ភ្នំពេញៈ ចំណូលដែលកម្ពុជារកបានមកពីការនាំចេញផលិតផលស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែលក្នុងរយៈពេល ៧ ខែ ឆ្នាំ ២០២២ មានជាង ១ ពាន់លានដុល្លារ កើនឡើងជិត ៣៤ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១។
ទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចេញផ្សាយក្នុងថ្ងៃទី ១០ ខែសីហា ឱ្យដឹងថា ការនាំចេញផលិតផលស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែលពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២២ មានទឹកប្រាក់សរុប ១ ០៤៥,២៣ លានដុល្លារ កើន ៣៣,៨ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំមុនដែលមាន ៧៨១,៣២ លានដុល្លារ។ ចំនួននេះ ស្មើ ៧,៦ ភាគរយ នៃការនាំចេញសរុបរបស់កម្ពុជាក្នុងរយៈពេល ៧ ខែឆ្នាំ ២០២២ ដែលមានចំនួន ១៣ ៧៦៩,៧៣ លានដុល្លារ។
ប្រធានសមាគមស្បែកជើងកម្ពុជា លោក លី ឃុនថៃ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ក្នុងថ្ងៃទី ១០ ខែសីហាថា ទោះបីស្ថានភាពការឆ្លងរាលដាលជំងឺកូវីដ ១៩ ពិភពលោកមិនទាន់អាចគ្រប់គ្រងបាន ហើយកំណើនសេដ្ឋកិច្ចពិភពលោកក៏នៅមិនទាន់មានភាពច្បាស់លាស់ ក៏ការនាំចេញស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែលពីកម្ពុជាទៅទីផ្សារអន្តរជាតិនៅតែបន្តសញ្ញាវិជ្ជមាន។ កំណើននៃការនាំចេញនេះអាចបណ្តាលមកពីកត្តារួមផ្សំមួយចំនួនដូចជា ស្ថិរភាពនយោបាយ, កំណើនសេដ្ឋកិច្ច, មានទីផ្សារនាំចេញច្រើនប្រទេស, សម្បូរពលកម្មជំនាញ និងតម្លៃសមរម្យ ព្រមទាំងជាប្រទេសមានលក្ខខណ្ឌ និងច្បាប់វិនិយោគល្អប្រសើរ។
លោកថ្លែងថា៖ «ការនាំចេញផលិតផលស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែល កំពុងរួមចំណែកយ៉ាងច្រើនក្នុងការពង្រឹងកំណើនសេដ្ឋកិច្ចនិងបង្កើតការងារជាច្រើន។ ទន្ទឹមនឹងកំណើនប្រាក់នាំចេញនេះ កម្ពុជាក៏ទទួលបានកំណើនការចូលមកបណ្តាក់ទុនលើផលិតកម្មទាំងអស់នេះផងដែរ»។
បើតាមលោក ឃុនថៃ ផលិតផលស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែល ផលិតនៅកម្ពុជាមានទីផ្សារធំនៅអាមេរិក អឺរ៉ុប អង់គ្លេស កាណាដា កូរ៉េ ជប៉ុន និងប្រទេសនៅក្នុងតំបន់អាស៊ាន ជាដើម។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ថា ផលិតផលស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែល គឺជាផលិតផលនាំចេញសំខាន់មួយរបស់កម្ពុជាដែលមានទឹកប្រាក់នាំចេញដល់ខ្ទង់ពាន់លានដុល្លារ១ ឆ្នាំ។ លោកបន្ថែមថា ពង្រីកទីផ្សារថ្មីៗនឹងជួយឱ្យការនាំចេញផលិតផលពីកម្ពុជាទៅទីផ្សារអន្តរជាតិមានចំនួនកាន់តែច្រើន។
លោកបន្ថែមថា៖ «ផលិតផលស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែល គឺជាទំនិញសំខាន់ដែលកម្ពុជានាំចេញទៅប្រទេសជាច្រើន។ កំណើនទឹកប្រាក់នាំចេញបញ្ជាក់ថា ផលិតផលកម្ពុជា គឺមានគុណភាពកម្រិតអន្តរជាតិ»។
យោងតាមលោក លី ឃុនថៃ នៅកម្ពុជាបច្ចុប្បន្នមានរោងចក្រផលិតស្បែកជើងប្រហែល ៧០ ដោយមានម្ចាស់ភាគច្រើនមកពីប្រទេសចិន ហុងកុង ចិនតៃប៉ិ កូរ៉េ និងជប៉ុន។ ចំណែកវត្ថុធាតុដើមភាគច្រើននាំមកពីចិន វៀតណាម និងថៃ។ ស្បែកជើងផលិតនៅកម្ពុជា មានម៉ាកល្បីៗដូចជា Adidas, Clarks, និង Timberland ជាដើម។
ក្នុងឆ្នាំ ២០២១ ការនាំចេញផលិតផលស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែល មានតម្លៃ ១ ៣៩២,២២ លានដុល្លារ កើន ២៤ ភាគរយ បើធៀបនឹងឆ្នាំ ២០២០។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕