ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានសម្តែងការព្រួយបារម្ភពីការធ្លាក់ចុះការបញ្ជាទិញពីទីផ្សារប្រទេសលោកខាងលិច ដែលជាទីផ្សារនាំចេញសម្លៀកបំពាក់ដ៏សំខាន់របស់កម្ពុជា បន្ទាប់ពីរោងចក្រជាសមាជិករបស់សមាគមមួយចំនួនបានផ្តល់ដំណឹងពីការកាត់បន្ថយផ្នែកខ្លះនៃការបញ្ជាទិញពីខាងក្រៅ។
លោក Ken Loo អគ្គលេខាធិការ នៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា GMAC បានសរសេរមកកាន់ ភ្នំពេញ ប៉ុស្តិ៍ថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពនាំចេញសម្រាប់ឆមាសទី២ ឆ្នាំ ២០២២ នេះ ដោយសារតែស្ថានភាពសកលលោកមានភាពមិនស្ថិតស្ថេរ និងលទ្ធភាពនៃការធ្លាក់ចុះនៃសេដ្ឋកិច្ច ដែលភាគច្រើននៅប្រទេសលោកខាងលិច ដែលជាទីផ្សារនាំចេញសម្លៀកបំពាក់ដ៏សំខាន់របស់កម្ពុជា។
លោកប្រាប់ថា សមាជិករបស់ GMAC ជាច្រើនបានជូនដំណឹងដល់ GMAC ពីការបញ្ជាទិញរបស់ម្ចាស់ទំនិញត្រូវបានកាត់បន្ថយ ឬកែសម្រួលឡើងវិញ និងសមាជិកមួយចំនួនបានស្វែងរកការប្រឹក្សាផ្នែកច្បាប់ពីក្រុមអ្នកច្បាប់ GMAC អំពីនីតិវិធីសម្រាប់ការផ្អាកផលិតកម្ម១ផ្នែកតាមដែលអាចធ្វើទៅបាន។
លោកបញ្ជាក់ថា៖ «បច្ចុប្បន្ន GMAC កំពុងធ្វើការស្ទង់មតិយ៉ាងទូលំទូលាយក្នុងចំណោមសមាជិកទាំងអស់ ដើម្បីវិភាគស្ថានភាពតាមលំដាប់លំដោយបានកាន់តែត្រឹមត្រូវ។ ការកើនឡើងថ្លៃដើមទ្វេដងនឹងធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំង ដោយនេះមិនទាន់និយាយអំពីបញ្ហាផ្សេងទៀតដូចជា ថ្លៃដឹកជញ្ជូន និងថ្លៃដើមនៃការអនុលោមតាមច្បាប់ខ្ពស់ ដែលកំពុងតែកើនឡើងជារៀងរាល់ឆ្នាំ ដោយសារតម្រូវការរបស់អ្នកទិញ»។
លោក Ken Loo បានព្រមានថា តាមស្ថិតិប្រាក់ចំណេញក្នុងវិស័យនេះកំពុងដំណើរការទាបណាស់ធៀបនឹងសមាមាត្រនៃតម្លៃបន្ថែមធៀបប្រាក់ឈ្នួលបូកនឹងថ្លៃដើមទាក់ទងនឹងការងារផ្សេងទៀត។
លោកបន្តថា កម្ពុជាត្រូវមានភាពសកម្ម និងការប្រុងប្រយ័ត្នចំពោះអ្វីដែលនឹងអាចដាក់សម្ពាធទៅលើក្រុមហ៊ុនកាន់តែច្រើន។ ម្យ៉ាងទៀតយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ស្បែកជើង និងកាបូប ត្រូវបានដាក់ឱ្យអនុវត្តកាលពីខែមីនា ឆ្នាំ ២០២២ ត្រូវអនុវត្តឱ្យបានលឿនដើម្បីជួយទប់ទល់នឹងការធ្លាក់ចុះនាពេលខាងមុខ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ក្រសួងពាណិជ្ជកម្មយល់ស្របចំពោះការព្រួយបារម្ភរបស់ GMAC ជុំវិញបញ្ហាសង្គ្រាម និងបញ្ហាផ្សេងៗដែលកើតនៅលោកខាងលិច ដែលអាចនឹងធ្វើឱ្យប៉ះពាល់ដល់ការបញ្ជាទិញផលិតផលវាយនភណ្ឌកាត់ដេរពីកម្ពុជា។
លោកបន្ថែមថា ជាការពិតបើស្ថានភាពសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែននៅតែបន្ត វានឹងអាចធ្វើកម្លាំងបញ្ជាទិញពីតំបន់អឺរ៉ុបមានការថយចុះ ប៉ុន្តែកម្ពុជាធ្លាប់បានឆ្លងកាត់ស្ថានភាពនេះរួចហើយកាលពីអំឡុងកូវីដ ១៩ រីករាលដាលខ្លាំង។
លោកបញ្ជាក់ថា៖ «ថ្វីដ្បិតតែមានការបង្អាក់ចំពោះការបញ្ជាទិញ ដោយសារបញ្ហាកូវីដ ១៩ បញ្ហាសង្គ្រាម និងការដឹកជញ្ជូនឡើងថ្លៃបានធ្វើឱ្យទីផ្សារចម្ងាយឆ្ងាយមានការថយចុះពិតមែន ប៉ុន្តែយើងអាចនឹងបំពេញមកវិញតាមរយៈទីផ្សារជិតៗដូចជាទីផ្សារនៅក្នុងតំបន់ ទីផ្សារចិន ទីផ្សារអនុតំបន់ជាដើម ដែលទីផ្សារទាំងនេះតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលយើងបានចុះហត្ថលេខាហើយ អាចឱ្យយើងមានលទ្ធភាពនាំចេញបានច្រើន»។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានឱ្យដឹងថា បញ្ហាការថយចុះចំនួនបញ្ជាទិញពីខាងទីផ្សារអឺរ៉ុបនេះ ទាមទារឱ្យភាគីពាក់ព័ន្ធទាំងរដ្ឋ និងឯកជនរួមគ្នាដោះស្រាយ។
លោកអះអាងថា៖ «ការកាត់បន្ថយការចំណាយរបស់ប្រជាជននៅលោកខាងលិច អាចជាកត្តាធ្វើឱ្យការបញ្ជាទិញពីទីផ្សារនេះមានការថយចុះដែរ។ ដូចនេះ អ្នកពាក់ព័ន្ធគួរគិតគូរឡើងវិញពីការចំណាយថ្លៃដើមដូចជា បញ្ហាថ្លៃដឹកជញ្ជូន ដោយត្រូវធ្វើយ៉ាងសម្រួលដល់អ្នកផលិតឱ្យបានច្រើន»។
បើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរក្នុងឆមាសទី១ ឆ្នាំ ២០២២ មានទឹកប្រាក់ ប្រមាណ ៦,៦ ពាន់លានដុល្លារ កើនឡើង ៤០ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំមុន៕