ភ្នំពេញៈ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-សិង្ហបុរី ក្នុងរយៈពេល ៧ ខែ ឆ្នាំ ២០២២ មានតម្លៃសរុប ២ ៦០៨,១៤ លានដុល្លារ ធ្លាក់ចុះ ២៧,៥ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ ដែលមានចំនួន ៣ ៥៩៥,៤១ លានដុល្លារ ដោយក្នុងនោះជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឱនភាពជាង ២ ៤៧១,២៦ លានដុល្លារ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ទិន្នន័យបង្ហាញថា ពីខែមករា-កក្កដា ឆ្នាំ ២០២២ ក្នុងចំណោមទឹកប្រាក់នាំចេញ-នាំចូលទំនិញរបស់ប្រទេសទាំង ២ គឺការនាំទំនិញពីកម្ពុជាទៅសិង្ហបុរី មានត្រឹម ៦៨,៤៤ លានដុល្លារប៉ុណ្ណោះ ធ្លាក់ចុះ ៣០,៧ ភាគរយ និងការនាំទំនិញពីសិង្ហបុរី មានចំនួន ២ ៥៣៩,៧ លានដុល្លារ ធ្លាក់ចុះ ២៧,៤ ភាគរយ។
សិង្ហបុរីឈរលេខ ៥ ជាប្រទេសមានទំនាក់ទំនងពាណិជ្ជកម្មច្រើនជាមួយនឹងកម្ពុជា បន្ទាប់ពីប្រទេសចិន អាមេរិក វៀតណាម និងថៃ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ក្នុងឱកាសចូលរួមពិធីអបអរសាទរខួបលើកទី៥៧ នៃទិវាជាតិរបស់សាធារណរដ្ឋសិង្ហបុរី ដែលរៀបចំនៅសណ្ឋាគារ Raffles Hotel Le Royal កាលពីថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២២ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានសម្តែងការអបអរសាទរ និងថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនសិង្ហបុរី ដែលតែងគាំទ្រ និងផ្តល់ជំនួយដល់ប្រទេសកម្ពុជា ពិសេសការអភិវឌ្ឍធនធានមនុស្ស ដែលជាសសរស្តម្ភដ៏សំខាន់នៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការអភិវឌ្ឍជាតិសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងការកសាងសហគមន៍អាស៊ាន។
បន្ថែមពីលើនេះ លោកក៏បានរំឭកពីកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងមិត្តភាពយូរអង្វែងរវាងកម្ពុជា-សិង្ហបុរី លើវិស័យជាច្រើន ពិសេសកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ដោយទំហំពាណិជ្ជកម្មទ្វេភាគី បានកើនឡើងពី ៣,៥ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២០ ដល់ ៥,៣ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២១ ទោះបីមានផលប៉ះពាល់បណ្តាលមកពីជំងឺកូវីដ ១៩ ក៏ដោយ។
លោកថ្លែងថា៖ «ក្នុងបរិយាកាសធុរកិច្ច និងការវិនិយោគដ៏អំណោយផលរបស់កម្ពុជា ពិសេសការលើកទឹកចិត្ត និងភាពបត់បែនដែលផ្តល់ដោយក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីសម្រាប់ការស្តារសេដ្ឋកិច្ចក្នុងទម្រង់ប្រក្រតីភាពថ្មី២០២១-២០២៣ ក៏ដូចជា ច្បាប់ស្តីពីការវិនិយោគដែលទើបប្រកាសដាក់ឱ្យអនុវត្ត ខ្ញុំសង្ឃឹមថា កម្ពុជានឹងទាក់ទាញវិនិយោគិនច្រើនបន្ថែមទៀត រួមទាំងវិនិយោគិនមកពីសិង្ហបុរីផងដែរ»។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ក្នុងថ្ងៃទី ១៤ ខែសីហាថា ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-សិង្ហបុរី មានជាយូរមកហើយ ដោយសិង្ហបុរីមិនត្រឹមជាកន្លែងឆ្លងកាត់ទំនិញតាមផ្លូវទឹករបស់កម្ពុជាភាគច្រើននោះទេ ប៉ុន្តែក៏ជាប្រទេសក្នុងតំបន់អាស៊ានជាមួយគ្នាដែរ។ លោកបន្តថា ម្យ៉ាងទៀតចំនួននៃវិនិយោគិនសិង្ហបុរី ដែលកំពុងបណ្តាក់ទុននៅកម្ពុជាក៏មានចំនួនច្រើនដែរក្នុងពេលនេះ។
លោកនិយាយថា៖ «ទោះបីទឹកប្រាក់នាំចេញទំនិញពីកម្ពុជាទៅសិង្ហបុរីមានចំនួនតិចខ្លាំងបើធៀបនឹងការនាំចូល ប៉ុន្តែទីផ្សារ និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសនេះ គឺពិតជាមានសារៈសំខាន់សម្រាប់ការនាំចេញទំនិញពីកម្ពុជាទៅប្រទេសជាច្រើននៅលើពិភពលោក»។
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) គិតនៅត្រឹមឆមាសទី១ ឆ្នាំ ២០២២ គម្រោងវិនិយោគដែលមានម្ចាស់ជាវិនិយោគិនសិង្ហបុរីចំនួន ១២៧ គម្រោង ស្មើនឹងទុនវិនិយោគប្រមាណ ១,៥៣ ពាន់លានដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តឱ្យវិនិយោគនៅកម្ពុជា។
កាលពីឆ្នាំ ២០២១ ការផ្លាស់ប្តូរទំនិញរវាងកម្ពុជា-សិង្ហបុរី មានទឹកប្រាក់សរុប ៥ ២១៧ លានដុល្លារ កើនឡើង ៤៩,៥ ភាគរយ បើធៀបឆ្នាំ ២០២០។ ក្នុងនោះការនាំចេញពីកម្ពុជា មាន ១១៩,៨៩ លានដុល្លារ ធ្លាក់ចុះ ៩៥,២ភាគរយ និងការនាំទំនិញពីសិង្ហបុរីមកកម្ពុជាមាន ៥ ០៩៧,៧១១ លានដុល្លារ កើនឡើង ៤១៧ ភាគរយ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕