ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងកសិកម្មចិន បានសហការគ្នា បង្កើតក្រុមការងារជំនាញដើម្បីរៀបចំផែនការមេអភិវឌ្ឍន៍កសិកម្មទំនើបនៅកម្ពុជា ដោយផ្តោតលើផលិតផលសក្តានុពលសំខាន់ៗដូចជា អង្ករ ពោត កៅស៊ូ ដំឡូងមី ចេក ផលិតកម្មសត្វ និងវារីវប្បកម្ម។
នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី ១៨ ខែសីហា លោក Zhang Lubiao នាយកនៃមជ្ឈមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចក្រៅប្រទេសនៃក្រសួងកសិកម្ម និងកិច្ចការជនបទប្រទេសចិន បានលើកឡើងថា បេសកកម្មផ្លូវការរបស់លោក និងសហការីនៅក្នុងពេលនេះគឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មនៃប្រទេសទាំង ២ ពិសេសជួយគាំទ្រលើការរៀបចំផែនការមេអភិវឌ្ឍន៍កសិកម្មទំនើបនៅកម្ពុជា។ លោកបន្ថែមថា ដើម្បីឱ្យការងារនេះទទួលបានជោគជ័យ ភាគីចិនបានរៀបចំក្រុមការងារជំនាញថ្នាក់ជាតិមួយដែលមានសមត្ថភាព និងបទពិសោធខ្ពស់ក្នុងការរៀបចំផែនការមេក្នុងការអភិវឌ្ឍវិស័យកសិកម្ម។
លោកបាននិយាយថា៖ «ការរៀបចំផែនការមេ គឺពិតជាសំខាន់ណាស់ ប៉ុន្តែការអនុវត្តក៏ដូចជាយន្តការនៃការអនុវត្តគឺកាន់តែសំខាន់ថែមទៀតដូចជាការប្រមូល កៀរគរ និងប្រើប្រាស់ធនធាន ដែលរួមមានធនធានមនុស្ស ធនធានថវិកាជាដើមពីថ្នាក់ជាតិទៅថ្នាក់មូលដ្ឋាន និងពីថ្នាក់មូលដ្ឋានមកថ្នាក់ជាតិ។ ទន្ទឹមនឹងនេះ ក៏ត្រូវធ្វើការតាមដាន ត្រួតពិនិត្យនិងវាយតម្លៃលទ្ធផលនៃការអនុវត្តផងដែរ»។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានលើកឡើងថា ដើម្បីឱ្យការរៀបចំផែនការមេអភិវឌ្ឍន៍កសិកម្មទំនើបនៅកម្ពុជាទទួលបានជោគជ័យដូចការរំពឹងទុក ក្រសួងកសិកម្មកម្ពុជា ស្នើដល់ក្រុមការងារជំនាញពីក្រសួងទាំង ២ ពិនិត្យពិចារណាលើការជំរុញការធ្វើទំនើបកម្មកសិកម្ម ការបំពេញខ្សែចង្វាក់ផលិតកម្មកសិកម្មគ្រប់ជ្រុងជ្រោយ។
លោកថ្លែងថា៖ «ផែនការមេនេះត្រូវផ្តោតជាសំខាន់លើការផ្សារភ្ជាប់អ្នកផលិត ផ្នែកឯកជន និងទីផ្សារតាមរយៈការពង្រឹងការងារដាំដុះ ការកែច្នៃ និងការវេចខ្ចប់ប្រកបដោយគុណភាព សុវត្ថិភាព និងស្តង់ដាតាមតម្រូវការ និងតម្រូវចិត្តអ្នកបរិភោគទាំងក្នុង និងក្រៅប្រទេស»។
លោករដ្ឋមន្រ្តីក៏បានស្នើដល់ក្រុមការងារជំនាញឱ្យបន្ថែមមុខដំណាំមានសក្តានុពលផ្សេងៗទៀតដូចជា ស្វាយ ស្វាយចន្ទី ក្នុងផែនការមេអភិវឌ្ឍន៍កសិកម្មទំនើបនៅកម្ពុជាផងដែរ។
លោក តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអគ្គនាយករងក្រុមហ៊ុនម៉ុងឫទ្ធីគ្រុប បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ផែនការមេអភិវឌ្ឍន៍កសិកម្មទំនើបនៅកម្ពុជានេះ គឺពិតជាមានសារៈសំខាន់ណាស់ ជាពិសេសផ្នែកឯកជនគាំទ្រ ចំពោះការលើកយកមុខទំនិញសក្តានុពលរបស់កម្ពុជា ដើម្បីធ្វើទំនើបកម្មកសិកម្ម។
លោកនិយាយថា៖ «ទោះបីយ៉ាងណា ការរៀបចំផែនការមេនេះ ចាំបាច់ត្រូវតែមានការចូលរួមផ្តល់យោបល់ពីផ្នែកឯកជន ដូចនេះខ្ញុំស្នើសុំឱ្យផ្នែកឯកជនដែលធ្វើការនៅក្នុងវិស័យនេះ ដើម្បីគាំទ្រ និងចូលរួមក្នុងការរៀបចំផែនការមេនេះ»។
ដោយឡែកក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី ៦ ខែកក្កដាបានប្រជុំពិភាក្សា និងអនុម័តឯកសារផែនការយុទ្ធសាស្ត្រទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី សម្រាប់ជាមូលដ្ឋានក្នុងការអនុវត្តផែនការសកម្មភាពរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធសំដៅចូលរួមចំណែកជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញវិនិយោគ បង្កើតការងារ។
ក្នុងនោះក្រុមការងារបានផ្ដោតលើការសិក្សាលើមុខទំនិញអាទិភាពចំនួន ១១ មុខមុនគេ រួមមាន ស្រូវអង្ករ, ចេក, ដំឡូងមី, មៀនប៉ៃលិន, ស្វាយ, ស្វាយចន្ទី, កៅស៊ូ, ម្នាស់,ម្រេច សាច់ និងត្រី។ ក្រៅពីមុខទំនិញទាំង ១១ មុខខាងលើឯកសារក៏បង្ហាញទំនិញដែលគួរជំរុញនាំចេញជាង ៣០ មុខទៀត៕