ភ្នំពេញៈ កម្ពុជា-ចិន បានជួបពិភាក្សាគ្នា ដើម្បីស្វែងយល់ពីកាលានុវត្តភាពនិងបញ្ហាប្រឈមនានាក្នុងវិស័យកសិកម្មកម្ពុជា ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំផែនការធ្វើទំនើបកម្មកសិកម្មកម្ពុជា ក៏ដូចជាបង្កើនការនាំចេញផលិតផលកសិកម្មកម្ពុជាទៅទីផ្សារប្រទេសចិនឱ្យបានកាន់តែច្រើនថែមទៀត។
ជំនួបនេះបានធ្វើឡើងកាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២២ នៅទីស្ដីការក្រសួងពាណិជ្ជកម្មរវាងលោក ប៊ុន ចន្ធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមួយលោក ZHANG Lubiao អគ្គនាយកនៃមជ្ឈមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចក្រៅប្រទេសនៃក្រសួងកសិកម្ម និងកិច្ចការជនបទចិនលើការរៀបចំផែនការមេទំនើបកម្មកសិកម្មកម្ពុជា-ចិន។
យោងតាមក្រសួងពាណិជ្ជកម្ម ចំណុចសំខាន់ៗចំនួន ៣ ត្រូវបានលើកមកពិភាក្សាក្នុងពេលនោះរួមមាន ការសិក្សាបន្ថែមអំពីស្ថានភាពនៃពាណិជ្ជកម្មនាំចេញ-ចូល ផលិតផលកសិកម្ម និងទីផ្សារផលិតផលកសិកម្មក្នុងស្រុក, ការសិក្សាបន្ថែមអំពីគោលនយោបាយនិងផែនការគាំទ្រការអភិវឌ្ឍវិស័យកសិកម្ម, និងការប្រឹក្សាយោបល់នានាលើគម្រោងផែនការអភិវឌ្ឍន៍វិស័យកសិកម្មសម្រាប់ជាធាតុចូលក្នុងការរៀបចំផែនការទំនើបកម្មវិស័យកសិកម្មកម្ពុជា-ចិនឱ្យចំគោលដៅ សំដៅអភិវឌ្ឍវិស័យកសិកម្មកម្ពុជា និងជំរុញការនាំចេញផលិតផលកសិកម្មកម្ពុជាទៅទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារប្រទេសចិន។
លោក ប៊ុន ចន្ធី បានលើកឡើងថា សេដ្ឋកិច្ច និងការធ្វើពាណិជ្ជកម្មជាលក្ខណៈអន្តរជាតិរបស់កម្ពុជាកំពុងមានដំណើរការល្អជាលំដាប់ ហើយច្បាប់វិនិយោគថ្មីរបស់កម្ពុជាក៏មានភាពល្អប្រសើរផងដែរ។ បច្ចុប្បន្នកម្ពុជាមានផលិតផលកសិកម្មសក្តានុពលជាច្រើនសម្រាប់នាំចេញទៅទីផ្សារចិន មានដូចជាចេក ស្វាយ អង្ករ ពោត ដំឡូងមី និងស្វាយចន្ទី ជាដើម។
បន្ថែមលើនេះ លោកក៏បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្មថា៖ «កម្ពុជាបាននិងកំពុងចរចាបើកទីផ្សារថ្មីៗ ជាពិសេសក្រោមក្របខ័ណ្ឌកិច្ចព្រមព្រៀងអាសិប កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងការដាក់ចេញនូវវិធានការសម្រួលពាណិជ្ជកម្ម ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ និងលើកកម្ពស់សកម្មភាពធុរកិច្ច ជីវភាពរស់នៅរបស់ប្រជាជន និងសេដ្ឋកិច្ចជាតិទាំងមូល»។
លោក ZHANG Lubiao បាននិយាយថា គោលបំណងនៃដំណើរបេសកកម្មរបស់លោក គឺផ្តោតសំខាន់លើការស្វែងយល់បន្ថែមអំពីកាលានុវត្តភាព និងបញ្ហាប្រឈមក្នុងវិស័យកសិកម្មរបស់កម្ពុជា ដើម្បីជាមូលដ្ឋានក្នុងការរៀបចំផែនការធ្វើទំនើបកម្មកសិកម្មកម្ពុជា-ចិន ក៏ដូចជាដើម្បីបង្កើនការនាំចេញផលិតផលកសិកម្មកម្ពុជាទៅទីផ្សារអន្តរជាតិ និងប្រទេសចិន។
លោកបន្ថែមទៀតថា ដើម្បីជំរុញឱ្យសកម្មភាពពាណិជ្ជកម្មកម្ពុជា-ចិន កាន់តែល្អបន្ថែមទៀត កម្ពុជាគួរពិចារណាចំពោះការបង្កើតក្រុមការងារអន្តរក្រសួងសម្រាប់វិស័យកសិកម្ម, ការរៀបចំឱ្យមានក្រុមការងារប្រចាំនៅស្ថានទូតកម្ពុជាដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធនឹងវិស័យកសិកម្មជាមួយភាគីចិនបានទាន់ពេលវេលា, ការធ្វើឱ្យប្រសើរឡើងខ្សែច្រវាក់ផ្គត់ផ្គង់ និងការបង្កើតឱ្យមានតំបន់អនុគ្រោះពន្ធជាដើម។ ការងារទាំងអស់នេះ ក៏អាចជួយទាក់ទាញវិនិយោគិនបរទេស ពិសេសវិនិយោគិនចិន ឱ្យចូលមកវិនិយោគនៅកម្ពុជាកាន់តែច្រើនផងដែរ។
លោកបានអះអាងថា៖ «ទំនាក់ទំនងរវាងកម្ពុជា និងចិនមានភាពរឹងមាំនិងល្អប្រសើរតាំងពីយូរលង់ណាស់មកហើយ ហើយភាគីចិនប្តេជ្ញានឹងជួយគាំទ្រ និងធ្វើឱ្យប្រសើរឡើងនូវវិស័យកសិកម្មរបស់កម្ពុជា»។
ទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឱ្យដឹងថា ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន ក្នុងរយៈពេល ៧ ខែដំបូង ឆ្នាំ ២០២២ មានទឹកប្រាក់សរុប ៦៩៧១,៤៧ លានដុល្លារ កើនឡើង ១៥,៥ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១។ ក្នុងនោះកម្ពុជានាំចេញទំនិញក្នុងទឹកប្រាក់ ៧០១,១៩ លានដុល្លារ ធ្លាក់ចុះ -១៥ ភាគរយ និងការនាំទំនិញពីចិនមកកម្ពុជា មានទឹកប្រាក់ ៦២៧០,២៨ លានដុល្លារ កើនឡើង ២០,៤ ភាគរយ៕