ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា លោក ថោង ខុន បានលើកឡើងថា គិតគូរអំពីអក្ខរកម្មឌីជីថលនៅក្នុងវិស័យទេសចរណ៍ គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីឆ្លើយតបនឹងបរិបទនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យា ហើយវាក៏ជាគន្លឹះដ៏សំខាន់សម្រាប់កម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យចូលមកកម្សាន្តឡើងវិញ បន្ទាប់ពីធ្លាក់ចុះយ៉ាងគំហុកក្នុងរយៈពេលជាង ២ ឆ្នាំមកនេះ។
ការលើកឡើងនេះធ្វើឡើងក្នុង «ពិធីបើកវគ្គបណ្តុះបណ្តាលអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍សម្រាប់រាជធានីភ្នំពេញ និងខេត្តសៀមរាប» ដែលរៀបចំដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញកាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២២, លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិកូវីដ ១៩ ព្រមទាំងមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ក្នុងស្រុក និងបរទេស តំណាងវិស័យឯកជន ព្រមទាំងសិក្ខាកាម សរុបចំនួនអ្នកចូលរួមទាំងផ្ទាល់ និងពីចម្ងាយមានប្រមាណ ៣០០ នាក់។
លោក ថោង ខុន បានឱ្យដឹងថា ស្របជាមួយនឹងការវិវឌ្ឍយ៉ាងឆាប់រហ័សផ្នែកបច្ចេកវិទ្យា និងការកើនឡើងនៃតម្រូវការរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឌីជីថលូបនីយកម្ម បានក្លាយជាប្រធានបទដ៏សំខាន់នៅក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ហើយចុងក្រោយនេះវិបត្តិជំងឺកូវីដ ១៩ បានក្លាយទៅជាកាតាលីករជំរុញឱ្យការប្រើប្រាស់បច្ចេកវិទ្យា គឺជាដំណោះស្រាយកាន់តែមានភាពចាំបាច់ និងចំពេលវេលាសំដៅធានាឧត្តមភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.០។ លោកបន្ថែមថា ដើម្បីឱ្យអ្វីៗអាចដំណើរការទៅមុខបាន ក៏ត្រូវទាមទារការចូលរួមរបស់វិស័យឯកជនផងដែរ។
លោកថ្លែងថា៖ «ការគិតគូរអំពីអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍ គឺពិតជាមានសារៈសំខាន់ដើម្បីបង្ហាញនូវជំនាញថ្មីមួយក្នុងការជំរុញការកសាងវិស័យទេសចរណ៍វៃឆ្លាតនៅកម្ពុជា តាមរយៈការទាញយកសក្តានុពលពីការប្រើប្រាស់បច្ចេកវិទ្យាបម្រើដល់ការគ្រប់គ្រង និងការអភិវឌ្ឍវិស័យទេសចរណ៍ជាតិស្របតាមតម្រូវការ និងបរិបទជាក់ស្តែង»។
ជាមួយគ្នានេះលោករដ្ឋមន្ត្រីក៏ស្នើឱ្យអ្នកក្នុងវិស័យទេសចរណ៍ទាំងអស់ (ទាំងផ្នែករដ្ឋ និងឯកជន) ត្រូវចូលរួមអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន ចំណែកគ្រឹះស្ថាន និងអ្នកផ្តល់អប់រំបណ្តុះបណ្តាលទាំងអស់ គួរតែធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាឱ្យបានជាប្រចាំ ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងវិស័យទេសចរណ៍។
បើតាមលោក ថោង ខុន រដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យទេសចរណ៍គឺជាមាសបៃតង និងដើរតួនាទីជាចន្ទល់គន្លឹះមួយក្នុងការជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការបង្កើនចំណូលជាតិ ព្រមទាំងការបង្កើតការងារ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ប៉ុន្តែជាអកុសលរយៈពេលជាង ២ ឆ្នាំមកនេះវិស័យទេសចរណ៍កម្ពុជាក៏ដូចជាក្នុងតំបន់ និងសកលលោកបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីឥទ្ធិពលវិបត្តិជំងឺកូវីដ ១៩ ដែលបានរាំងស្ទះដល់ការធ្វើដំណើរជាអន្តរជាតិ ហើយធុរកិច្ចជាច្រើនក្នុងវិស័យនេះត្រូវកាត់បន្ថយសកម្មភាពផ្អាកដំណើរការ ឬបិទអាជីវកម្មទាំងស្រុង ដោយបានបង្កនូវផលប៉ះពាល់អវិជ្ជមានជាច្រើន សម្រាប់សេដ្ឋកិច្ចសង្គម ក្នុងបរិការណ៍ក្នុងវិបត្តិដ៏ស្រួចស្រាល់នេះ។
ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ លោក ហ៊ុន ម៉ានី បានលើកឡើងថា «អក្ខរកម្មឌីជីថល» បានក្លាយជាតម្រូវការមូលដ្ឋានសម្រាប់ប្រជាជនទូទៅគ្រប់វ័យ ដើម្បីមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រើប្រាស់បច្ចេកវិទ្យា ឆ្លើយតបនឹងតម្រូវការរៀងៗខ្លួន។ លោកបន្តថា ទោះវិស័យទេសចរណ៍ទទួលរងផលប៉ះពាល់ខ្លាំងពីវិបត្តិនៃការឆ្លងរាលដាលជំងឺកូវីដ ១៩ ក្នុងរយៈពេលជាង ២ ឆ្នាំមកនេះ ក៏រដ្ឋាភិបាលកម្ពុជានៅតែចាត់ទុកថា វិស័យនេះជាផ្នែកសំខាន់ក្នុងការចូលរួមចំណែកទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។
លោកបញ្ជាក់ថា៖ «ស្ថិតក្នុងបរិបទនេះ ការចាប់យកបច្ចេកវិទ្យា គឺពិតជាមានភាពចាំបាច់ និងចំពេលវេលាស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលនៅក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល ដើម្បីធានាកំណើនរយៈពេលវែងសម្រាប់កម្ពុជាជាមួយនឹងការបន្តជំរុញពិពិធកម្មក្នុងគ្រប់វិស័យអាទិភាពសំដៅបង្កើនភាពប្រកួតប្រជែង និងធានាចីរភាពនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្នឆ្ពោះទៅការសម្រេចបាននូវចក្ខុវិស័យក្នុងឆ្នាំ ២០៣០ និងឆ្នាំ ២០៥០»។
លោកបន្ដថា គណៈកម្មការទី ៧ នៃរដ្ឋសភាតែងតែគាំទ្រលើគំនិតផ្តួចផ្តើមនានារបស់ក្រសួង និងវិស័យឯកជន ដែលជាការរួមចំណែកដល់ការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ ពិសេសការបំពាក់បំប៉នសមត្ថភាពក្នុងវិស័យឌីជីថលក្នុងវិស័យទេសចរណ៍។
របាយការណ៍ក្រសួងទេសចរណ៍ ឱ្យដឹងថា ក្នុងរយៈពេល ៧ ខែ ឆ្នាំ ២០២២ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ៧៤ ម៉ឺននាក់ កើន ៥៦០ ភាគរយធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១។ ដោយឡែកខេត្តសៀមរាបមានទេសចរផ្ទៃក្នុង ១ ២៤២ ៨៥៤ នាក់ កើនឡើង ៨៩០ ភាគរយ ដែលក្នុងនោះទេសចរជាតិមាន ១ ១៥៩ ០០០ នាក់ កើន ៧៩៩ ភាគរយ និងទេសចរបរទេសផ្ទៃក្នុង ៨៣ ៨៥៤ នាក់ កើន ១ ៣៥២ ភាគរយ៕