ភ្នំពេញៈ កម្ពុជាចាប់ផ្តើមនាំចូលអំបិលពីក្រៅប្រទេសមកបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុកដែលមានក្នុងរង្វង់ពី ៩-១០ ម៉ឺនតោន ក្នុង ១ ឆ្នាំ ខណៈកត្តាអាកាសធាតុមានភ្លៀងធ្លាក់តាំងពីដើមឆ្នាំ បានធ្វើឱ្យអំបិលផលិតបានក្នុងឆ្នាំ ២០២២ នេះធ្លាក់ចុះប្រហែលពាក់កណ្តាល បើធៀបនឹងឆ្នាំ ២០២១។
បើយោងតាមអគ្គនាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ការផលិតអំបិលក្នុងឆ្នាំ ២០២២ សម្រេចបានក្នុងរង្វង់ប្រមាណ ៤០ ០០០ តោន ខណៈក្នុងឆ្នាំ ២០២១ ទិន្នផលអំបិលមានប្រមាណជាង ៧៥ ០០០ តោន។
ខេត្តកំពត និងកែប ជាទីតាំងផលិតអំបិលនៅកម្ពុជា។ ជាធម្មតារដូវកាលផលិតអំបិល គឺចាប់ពីខែចុងខែធ្នូ ទៅដល់ពាក់កណ្តាលខែឧសភានៃឆ្នាំនីមួយៗ ប៉ុន្តែក៏មានឆ្នាំខ្លះអាកាសធាតុក្តៅបានអូសបន្លាយការផលិតរហូតដល់ខែមិថុនា។
អ្នកផលិតអំបិលនៅក្នុងខេត្តកំពត និងជាអ្នកនាំចូលអំបិលពីក្រៅប្រទេសមកផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក លោក ប៊ុន បារាំង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ក្នុងថ្ងៃទី ២ ខែសីហាថា កត្តាអាកាសធាតុបានធ្វើឱ្យទិន្នផលអំបិលឆ្នាំនេះធ្លាក់ចុះយ៉ាងខ្លាំង គឺអាចទាបជាងបរិមាណផលិតក្នុងឆ្នាំមុនជាងពាក់កណ្តាល បើទោះបីផ្ទៃដីស្រែអំបិល និងកម្លាំងពលកម្មនៅក្នុងវិស័យនេះនៅដដែលក៏ដោយ។ លោកបន្តថា ជាមួយនឹងការធ្លាក់ចុះទិន្នផលដ៏ច្រើននេះ រដ្ឋាភិបាលកម្ពុជា នាពេលថ្មីៗនេះក៏បានចេញគោលការណ៍អនុញ្ញាតឱ្យនាំចូលអំបិលប្រមាណ ៦០ ០០០ តោន យកមកបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក ដើម្បីចៀសវាងវិបត្តិកង្វះអំបិលប្រើប្រាស់ និងការឡើងតម្លៃខ្ពស់។ អំបិលដែលកម្ពុជានាំចូល មានប្រភពពីឥណ្ឌា ដែលជាប្រទេសផលិតអំបិលធម្មជាតិ និងមានគុណភាពល្អដូចអំបិលកម្ពុជា។
លោកថ្លែងថា៖ «នៅពេលនេះ (ថ្ងៃទី ២ ខែសីហា) អំបិលដែលខ្ញុំនាំចូលវគ្គទី១ (ជាង ៤ ០០០ តោន) បានមកដល់កំពង់ផែភ្នំពេញហើយ ដោយក្រុមកម្មករកំពុងរៀបចំដឹកជញ្ជូនយកទៅទុកក្នុងឃ្លាំងត្រៀមបញ្ចេញលក់នៅលើទីផ្សារ»។
ថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលសុំមិនបញ្ចេញឈ្មោះ បានលើកឡើងថា កត្តាអាកាសធាតុភ្លៀងធ្លាក់ច្រើននាំឱ្យផលអំបិលប្រមូលបានក្នុងឆ្នាំ ២០២២ ស្ថិតក្នុងរង្វង់ ៤០ ០០០ តោនប៉ុណ្ណោះ។ លោកបន្តថា ស្ថានភាពនេះបានតម្រូវឱ្យកម្ពុជាត្រូវនាំចូលអំបិលពីក្រៅប្រទេសដើម្បីបំពេញតម្រូវការក្នុងស្រុក ខណៈរដ្ឋាភិបាលក៏បានអនុញ្ញាតជាគោលការណ៍ឱ្យនាំចូលអំបិលរួចហើយ។
លោកប្រាប់ទៀតថា ជាទូទៅកម្ពុជានាំចូលអំបិលពីប្រទេសឥណ្ឌា ព្រោះជាអំបិលធម្មជាតិដូចកម្ពុជាដែរ ដែលប្រើកម្តៅថ្ងៃសម្រាប់បង្ហួតទឹកសមុទ្រ។
កាលពីខែកុម្ភៈ លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាននិយាយថា ក្រសួងកំពុងរៀបចំឡើងវិញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យអំបិលនៅកម្ពុជារយៈពេល ៥ ឆ្នាំ (២០២២-២០២៦) ដោយសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងគោលការណ៍ណែនាំស្តីពីការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍស្រែអំបិលកំពត-កែប។
លោកបន្ថែមថា យុទ្ធសាស្ត្រនេះរៀបចំឡើងដើម្បីពង្រឹងប្រសិទ្ធភាពសេដ្ឋកិច្ចនៃការផលិតអំបិលនៅកម្ពុជាដោយផ្សារភ្ជាប់នឹងវិធានការគោលនយោបាយលើកទឹកចិត្ត និងជំរុញផលិតកម្មអំបិលឱ្យបានត្រឹមត្រូវ មានតម្លាភាព និងគណនេយ្យភាព។
របាយការណ៍ក្រសួងឧស្សាហកម្ម ឱ្យដឹងថា ក្នុងឆ្នាំ ២០២១ ផ្ទៃដីធ្វើស្រែអំបិលនៅក្នុងខេត្តកំពត និងខេត្តកែប មានទំហំសរុប ៤ ៧៤៨ ហិកតា។ បើអាកាសធាតុអំណោយផលក្នុង ១ ហិកតា គេអាចផលិតអំបិលបានជាមធ្យម ២០ តោនក្នុងរយៈពេល ១ ឆ្នាំ។
កាលពីឆ្នាំ ២០១៤, ២០១៥ និងឆ្នាំ ២០១៦ គឺជាពេលដែលកម្ពុជាប្រមូលផលអំបិលបានច្រើនដោយក្នុង ១ ឆ្នាំៗ បានជាង ១០ ម៉ឺនតោន។ ទោះយ៉ាងណា ទិន្នផលនេះបានធ្លាក់ចុះជាបន្តបន្ទាប់ចាប់ពីឆ្នាំ ២០១៧ មក។ របាយការណ៍បានឱ្យដឹងទៀតថា កាលពីឆ្នាំ ២០១៩ កម្ពុជាបាននាំចូលបានប្រហែល ១ ម៉ឺនតោន៕