ភ្នំពេញៈ អ្នកពាក់ព័ន្ធទាំងរដ្ឋ និងឯកជនកំពុងរៀបចំសេវាកម្មធានារ៉ាប់រងផ្នែកវារីវប្បកម្មទឹកសាបនៅកម្ពុជា ដើម្បីចូលរួមកាត់បន្ថយហានិភ័យរបស់កសិករ និងការខាតបង់ ដោយសារបម្រែបម្រួលអាកាសធាតុ ដូចជាការកើនឡើងកម្តៅ និងកម្រិតទឹកភ្លៀង ជាដើម។
អង្គការទស្សនៈពិភពលោក ក្រុមហ៊ុនសណ្តែកសៀងអាមេរិក និងស្ថាប័នពាក់ព័ន្ធ ដូចជា តំណាងកសិករ គ្រឹះស្ថានហិរញ្ញវត្ថុ និងក្រុមហ៊ុនធានារ៉ាប់រង កាលពីចុងសប្តាហ៍មុនបានរួមគ្នារៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេវាកម្មធានារ៉ាប់រងផ្នែកវារីវប្បកម្មទឹកសាបនៅកម្ពុជា ដើម្បីពិភាក្សាវិធីសាស្ត្រផ្សេងៗទាក់ទងនឹងសេវាធានារ៉ាប់រងវារីវប្បកម្មនៅកម្ពុជាផ្សារភ្ជាប់ និងសេវាឥណទាន ឬធាតុចូលផ្សេងៗទៀត ដែលអាចមានដោយកំណត់នីតិវិធីនៃសេវាកម្មធានារ៉ាប់រង និងសារៈសំខាន់នៃភាពជាដៃគូរវាងស្ថាប័នទាំង ៣ កសិករ គ្រឹះស្ថានហិរញ្ញវត្ថុ និង ក្រុមហ៊ុនធានារ៉ាប់រង ដោយអនុលោមទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល។
លោក ហាវ វិសិដ្ឋ អនុប្រធានរដ្ឋបាលជលផលបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្នុងការពិគ្រោះយោបល់នោះមានគ្រឹះស្ថានហិរញ្ញវត្ថុ ៥ បានចាប់អារម្មណ៍សេវាកម្មធានារ៉ាប់រងផ្នែកវារីវប្បកម្មទឹកសាប រួមមាន AMK, JC micro finance, ចម្រើន, អម្រិត, និង WB (Woory Bank) ជាដើម។
លោកបញ្ជាក់ថា៖ «សេវាកម្មធានារ៉ាប់រងផ្នែកវារីវប្បកម្មទឹកសាបនៅកម្ពុជា ដែលវារីវប្បករត្រូវការទិញមានតែ ២ ចំណុចប៉ុណ្ណោះ គឺទឹកជំនន់ និងគ្រោះរាំងស្ងួត (ក្នុងរយៈពេលខ្លី ៤ ទៅ ៥ ថ្ងៃ)។ ចំពោះកញ្ចប់តម្លៃវិញគឺប្រហាក់ប្រហែល ២១ ដុល្លារ នៅក្នុង ១ ឆ្នាំលើផ្ទៃទឹកចិញ្ចឹម ១ ហិកតា»។
លោក យក់ ចំរើនឫទ្ធិ អគ្គនាយកក្រុមហ៊ុន Forte Insurance បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការពិភាក្សានាពេលថ្មីៗនេះ គឺដើម្បីធ្វើការងារសាកល្បង សម្រាប់ធានារ៉ាប់រងវារីវប្បកម្មទឹកសាប ដែលជាសេវាកម្មធានារ៉ាប់រងថ្មីមួយ និងដំបូងគេនៅកម្ពុជា ដោយគ្រោងនឹងធ្វើនៅខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តសៀមរាប។
លោកបានបន្ថែមថា សម្រាប់សេវាកម្មធានារ៉ាប់រងថ្មីនេះផ្នែកពាក់ព័ន្ធបានជជែកគ្នា ដោយផ្អែកលើមូលដ្ឋានអាកាសធាតុ ដែលការធ្វើបែបនេះ ដើម្បីជួយទប់ទល់នឹងបម្រែបម្រួលអាកាសធាតុផង និងជួយទៅដល់កសិករក្នុងការដោះស្រាយបញ្ហាហិរញ្ញវត្ថុ ដែលកើតឡើងដោយសារការប្រែប្រួលអាកាសធាតុ។
លោកថ្លែងថា៖ «យើងនឹងពិភាក្សាគ្នាលម្អិតថែមទៀតលើការងារនេះ ដោយភាគីពាក់ព័ន្ធទាំងអស់នឹងផ្តល់ជាយោបល់ ហើយយើងសង្ឃឹមនឹងអាចចាប់ផ្តើមនៅខែវិច្ឆិកា ឬធ្នូខាងមុខ ដែលវាជារដូវចិញ្ចឹមត្រីនាពេលខាងមុខនេះ»។
ទោះយ៉ាងណាលោកបញ្ជាក់ថា នៅមានបញ្ហាប្រឈមខ្លះដែរ ដែលអាចនឹងកើតមាននៅពេលចាប់ផ្តើមដំណើរការគម្រោងនេះព្រោះថា ការយល់ដឹងលើផ្នែកធានារ៉ាប់រងរបស់កសិករ ឬវារីវប្បករនៅកម្ពុជានៅមានកម្រិត ដោយទាមឱ្យមានការសិក្សា និងបណ្តុះបណ្តាលបន្ថែមដល់ពួកគាត់។ ម្យ៉ាងវិញទៀត និន្នាការត្រីធម្មជាតិបានចាប់ មថយចុះគ្រប់ប្រទេសទាំងអស់ ដោយងាកមកបង្កើនការចិញ្ចឹមត្រី ដែលអាចមានហានិភ័យច្រើន។ ដូចនេះ ការធានារ៉ាប់រងអាចនឹងជួយកសិករបានច្រើន ដើម្បីជំរុញពួកគេបង្កើនការផលិតបានកាន់តែច្រើន។
ប្រធានសមាគមវារីវប្បករនៅកម្ពុជា លោក សុខ រ៉ាដែន បានឱ្យដឹងដែរថា បច្ចុប្បន្នវារីវប្បករបានជួបបញ្ហាប្រឈម និងហានិភ័យច្រើនលើការចិញ្ចឹមត្រីទឹកសាប ហើយសេវាកម្មធានារ៉ាប់រងលើវិស័យនេះហាក់មានភាពថ្មីសន្លាងសម្រាប់ប្រជាជនខ្មែរ ដែលទាមទារឱ្យមានការពិភាក្សា និងបណ្តុះបណ្តាលឱ្យបានច្បាស់លាស់លើការងារនេះ ព្រោះកសិករកំពុងមានការចំណាយលើថ្លៃផលិតច្រើន។
លោកបញ្ជាក់ថា៖ «ខ្ញុំគាំទ្រឱ្យមានការផ្សព្វផ្សាយព័ត៌មានឱ្យបានលម្អិត និងស៊ីជម្រៅចំពោះការធានានេះ ដើម្បីឱ្យកសិករ ឬវារីវប្បករបានយល់ជ្រាបកាន់តែច្បាស់លើសេវានេះ»។
បើតាមរបាយការណ៍ពីអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ FAO ក្នុងឆ្នាំ ២០១៩ បានបង្ហាញថា មនុស្សម្នាក់ (នៅកម្ពុជា) មានតម្រូវការត្រីចំនួន ៤១ គីឡូក្រាម ដែលស្មើនឹង ៧០ ភាគរយនៃការប្រើប្រាស់ប្រចាំឆ្នាំ។ ដើម្បីឱ្យសម្រេចទិសដៅក្នុងការផ្គត់ផ្គង់ក្នុងប្រទេសរដ្ឋបាលជលផលបានចេញផែនការយុទ្ធសាស្ត្រជលផលដោយក្នុងយុទ្ធសាស្ត្រនេះបានផ្តល់អនុសាសន៍ថា ទិន្នផលវារីវប្បកម្មនៅកម្ពុជានឹងកើនឡើង ២០ ភាគរយប្រចាំឆ្នាំ ចាប់ពី ១៨៥ ០០០ តោន ទៅ ២៤០ ០០០ តោន៕