ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានត្រៀមកញ្ចប់ថវិកាពិសេស ដើម្បីបញ្ចៀស និងបន្ធូរបន្ថយសម្ពាធហានិភ័យ និងបញ្ហាប្រឈមនានាដែលអាចជះឥទ្ធិពលលើសេដ្ឋកិច្ចកម្ពុជា ដោយសារវិបត្តិសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបញ្ហាអតិផរណាលើថ្លៃប្រេង ស្បៀង និងម្ហូបអាហារ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីសមិទ្ធផលសម្រេចបានក្នុងរយៈពេល ៥ ឆ្នាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងថ្ងៃទី ២ ខែសីហា លោក មាស សុខសេនសាន អ្នកនាំពាក្យនៃក្រសួងសេដ្ឋកិច្ចបាននិយាយថា ផ្អែកតាមការវាយតម្លៃពាក់កណ្តាលឆ្នាំ ២០២២ សេដ្ឋកិច្ចកម្ពុជាត្រូវប៉ាន់ស្មានថានឹងមានកំណើន ៥,៤ ភាគរយគឺខ្ពស់ជាងការព្យាករក្នុងអត្រា ៤,៨ ភាគរយនៅពេលរៀបចំច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ ក៏ប៉ុន្តែទាបជាងការព្យាករកាលពីដើមឆ្នាំដែលត្រូវបានប៉ាន់ស្មានថាមានកំណើនក្នុងអត្រា ៥,៦ ភាគរយ ដោយសារតែផលប៉ះពាល់ជំងឺកូវីដ ១៩ មិនទាន់ប្រសើរឡើងទាំងស្រុង ហើយសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន ក៏កំពុងបង្កើតឡើងនូវផលប៉ះពាល់បន្តបន្ទាប់ ជាពិសេសគឺបញ្ហាអតិផរណាលើថ្លៃប្រេង ស្បៀង និងម្ហូបអាហារ។
លោកបន្ថែមថា អត្រាអតិផរណានៅកម្ពុជាស្ថិតក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបានដោយអត្រាអតិផរណាមធ្យមប្រចាំឆ្នាំស្ថិតក្រោម ៥ ភាគរយ និងតួលេខថ្មី ៣ ភាគរយ។ ការសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចជាមួយអត្រាអតិផរណាទាបខាងលើបានធ្វើឱ្យជីវភាពរបស់ប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់បន្តមានភាពប្រសើរឡើង។
លោកបន្តថា ក្រសួងសេដ្ឋកិច្ចនឹងបន្តតាមដាន និងវាយតម្លៃជាប្រចាំប្រកបដោយការយកចិត្តទុកដាក់ និងត្រៀមលក្ខណៈក្នុងការដាក់ចេញនូវវិធានការអន្តរាគមន៍ឆ្លើយតបឱ្យបានទាន់ពេលវេលាលើបញ្ហានានាដែលអាចកើតមានជាយថាហេតុ។
លោកបញ្ជាក់ថា៖ «ហានិភ័យពីកត្តាខាងក្រៅ និងក្នុងប្រទេសទាមទារឱ្យរដ្ឋាភិបាលត្រូវត្រៀមលក្ខណៈរួចជាស្រេចក្នុងការបញ្ចៀស និងបន្ធូរបន្ថយសម្ពាធហានិភ័យ និងបញ្ហាប្រឈមនានាដែលអាចកើតឡើងជាយថាហេតុ តាមរយៈការដាក់ចេញ និងអនុវត្តវិធានការគោលនយោបាយឆ្លើយតបទាំងក្នុងផ្នែកម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ»។
ទេសាភិបាលធនាគារជាតិនៃកម្ពុជាលោក ជា ចាន់តូ បានថ្លែងក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី ១ និងទិសដៅការងារឆមាសទី ២ ឆ្នាំ ២០២២ ថា ការអូសបន្លាយសង្គ្រាម និងការដាក់ទណ្ឌកម្មនានាលើប្រទេសរុស្ស៊ីបានធ្វើឱ្យថ្លៃប្រេងឥន្ធនៈ និងម្ហូបអាហារពិភពលោកកើនឡើងជាលំដាប់ ដោយសាររុស្ស៊ី និងអ៊ុយក្រែនសុទ្ធតែជាប្រទេសនាំមុខគេក្នុងការនាំចេញវត្ថុធាតុដើម ដូចជា ប្រេងឥន្ធនៈ ឧស្ម័ន ជី និងផលិតផលកសិកម្ម ជាដើម។
លោកថ្លែងថា៖ «ក្រោមឥទ្ធិពលនៃការកើនឡើងថ្លៃប្រេង និងម្ហូបអាហារពិភពលោក អតិផរណានៅកម្ពុជាក៏បានកើនជាបន្តបន្ទាប់ដល់ ៧,២ ភាគរយក្នុងខែឧសភា ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ១ ទសវត្សរ៍ចុងក្រោយ»។
លោកបន្ថែមថា៖ «ក្នុងស្ថានភាពនេះ ធនាគារជាតិនៃកម្ពុជាបានថ្លឹងថ្លែងការអនុវត្តនយោបាយរូបិយវត្ថុ ដើម្បីគ្រប់គ្រងសម្ពាធអតិផរណាផង និងគាំទ្រការស្តារកំណើនសេដ្ឋកិច្ចផង ដើម្បីរួមចំណែកគ្រប់គ្រងសម្ពាធអតិផរណា អត្រាប្តូរប្រាក់ត្រូវបានបន្តរក្សាឱ្យមានស្ថិរភាពសំដៅការពារអំណាចទិញរបស់ប្រាក់រៀលក៏ដូចជាប្រាក់ចំណូលរបស់ប្រជាជនងាយរងគ្រោះ»។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក គី សេរីវឌ្ឍន៍ ឱ្យដឹងថា ចំពោះបញ្ហាអតិផរណារាជរដ្ឋាភិបាលបានរៀបចំថវិកាសម្រាប់ដោះស្រាយហើយ ប៉ុន្តែបើថ្លៃប្រេងនៅបន្តឡើង នោះពិតជាមានការលំបាកណាស់ក្នុងការបន្តទប់ទល់នឹងបញ្ហាអតិផរណា ដែលកើតមានដោយសារតម្លៃប្រេងឥន្ធនៈនេះ។ លោកបន្ថែមថា បច្ចុប្បន្នថ្វីដ្បិតតែតម្លៃប្រេងឥន្ធនៈបានធ្លាក់ចុះបន្តិចមែន ប៉ុន្តែនាពេលខាងមុខបើសិនថ្លៃប្រេងឡើងថ្លៃវិញនោះ ច្បាស់ណាស់រដ្ឋាភិបាលមិនអាចមានលទ្ធភាពទប់ទល់បានយូរទេ ដូចនេះគួរមានយុទ្ធសាស្ត្របន្ថែមទៀត គឺការលើកកម្ពស់ការផលិតនៅក្នុងស្រុក ដើម្បីទប់ទល់នឹងតម្លៃទំនិញនាំចូល។
លោកនិយាយថា៖ «ការលើកកម្ពស់ផលិតកម្មក្នុងស្រុកនឹងជំរុញឱ្យមានកំណើនផលិតកម្មក្នុងស្រុកកាន់តែច្រើនដែលនឹងធ្វើឱ្យបរិមាណផ្គត់ផ្គង់កាន់តែកើន ហើយនៅពេលនោះថ្លៃទំនិញអាចនឹងធ្លាក់ចុះ ដែលនេះគឺជាដំណោះស្រាយដ៏ល្អ និងជាដំណោះស្រាយរយៈពេលវែងក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងទប់ស្កាត់នូវស្ថានការណ៍អតិផរណាបាន»។
យោងតាមរបាយការណ៍បច្ចុប្បន្នភាពស្តីពីស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជាក្រោមចំណងជើង Weathering the Oil Price Shock ដែលចេញផ្សាយដោយធនាគារពិភពលោកកាលពីខែមិថុនាបង្ហាញថា ថ្វីដ្បិតសេដ្ឋកិច្ចមានសម្ទុះខ្លាំងក៏ពិតមែន ប៉ុន្តែដំណើរស្តារឡើងវិញបែរជាជួបនឹងភាពយឺតយ៉ាវ ដោយសារតែការស្រុតចុះនូវតម្រូវការលើទីផ្សារសកល។ ការឡើងថ្លៃឥតស្រាកស្រាន្តនៃតម្លៃប្រេងឥន្ធនៈ និងស្បៀងអាហារលើទីផ្សារពិភពលោកកំពុងរុញអតិផរណាឱ្យកាន់តែធំឡើង ហើយនៅកម្ពុជាក្រុមគ្រួសារក្រីក្រ និងងាយរងគ្រោះដែលមិនសូវមានប្រាក់សន្សំ ទំនងជាត្រូវរងទម្ងន់នៃការលំបាកធ្ងន់ជាងគេពីសំណាក់វិបត្តិប្រេងឡើងថ្លៃនេះ។ ឱនភាពបញ្ជីសារពើពន្ធត្រូវរំពឹងថានឹងកើនដល់ ៦,៣ ភាគរយនៃ ផ.ស.ស ដោយសាររដ្ឋាភិបាលចាំបាច់ត្រូវបន្តធ្វើការចំណាយលើកម្មវិធីនានា ដើម្បីជួយដល់ជនក្រីក្រ៕