ភ្នំពេញៈ ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ម៉ាឡេស៊ី ក្នុងឆមាសទី១ ឆ្នាំ ២០២២ មានទឹកប្រាក់សរុបជាង ៣២៥ លានដុល្លារ កើនឡើង ៤២ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២ ដែលក្នុងនោះការនាំចេញទំនិញពីកម្ពុជាទៅប្រទេសម៉ាឡេស៊ី មានទឹកប្រាក់ត្រឹមជាង ៥១ លានដុល្លារប៉ុណ្ណោះ។
ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឱ្យដឹងថា ចាប់ពីខែមករា-មិថុនា ឆ្នាំ ២០២២ ការនាំចេញ-នាំចូលទំនិញរវាងប្រទេសទាំង ២ មានទឹកប្រាក់សរុប ៣២៥,៦ លានដុល្លារ កើនឡើង ៤២ ភាគរយបើធៀបនឹងឆមាសទី ១ ឆ្នាំ ២០២១ ក្នុងនោះការនាំចេញរបស់កម្ពុជាទៅម៉ាឡេស៊ី មានទឹកប្រាក់ ៥១,៦៥ លានដុល្លារ កើនឡើង ៦,៧ ភាគរយ និងការនាំទំនិញពីម៉ាឡេស៊ីមកកម្ពុជា មានទឹកប្រាក់ ២៧៣,៩៥ លានដុល្លារ កើនឡើង ៥១,៥ ភាគរយ។
លោកស្រី កែវ មុំ អគ្គនាយិកាតំបន់សេដ្ឋកិច្ចពិសេសកំពង់សីលា និងជាម្ចាស់ក្រុមហ៊ុនផលិតនំស្រួយលីលី បានប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃទី ៣ ខែសីហាថា ភាពល្អប្រសើរនៃទំនាក់ទំនងការទូត និងពាណិជ្ជកម្មរវាងប្រទេសទាំង ២ ទាំងលក្ខណៈទ្វេភាគី និងតំបន់ (អាស៊ាន) បានធ្វើឱ្យទំហំទឹកប្រាក់នៃការផ្លាស់ប្តូរទំនិញកើនឡើងជាបន្តបន្ទាប់ ដោយគ្រាន់តែការនាំចេញរបស់កម្ពុជានៅមានចំនួនតិចតួចបើធៀបនឹងការនាំចូលទំនិញពីម៉ាឡេស៊ីមកវិញ។ លោកស្រីបន្តថា សម្រាប់ផលិតផលដែលកម្ពុជាកំពុងនាំទៅទីផ្សារម៉ាឡេស៊ី គឺមានភាគច្រើនជាផលិតផលដែលមានម្ចាស់ជាវិនិយោគិនបរទេស។
លោកស្រីបានថ្លែងថា៖ «បើទោះបីជាបច្ចុប្បន្នកម្ពុជាកំពុងពង្រីកបាននូវសក្តានុពលនាំចេញទៅកាន់ទីផ្សារអន្តរជាតិកាន់តែច្រើនក៏ដោយ ក៏បរិមាណការនាំចេញទៅប្រទេសម៉ាឡេស៊ីនៅមានកម្រិតតិចតួចប៉ុណ្ណោះ»។
លោកស្រីប្រាប់ទៀតថា ជាមួយនឹងភាពរីកចម្រើននៃចង្វាក់ផលិតកម្មនៅកម្ពុជាក្នុងពេលបច្ចុប្បន្ន លោកស្រីរំពឹងថា ចំនួនទឹកប្រាក់នៃការនាំទំនិញពីកម្ពុជាទៅម៉ាឡេស៊ី នឹងមានចំនួនកាន់តែច្រើន ខណៈចំនួនអ្នកវិនិយោគម៉ាឡេស៊ីនៅកម្ពុជាក៏មានចំនួនកាន់តែច្រើនដែរ។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាននិយាយថា ជាការល្អណាស់ដែលសកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំង ២ នៅរក្សាបានភាពវិជ្ជមាន ទោះបីក្នុងអំឡុងពេលការរីករាលដាលជំងឺកូវីដ ១៩។ ទោះយ៉ាងណា បើផ្អែកតាមតួលេខនាំចេញ-នាំចូល គឺចំនួនទឹកប្រាក់នាំចេញរបស់កម្ពុជា នៅមានកម្រិតទាបបើធៀបនឹងការនាំចូលរបស់ប្រទេសម៉ាឡេស៊ី។
លោកបញ្ជាក់ថា៖ «នេះជាសច្ចភាព ដោយសារតែកម្លាំងផលិតរបស់កម្ពុជានៅទាបជាម៉ាឡេស៊ី។ ទោះយ៉ាងណាកម្ពុជាត្រូវតែខិតខំធ្វើពិពិធកម្មផលិតកម្មរបស់ខ្លួនឱ្យកាន់តែច្រើន និងមានលក្ខណៈចម្រុះបន្ថែមទៀត ដើម្បីកាត់បន្ថយគម្លាតពាណិជ្ជកម្មទ្វេភាគីនេះ»។
លោកបន្ថែមថា ក្នុងនាមជាអ្នកជំនាញផ្នែកសេដ្ឋកិច្ច លោកពិតជាចង់ឃើញចំនួនទឹកប្រាក់នាំចេញរបស់កម្ពុជាទៅម៉ាឡេស៊ី មានខ្ពស់ជាងពេលនេះ។
លោកលើកឡើងថា៖ «នៅពេលនាំចូលទំនិញកាន់តែច្រើនមានន័យថា សាច់ប្រាក់នឹងហូរចេញពីចរន្តសេដ្ឋកិច្ចជាតិកាន់តែច្រើនដែរ»។
ទំនិញដែលកម្ពុជានាំទៅប្រទេសម៉ាឡេស៊ីមានដូចជា អង្ករ ដូងប្រេង ម្រេច កៅស៊ូ ក្រណាត់ គ្រឿងបង្គុំអគ្គិសនី ផលិតផលឧស្សាហកម្ម និងកសិកម្ម ជាដើម។ ចំណែកទំនិញកម្ពុជានាំចូលពីម៉ាឡេស៊ី មាន គ្រឿងបន្លាស់រថយន្ត អាហារ និងភេសជ្ជៈ និងឧបករណ៍អេឡិចត្រូនិកមួយចំនួន។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ ក្នុងជំនួបជាមួយលោក Mohamed Azmin Ali រដ្ឋមន្ត្រីពាណិជ្ជកម្មម៉ាឡេស៊ី កាលពីខែកុម្ភៈ ឆ្នាំ ២០២២ បានស្នើឱ្យភាគីម៉ាឡេស៊ីជួយជំរុញវិនិយោគិនរបស់ខ្លួនចូលមកវិនិយោគនៅកម្ពុជាឱ្យបានច្រើន ខណៈកម្ពុជាគឺជាប្រទេសដែលមានភាពអំណោយផលច្រើន សម្រាប់ការបណ្តាក់ទុន ពិសេសមានច្បាប់វិនិយោគល្អប្រសើរ និងមានប្រទេសដៃគូពាណិជ្ជកម្មច្រើនលើពិភពលោក។
ក្នុងឆ្នាំ ២០២១ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ម៉ាឡេស៊ី មានទឹកប្រាក់ជាង ៥០៣ លានដុល្លារ កើន ១៣ ភាគរយបើធៀបនឹងឆ្នាំ ២០២០។ ក្នុងនោះការនាំចេញពីកម្ពុជាទៅម៉ាឡេស៊ី មានជាង ១០១,៣១២ លានដុល្លារ កើន ២,២ ភាគរយ និងការនាំទំនិញពីម៉ាឡេស៊ីមានជាង ៤០១,៦៧ លានដុល្លារកើនឡើង ១៦,១ ភាគរយ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕