថលនេះផ្តល់ការកំណត់តម្លៃជាប្រចាំ និងភាពអាចរកព័ត៌មានថ្មីៗ»។
លោកលើកឡើងថា៖ «យើងនឹងធ្វើការដោយផ្ទាល់ជាមួយកសិករ ដើម្បីកែលម្អគុណភាពដំណាំ បង្កើនទិន្នផល និងទទួលបានឥណទាន។ តាមរយៈបណ្តាញ និងថ្នាលអនឡាញរបស់យើង យើងនឹងជួយកសិករក្នុងស្រុក ពង្រីកមូលដ្ឋានអតិថិជនរបស់ពួកគេ ដើម្បីបង្កើនប្រាក់ចំណូលសម្រាប់ផលិតផលរបស់ខ្លួន»។
លោក Bradley Kopsick នាយកប្រចាំប្រទេសរបស់ Insitor Cambodia បានឱ្យដឹងថា កសិកម្មនៅតែបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
លោក Bradley បន្តថា៖ «ក្រុមហ៊ុន Azaylla ធ្វើការយ៉ាងជិតស្និទ្ធជាមួយកសិករ ដើម្បីដោះស្រាយបញ្ហាប្រឈមប្រចាំថ្ងៃរបស់ពួកគេ រួមទាំងតម្រូវការទីផ្សារមិនច្បាស់លាស់ និងទិន្នផលដែលយឺតជាងប្រទេសជិតខាង»។
ការវិនិយោគលើក្រុមហ៊ុន Azaylla បង្ហាញពីការវិនិយោគទី ៩ នៅក្នុងប្រទេសកម្ពុជា សម្រាប់ Insitor Partners ដែលជាក្រុមហ៊ុនគ្រប់គ្រងមូលនិធិមួយមានមូលដ្ឋាននៅប្រទេសសិង្ហបុរី។ ដោយបានបង្កើតឡើងនៅក្នុងទីក្រុង ភ្នំពេញ កាលពីឆ្នាំ ២០០៩ មូលនិធិ Insitor គាំទ្រសហគ្រិនដំណាក់កាលដំបូងក្នុងការបង្កើត ដំណោះស្រាយផ្លាស់ប្តូរជីវិត សម្រាប់អតិថិជនដែលមានប្រាក់ចំណូលទាបនៅក្នុងតំបន់អាស៊ីកំពុងអភិវឌ្ឍន៍។ ការវិនិយោគចំនួន ២៩ របស់មូលនិធិនេះ មានឥទ្ធិពលលើអតិថិជន ដែលមានចំណូលទាបជាង ៥០ លាននាក់នៅទូទាំងតំបន់។
យោងតាមការស្រាវជ្រាវដែលធ្វើឡើងដោយមជ្ឈមណ្ឌលសិក្សាគោលនយោបាយកម្ពុជាបាននាំចូលបន្លែប្រមាណចន្លោះពី ២០០ ទៅ ៤០០ តោនជារៀងរាល់ថ្ងៃ ពីបណ្ដាប្រទេសជិតខាង និងក្នុងតំបន់ ដូចជាពី ប្រទេសវៀតណាម ថៃ និងចិន ជាមួយទឹកប្រាក់ចន្លោះពី ១៥០ លានដុល្លារទៅ ២៥០ លានដុល្លារ ។
នៅឆមាសទីមួយឆ្នាំ ២០២២ ការនាំចេញកសិផលមានចំនួនសរុបជាង ៥ លានតោនទៅកាន់ប្រទេសចំនួន ៦៥ កើនឡើង ១៣,០៥ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១ ដែលមានចំនួនជាង ៤,៤៥៤ លានតោន។ ខណៈដែលតម្លៃសរុប (ឯកតាតម្លៃផ្អែកលើវិក្កយបត្ររបស់ក្រុមហ៊ុននាំចេញ) មានជាង ២,១៩៦ ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមទិន្នន័យបានពីក្រសួងកសិកម្ម៕