ក្រុមហ៊ុនចំនួន ១៣៥ បានចុះឈ្មោះនៅផ្សារពាណិជ្ជកម្មខេមបូឌាត្រេដ (CambodiaTrade) ដែលជាវេទិកាទីផ្សារអនឡាញបានតាំងបង្ហាញផលិតផលជាង ១ ២០០ មុខដាក់លក់ទូទាំងពិភពលោកចាប់តាំងពីកម្មវិធីនេះបានដាក់ឱ្យដំណើរការជាផ្លូវការកាលពីខែមីនា។
លោកស្រី តឹក រ៉េតកំរ៉ង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានបង្ហាញទិន្នន័យនេះក្នុងព្រឹត្តិការណ៍មួយកាលពីថ្ងៃទី ៩ សីហាថា ក្រសួងស្វាគមន៍ចំពោះសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក (SME) ទាំងអស់ឱ្យចុះឈ្មោះនៅផ្សារពាណិជ្ជកម្មខេមបូឌាត្រេដ ដើម្បីដាក់ផលិតផលអនឡាញ ដើម្បីលក់ទៅកាន់ទីផ្សារពិភពលោក។
លោកស្រីបានថ្លែងថា៖ «យើងសូមកោតសរសើរចំពោះសហគ្រាសធុនតូច និងមធ្យម ដែលចូលរួមជាមួយផ្សារពាណិជ្ជកម្មខេមបូឌាត្រេដ ជាពិសេសអ្នកដែលមានទីតាំងនៅតាមបណ្តាខេត្ត»។ លោកស្រីបានលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ឱ្យលើកកម្ពស់ផ្សារពាណិជ្ជកម្មខេមបូឌាត្រេដឱ្យកាន់តែទូលំទូលាយទាំងក្នុង និងក្រៅប្រទេស។
លោកលើកឡើងថា៖ «សហគ្រាសធុនតូច និងមធ្យមទាំងអស់ ដែលកំពុងតាំងបង្ហាញផលិតផលនៅលើគេហទំព័រ Cambodiatrade.com បានរៀបចំយ៉ាងល្អ សម្រាប់ការបញ្ជាទិញ និងការទូទាត់តាមអេឡិចត្រូនិក ខណៈពេលដែលត្រៀមខ្លួនរួចជាស្រេចសម្រាប់ការដឹកជញ្ជូនទាំងក្នុងនិងក្រៅប្រទេសក្នុងទម្រង់រវាងអាជីវកម្ម និងអាជីវកម្ម (B2B) ឬទីផ្សារអាជីវកម្មនឹងអតិថិជន (B2C)»។
ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី ៣១ ខែមីនាបានដាក់ឱ្យដំណើរការផ្សារពាណិជ្ជកម្មខេមបូឌាត្រេដជាវេទិកាអនឡាញមួយ ដែលមានដំណោះស្រាយទីផ្សាររួមបញ្ចូលគ្នាចាត់ទុកជាធាតុផ្សំសំខាន់នៃគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (Go4eCAM)។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានឱ្យដឹងក្នុងពិធីសម្ពោធផ្សារពាណិជ្ជកម្មខេមបូឌាត្រេដថាវានឹងក្លាយជាក្បាលម៉ាស៊ីនដ៏សំខាន់មួយ សម្រាប់ការធ្វើពិពិធកម្មសេដ្ឋកិច្ចក៏ដូចជាការលក់ផលិតផលកម្ពុជាទាំងក្នុងស្រុក និងអន្តរជាតិ ដែលលោកបានបញ្ជាក់ថាវាស្របតាមចក្ខុវិស័យរយៈពេលវែងរបស់រដ្ឋាភិបាលក្នុងការទាញយកប្រយោជន៍ពីបដិវត្តន៍ឧស្សាហកម្មទី ៤ (4IR)។
លោកបានសន្មតថាការអភិវឌ្ឍនៃបច្ចេកវិទ្យាឌីជីថលជាមូលដ្ឋានចំពោះគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មរបស់ព្រះរាជាណាចក្រកម្ពុជា ដោយសារវាជាប់ទាក់ទងនឹងការធ្វើពិពិធកម្មសេដ្ឋកិច្ចដោយលើកឡើងថាផ្សារពាណិជ្ជកម្មខេមបូឌាត្រេដនឹងធ្វើឱ្យសហគ្រាសធុនតូច និងមធ្យមក្នុងស្រុកអាចតភ្ជាប់ទៅកាន់ខ្សែសង្វាក់តម្លៃក្នុងតំបន់ និងពិភពលោកបានកាន់តែប្រសើរ។
លោករដ្ឋមន្ត្រីបានកត់សម្គាល់ថាបដិវត្តន៍បច្ចេកវិទ្យា និងបរិវត្តកម្មឌីជីថលដែលនាំមកដោយ 4IR មានសារៈសំខាន់ក្នុងការបង្កើនការប្រកួតប្រជែងរបស់សហគ្រាស និងដំណើរការអាជីវកម្មដែលលោកថានឹងរួមចំណែកលើកកម្ពស់ផលិតភាពបង្កើនការនាំចេញបង្កើតការងារ និងជំរុញសេដ្ឋកិច្ចជាតិ។
លោក ធាប សុវណ្ណារ៉េត ប្រធានផ្នែកប្រតិបត្តិការនៃទីផ្សារអនឡាញ Smile Shop បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ១៥ ខែសីហាថា ក្រុមហ៊ុនរបស់លោកធ្លាប់ធ្វើជាដៃគូជាមួយក្រសួងពាណិជ្ជកម្ម (MoC) ក្នុងអំឡុងពេលការបិទខ្ទប់ ដែលអាចឱ្យប្រជាជនទទួលបានលទ្ធភាពក្នុងការទិញផលិតផលកាន់តែច្រើន។
លោកបានបន្តថាការបង្កើតផ្សារពាណិជ្ជកម្មខេមបូឌាត្រេដដែលជាការដឹកនាំរបស់រដ្ឋាភិបាលផ្តល់ជម្រើសកាន់តែច្រើនដល់អ្នកទិញអាចចូលប្រើប្រាស់វេទិកាកាន់តែច្រើនហើយលោកសង្ឃឹមថានឹងធ្វើសមាហរណកម្មវេទិការបស់លោកផងដែរ។
លោកបន្ថែមថា៖ «រហូតមកដល់ពេលនេះយើងបានរួមដាក់បញ្ចូលវេទិការបស់យើងជាមួយក្រុមហ៊ុនឯកជនជាច្រើនក៏ដូចជាស្ថាប័នហិរញ្ញវត្ថុ ដើម្បីធ្វើឱ្យអតិថិជនរបស់យើងកាន់តែមានភាពងាយស្រួលនៅពេលពួកគេទិញផលិតផលពីយើងយើងចង់ផ្តល់ភាពងាយស្រួលដល់អតិថិជនរបស់យើង។ យើងរីករាយក្នុងការធ្វើការជាមួយអង្គការមិនមែនរដ្ឋាភិបាល ឬស្ថាប័នរដ្ឋាភិបាលផ្សេងទៀតលើកិច្ចសហប្រតិបត្តិការផ្សារពាណិជ្ជកម្មខេមបូឌាត្រេដ ដើម្បីអនុញ្ញាតឱ្យសហគ្រាសធុនតូច និងមធ្យមអាចលក់ផលិតផលរបស់ខ្លួនកាន់តែទូលំទូលាយ»៕