ភ្នំពេញៈ ប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យកំពង់ផែអេឡិចត្រូនិកត្រូវបានប្រកាសដាក់ឱ្យដំណើរការសាកល្បង ដែលនេះជាការធ្វើទំនើបកម្មទ្រង់ទ្រាយធំលើការត្រួតពិនិត្យនាវាចរណ៍ចេញ-ចូលនៅកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែព្រះសីហនុ។
ប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យកំពង់ផែអេឡិចត្រូនិក (Port EDI) បានរៀបចំឡើងក្រោមហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិប្រទេសជប៉ុន (JICA) ដោយប្រព័ន្ធនេះ គឺជាការធ្វើទំនើបកម្មទ្រង់ទ្រាយធំលើការត្រួតពិនិត្យនាវាចរណ៍ចេញ-ចូលនៅកម្ពុជា ដោយប្តូរពីការធ្វើការដោយដៃមកធ្វើការលើប្រព័ន្ធអនឡាញវិញ។
រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងជំរុញគម្រោងប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិកនៅតាមកំពង់ផែគោលដៅ ដោយបានរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) ដើម្បីធ្វើឱ្យការអនុវត្តគម្រោងនេះកាន់តែមានភាពល្អប្រសើរ មានភាពងាយស្រួល និងស្របតាមច្បាប់ជាធរមាន។
អគ្គនាយករងនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ លោក តាត់ ស៊ុនហ៊ួត បានឱ្យដឹងថា ដោយសារបរិមាណនៃការនាំចេញទំនិញតាមនាវាកើនឡើងរៀងរាល់ឆ្នាំរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ទើបជំរុញឱ្យមានការកែលម្អ និងការធ្វើទំនើបកម្មនៅកំពង់ផែ ត្រូវបានអនុវត្ត។
លោកបានថ្លែងថា៖ «ការប្រើប្រាស់ប្រព័ន្ធ Port EDI ដែលក្នុងនោះរួមមាន ការទទួលខុសត្រូវលើការធានាដំណើរការប្រព័ន្ធ ការរៀបចំឯកសារពាក់ព័ន្ធ និងកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ក្នុងការប្រមូលចំណូលពីការបង់កម្រៃសេវាសាធារណៈ»។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សាកល្បងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ កាលពីថ្ងៃទី ១៧ សីហា លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ជប៉ុនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ហិរញ្ញប្បទានសម្បទាន និងជំនួយឥតសំណងដល់កម្ពុជា ក្នុងការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា។
លោកបានបន្ថែមថា ការដាក់ឱ្យដំណើរការសាកល្បងប្រព័ន្ធ Port EDI នេះគឺជាការសម្រួលដល់ផ្នែកឯកជនតាមរយៈការកាត់បន្ថយភាពស្មុគស្មាញ និងពេលវេលា សម្រាប់នាវាចរណ៍នានា ដែលចេញចូលកម្ពុជា។
លោកបានថ្លែងថា៖ «យើងសង្ឃឹមថាជប៉ុននឹងបន្តជួយដល់កម្ពុជា ដើម្បីកម្ពុជាអាចឈានទៅគោលដៅរបស់ខ្លួនក្នុងការក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ ប្រព័ន្ធ Port EDI នេះមានសារៈសំខាន់ណាស់ ដោយវានឹងផ្តល់តម្លាភាព ប្រសិទ្ធភាព និងកាត់បន្ថយចំណាយច្រើន ព្រោះទាំងការទូទាត់ចំណាយនានា ក៏ត្រូវធ្វើតាមអនឡាញដែរ។
លោក MIKAMI Massahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានប្រាប់ថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះសេដ្ឋកិច្ចកម្ពុជាបានកើនជាលំដាប់។ ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច និងអភិវឌ្ឍបន្ថែមទៀត ការពង្រីកប្រកបដោយប្រសិទ្ធភាពរំហូរទំនិញ និងប្រជាជនពិតជាមិនអាចខ្វះបានឡើយ។
លោកបញ្ជាក់ថា៖ «សម្រាប់ប្រទេសកម្ពុជាការពង្រីកមុខងារកំពង់ផែព្រះសីហនុ និងភ្នំពេញ ព្រមទាំងលើកកម្ពស់ការប្រកួតប្រជែងថ្នាក់អន្តរជាតិនៃកំពង់ផែទាំង ២ នេះ គឺមានភាពចាំបាច់ដើម្បីជំរុញការស្តារសេដ្ឋកិច្ចឡើងវិញក្រោយកូវីដ ១៩»។
បើតាមលោក ស៊ុន ចាន់ថុល តាមរយៈ JICA ក្រសួងបានខិតខំបញ្ចប់ផែនការមេឡូជីស្ទិក ដែលតម្រូវឱ្យមានការដាក់ទុនប្រមាណ ៥០ ពាន់លានដុល្លារ លើគម្រោងជាង ៣០០ ដើម្បីធ្វើឱ្យប្រព័ន្ធឡូជីស្ទិកកម្ពុជា មានតម្លៃថោកជាងមុន ផលិតភាពល្អជាងមុន ដើម្បីទាក់ទាញអ្នកវិនិយោគឱ្យមកបណ្តាក់ទុន និងបង្កើតការងារកាន់តែច្រើន៕