ភ្នំពេញៈ វិស័យមូលបត្រនៅកម្ពុជានឹងបោះជំហានទៅមុខកាន់តែសកម្មបន្ថែមទៀត បន្ទាប់ពីស្ថាប័នចំនួន ៣ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពី «ការផ្តល់ជំនួយបច្ចេកទេស ក្នុងការលើកកម្ពស់ការអភិវឌ្ឍវិស័យមូលបត្រនៅព្រះរាជាណាចក្រកម្ពុជា»។
ពិធីចុះ MOU ខាងលើត្រូវបានធ្វើឡើងនៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ កាលពីថ្ងៃទី១៨ ខែសីហា រវាង លោក ស៊ូ សុជាតិ អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និង លោក ហុង សុហួរ អគ្គនាយកនៃផ្សារមូលបត្រកម្ពុជា(ផ.ម.ក.) ជាមួយនឹងលោកស្រី Preeti Sinha អគ្គលេខាធិការប្រតិបត្តិនៃមូលនិធិអភិវឌ្ឍន៍មូលធននៃអង្គការសហប្រជាជាតិ (UN Capital Development Fund-UNCDF) ក្រោមអធិបតីភាពរបស់លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់និយ័តករមូលបត្រកម្ពុជា បានឱ្យដឹងថា អនុស្សរណៈនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីអភិវឌ្ឍន៍វិស័យមូលបត្រនៅកម្ពុជា ដែលUNCDF នឹងផ្តល់ការគាំទ្រមក ន.ម.ក. និង ផ.ម.ក. លើចំណុចសំខាន់ៗរួមមាន ការគាំទ្រដល់ការអភិវឌ្ឍសមត្ថភាព ស្ថាប័ន និងធនធានមនុស្ស, ការគាំទ្រដល់ការរៀបចំនូវបទប្បញ្ញត្តិថ្មីពាក់ព័ន្ធនឹងផលិតផលមូលបត្រឆ្លងដែន, ការសម្រួលដល់ការផ្លាស់ប្តូរធនធាន បច្ចេកវិទ្យា និងចំណេះដឹង រវាងប្រទេសកំពុងអភិវឌ្ឍន៍ និងការរៀនសូត្រពីដៃគូរវាង ន.ម.ក. និង ផ.ម.ក. ជាមួយនឹងស្ថាប័ននិយ័តកររបស់ប្រទេសសមាជិកអាស៊ានបូក ៣ និង ការផ្ដល់ការគាំទ្រដល់ការអភិវឌ្ឍ ផ្សព្វផ្សាយ និងអនុវត្តច្បាប់ ព្រមទាំងក្របខ័ណ្ឌបទប្បញ្ញត្តិពាក់ព័ន្ធនឹងមូលបត្ររដ្ឋ និងមូលបត្រមហាជន។
អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា លោក ស៊ូ សុជាតិ បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី២១ ខែសីហា ថា ក្នុងនាមអ្នកនៅក្នុងវិស័យមូលបត្រកម្ពុជាលោកពិតជាមានការរីករាយយ៉ាងខ្លាំងចំពោះការចុះ MoU ជាមួយនឹងស្ថាប័នធំៗដូចជា UNCDF ដើម្បីធ្វើយ៉ាងណាជំរុញ និងលើកកម្ពស់វិស័យមូលបត្រនៅកម្ពុជាឱ្យកាន់តែរីកចម្រើន។ កន្លងមកវិស័យមូលបត្រកម្ពុជា ក៏បានចុះ MoU ជាមួយនឹងស្ថាប័នលំដាប់អន្តរជាតិធំៗជាច្រើនដូចជា WB, IFC, ADB និងស្ថាប័ននិយ័តកររបស់ប្រទេសក្នុងតំបន់ជាច្រើនទៀត។
លោកបានថ្លែងថា៖«តាមរយៈការចុះ MoU នេះ UNCDF នឹងក្លាយជាដៃគូថ្មីមួយទៀតដែលចូលរួមចំណែកច្រើនក្នុងការអភិវឌ្ឍវិស័យមូលបត្រកម្ពុជា ជាពិសេសតាមរយៈការស្វែងរកមូលផលិតផលថ្មីៗបន្ថែមដើម្បីដាក់លក់នៅលើទីផ្សារមូលបត្រកម្ពុជា ឱ្យបានកាន់តែទូលាយ»។
លោកបន្ថែមថា៖ «ខ្ញុំទន្ទឹងរង់ចាំកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការបស់យើង។ ខ្ញុំមានទំនុកចិត្តថា ដោយមានកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង MOU ដែលយើងនឹងចុះហត្ថលេខានេះ នឹងផ្តល់អត្ថប្រយោជន៍ប្រកបដោយជោគជ័យក្នុងការពន្លឿនការអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា និងជួយកម្ពុជាឱ្យយកឈ្នះលើដំណើរការវិនិយោគដែលបង្កឡើងដោយការរីករាលដាលជំងឺកូវីដ១៩»។
យោងតាម លោក សុជាតិ សកម្មភាពជួញដូរមានការកើនឡើងជាលំដាប់ ដែលបង្ហាញថាទីផ្សារមូលបត្រកម្ពុជា កាន់តែមានភាពទាក់ទាញ ហើយការយល់ដឹងរបស់សាធារណជនក៏កើនឡើងផងដែរ។ ទំហំនៃការជួញដូរ និងទំហំជួញដូរប្រចាំថ្ងៃជាមធ្យមក្នុងត្រីមាសទី២ ឆ្នាំ២០២២ បានកើនឡើង ២៩២,៦៥ ភាគរយ និង ២៧៣,៣៤ ភាគរយរៀងគ្នាបើធៀបនឹងត្រីមាសទី២ ឆ្នាំ២០២១ ទោះបីជាមានការរីករាលដាលជំងឺកូវីដ១៩ និងការធ្លាក់ចុះសេដ្ឋកិច្ចក៏ដោយ។ មានវិនិយោគិន ប្រហែល ៣២ ៥០០ នាក់បានចូលរួមក្នុងទីផ្សារភាគហ៊ុនកម្ពុជា៕