ភ្នំពេញៈ កម្ពុជាបានចំណូលជាង ១ ពាន់លានដុល្លារពីការនាំចេញគ្រាប់ស្វាយចន្ទី (ឆៅ) ប្រមាណ ៦៦ ម៉ឺនតោន ទៅកាន់ប្រទេសវៀតណាមនៅក្នុងរយៈពេល ៧ ខែ ឆ្នាំ ២០២២ ទោះបីជាបរិមាណនៃការនាំចេញបានធ្លាក់ចុះក៏ដោយ។
យោងតាមប្រធានសមាគមស្វាយចន្ទីកម្ពុជា ប្រទេសកម្ពុជា នាំចេញគ្រាប់ស្វាយចន្ទី (ឆៅ) ប្រមាណ ៦៦០ ០០០ តោន ទៅទីផ្សារវៀតណាមក្នុងរយៈពេល ៧ ខែ ដើមឆ្នាំ ២០២២ ធ្លាក់ចុះ ៣៥០ ០០០ តោន ឬស្មើ ៣៤,៦៥ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ដោយប្រមូលបានប្រាក់ ១ ០៧៧ លានដុល្លារ។
ស្វាយចន្ទី ជាដំណាំកសិកម្មដែលមានដាំដុះច្រើនក្នុងខេត្តចំនួន ១០ នៅកម្ពុជាមានដូចជាខេត្តកំពង់ធំ ក្រចេះ កំពង់ចាម ព្រះវិហារ ត្បូងឃ្មុំ ជាដើម។ ជារៀងរាល់ឆ្នាំទិន្នផល និងគុណភាពគ្រាប់ស្វាយចន្ទី តែងតែប្រែប្រួលតាមអាកាសធាតុ ជាក់ស្តែងនៅក្នុងឆ្នាំ ២០២២ ដែលមានភ្លៀងធ្លាក់ច្រើន ទិន្នផល និងគុណភាពគ្រាប់មិនសូវល្អទេ ប៉ុន្តែបើឆ្នាំណាមានអាកាសធាតុក្តៅ និងមិនសូវមានភ្លៀង ទិន្នផល និងគុណភាពគ្រាប់ស្វាយចន្ទីនឹងកើនឡើងខ្ពស់។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ១៥ ខែសីហាថា ស្វាយចន្ទី គឺជាប្រភេទកសិផលដ៏មានសក្តានុពលសម្រាប់ទីផ្សារនាំចេញដោយចំណូលពីការនាំចេញគ្រាប់ស្វាយចន្ទី (ឆៅ) អាចលើសពីកសិផលផ្សេងទៀតក្នុងវិស័យកសិកម្ម ដូចជា ស្រូវ អង្ករ ដំឡូងមី និងកៅស៊ូ ជាដើម។
លោកបន្តថា ដោយសារតែនៅកម្ពុជាបច្ចុប្បន្នមិនទាន់មានសិប្បកម្ម ឬរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី កម្រិតស្តង់ដាអន្តរជាតិ ហេតុនេះគ្រាប់ស្វាយចន្ទី (ឆៅ) កម្ពុជាប្រមាណ ជាង ៩០ ភាគរយ ត្រូវបានហូរទៅទីផ្សារប្រទេសវៀតណាមជារៀងរាល់ឆ្នាំ។
លោកថ្លែងថា៖ «បច្ចុប្បន្នគ្រាប់ស្វាយចន្ទី (ឆៅ) ដែលប្រជាកសិករខ្មែរប្រមូលបានប្រហែល ៩៥ ភាគរយ ត្រូវបានហូរចូលទៅរោងចក្រកែច្នៃនៅក្នុងប្រទេសវៀតណាម ខណៈប្រហែល ២ ភាគរយ នាំចេញទៅប្រទេសឥណ្ឌា និងសល់ពីនោះសម្រាប់ការកែច្នៃក្នុងស្រុក»។
ទាក់ទងនឹងការធ្លាក់ចុះទិន្នផល និងការនាំចេញក្នុងឆ្នាំ ២០២២ នេះ លោក ស៊ីឡុត អះអាងថា ក្រៅពីកត្តាអាកាសធាតុ អ្នកដាំដុះស្វាយចន្ទីក៏បានជួបនឹងបញ្ហាប្រឈមមួយចំនួនដូចជា ការកើនឡើងតម្លៃជី ការដឹកជញ្ជូន និងកង្វះទុនសម្រាប់វិនិយោគផងដែរ។
បើយោងតាមលោក ស៊ីឡុត បច្ចុប្បន្នគ្រាប់ស្វាយចន្ទីមានតម្លៃពី ១ ៣៥០-១ ៧៥០ ដុល្លារ ក្នុង ១ តោន ដោយអាស្រ័យលើគុណភាពគ្រាប់។ នៅកម្ពុជាផ្ទៃដីដាំដុះស្វាយចន្ទី មានប្រហែល ៧០ ម៉ឺនហិកតា។
ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ លោកស្រី អ៊ិន ឡៃហ៊ួត បានប្រាប់ថា គ្រាប់ស្វាយចន្ទីកម្ពុជាត្រូវបានគេទទួលស្គាល់ថា មានគុណភាព និងរសជាតិឆ្ងាញ់ ប៉ុន្តែដោយសារកង្វះទុន និងការបណ្តាក់ទុនលើការបង្កើតសិប្បកម្ម ឬរោងចក្រកែច្នៃកម្រិតស្តង់ដា បានធ្វើឱ្យការដាំដុះមិនសូវមានសម្ទុះនោះទេក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។
លោកស្រីបញ្ជាក់ថា៖ «ខ្ញុំពិតជាចង់ឃើញមានការកែច្នៃនៅក្នុងស្រុកឱ្យកាន់តែច្រើន ដើម្បីចៀសវាងការនាំចេញវត្ថុធាតុដើម។ ការកែច្នៃក្នុងស្រុក ក៏នឹងជួយលើកកម្ពស់មុខមាត់ប្រទេសជាតិ និងកំណើនសេដ្ឋកិច្ចផងដែរ»។
តាមការប៉ាន់ស្មាននៅក្នុងឆ្នាំ ២០២១ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទី ក្នុងទឹកប្រាក់ប្រមាណ ១ ៦០៤,៨៧ លានដុល្លារ កើនឡើង ២៣៣,៣២ ភាគរយ ធៀបនឹងឆ្នាំ ២០២០។ សម្រាប់បរិមាណ គឺមានចំនួន ៩៣៧ ៩៧៤,២៦ តោន កើន ៣២៨,៣៤ ភាគរយ ធៀបនឹងឆ្នាំ ២០២០។ ទីផ្សារសំខាន់ៗមាន ប្រទេសវៀតណាម ចិន ថៃ ឥណ្ឌា ជប៉ុន និងកូរ៉េ។ នេះបើតាមក្រសួងកសិកម្ម៕