ភ្នំពេញៈ អ្នកជំនាញ​សេដ្ឋកិច្ចបាន​រកឃើញថា តម្លៃ​ប្រាក់​ឈ្នួល​កម្លាំង​ពល​​កម្ម​, ការកើនឡើង​នៃ​តម្លៃ​ដឹកជញ្ជូន​និង​ឡូ​ជី​ស្ទិ​ក​, អគ្គិសនី​មានតម្លៃ​ខ្ពស់ គឺជា​បញ្ហា​ប្រឈម​ដែល​អាចធ្វើឱ្យ​កម្ពុជា​បាត់​​បង់​ឧត្តមភាព​នៃ​ការប្រកួតប្រជែង​។​

​ក្នុង​អត្ថបទ​ស្រាវជ្រាវ​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា និង​ការប្រកួតប្រជែង​របស់​កម្ពុជា របស់​អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជ​​បណ្ឌិត្យសភា​កម្ពុជា លោក គី សេរី​វឌ្ឍន៍ បាន​បង្ហាញថា ការស្រាវជ្រាវ​នេះ​មាន​គោលបំណង​ដើម្បី​រកឱ្យឃើញ​ថា តើ​ឱកាស​នៃ​ការប្រកួតប្រជែង​លើ​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​អាច​នឹង​បន្ត​និរន្តរភាព​ទៅមុខ ឬ​យ៉ាងណា​?​ ហើយ​អាច​ប្រកួត​​ប្រជែង​ឈ្នះ​ប្រទេសជិតខាង​ដែរឬទេ​?​ ដើម្បី​រកឃើញថា តើ​ឧត្តមភាព​នៃ​ការ​​ប្រកួតប្រជែង​របស់​ក​ម្ពុ​ជានៅតែ​បន្ត​រឹង ឬ​ត្រូវ​កែលម្អ​ចំណុច​ណាខ្លះ​?

​លោក សេរី​វឌ្ឍន៍ បាន​ប្រាប់​ ភ្នំពេញ​ ​ប៉ុស្តិ៍​ បន្ថែមថា តាមរយៈ​ការសិក្សា​នេះ​បាន​រកឃើញថា វៀតណាម​ គឺជា​ដៃគូ​ដ៏​ខ្លាំង​របស់​កម្ពុជា​ក្នុងការ​ប្រកួតប្រជែង​នៃ​ការនាំចេញ​ផលិតផល​កាត់ដេរ ព្រោះ​ប្រាក់​ឈ្នួល​កម្លាំង​ពលកម្ម​របស់​ប្រទេស​នេះ​ទាប​ជាង​កម្ពុជា ដែលជា​កត្តា​មួយ​ធ្វើឱ្យ​កម្ពុជា​អាច​ប្រឈម​នឹង​ការបាត់​ឱកាស​ក្នុងការ​ប្រកួតប្រជែង​។​

​លោក​បន្ថែមថា នៅ​គ្រា​ដែល​កំពង់ផែ​ទឹក​ជ្រៅ​របស់​កម្ពុជា​មិនទាន់​សាងសង់​រួច វា​បានធ្វើឱ្យ​ប្រព័ន្ធ​ដឹកជញ្ជូន​ទំនិញ​ចេញពី​កម្ពុជា ត្រូវ​ឆ្លងកាត់​វៀតណាម និង​ថៃ ដែល​ធ្វើឱ្យ​ថ្លៃដើម​កាន់តែ​ខ្ពស់ ហើយ​នេះ​ជា​បញ្ហា​ប្រឈម​នៃ​លទ្ធភាព​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​ជុំវិញ​កម្ពុជា​។​

​លោក​បញ្ជាក់ថា​៖ «​ជា​ដំណោះស្រាយ យើង​ឃើញថា ការសាងសង់​កំពង់ផែ​ទឹក​ជ្រៅ​នៅ​ខេត្ត​ព្រះសីហនុ កោះកុង និង​កំពត គឺជា​ការបង្កើត​ឱ្យ​កម្ពុជា មានឱកាស​នាំចេញ​កាន់តែ​ថ្លៃ​ទាប ប្រកួត​​ប្រជែង​ជាមួយនឹង​ប្រទេសជិតខាង​បាន ដែល​អាច​នឹង​ស្មើមុខស្មើមាត់​ជាមួយ​បណ្តា​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​ក្នុង​អាស៊ាន​ផងដែរ​»​។​

​ម្យ៉ាងវិញទៀត បញ្ហា​តម្លៃ​អគ្គិសនី​នៅតែមាន​ភាព​ប្រឈម​នឹង​វិស័យ​ឧស្សាហ​​កម្ម​កម្ពុជា​ពិសេស​វិស័យ​កាត់ដេរ ខណៈ​នីតិវិធី​ពន្ធគយ​នៅតែមាន​ភាព​ស្មុគ​​ស្មាញ ដែល​អាចធ្វើ​កម្ពុជា​បាត់​ឧ​ត្ត​ម​ភាព​ប្រកួតប្រជែង​នេះ​ផងដែរ​។​

​លោក​បន្ថែមថា​៖ «​ការសិក្សា​បាន​រក​ឃើញថា មាន​រោងចក្រ​សហគ្រាស​មួយ​​ចំនួន​នៅតែ​មិនទាន់​គោរព​គោលការណ៍​ឱ្យបាន​ត្រឹមត្រូវ ដោយ​មិនមាន​លក្ខខណ្ឌ​ការងារ​ល្អ ដែល​នេះ​ជា​បញ្ហា​ប្រឈម​មួយ​ដែរ​។ ដូច្នេះ​រោងចក្រ​ទាំងនោះ​ត្រូវ​រៀបចំខ្លួន​ឡើងវិញ​ឱ្យ​សមស្រប ចៀស​​វាង​ការ​កេងចំណេញ​ច្រើន​ពី​កម្មករ​»​។​

​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​​វិជ្ជាជីវៈ នឹង​រៀបចំ​កិច្ចប្រជុំ​ត្រីភាគី​ចំនួន ៦ ​ដង​ទៀត ដើម្បី​បន្ត​កិច្ចពិភាក្សា​ទៅលើ​ប្រាក់​ឈ្នួល​ក្នុង​វិស័យ​កាត់ដេរ ដោយបាន​កំណត់​យក​ថ្ងៃទី​ ២៣ ខែកញ្ញា ជា​ថ្ងៃ​កំណត់​ចុងក្រោយ ដែល​ត្រូវ​ប្រកាស​ប្រាក់​ឈ្នួល​គោល​ក្នុង​វិស័យ​កាត់ដេរ សម្រាប់​កម្មករ​នៅ​ឆ្នាំ​ ២០២៣​។​

​សេចក្តីថ្លែងការណ៍​រប​ស់​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​ដែល​ចុះ​ហត្ថ​លេខា​ដោយ​លោក អ៊ិ​ត សំហេង រដ្ឋ​មន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង ២ ភាគី​ទៀតជា​សមាជិក ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី​ ១៥ ខែសីហា បានឱ្យដឹងថា ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​នឹង​រៀបចំ​កិច្ច​ប្រ​​ជុំ​បន្ទាប់​នៅ​ថ្ងៃទី​ ២៤, ៣១ ខែសីហា និង​ថ្ងៃទី ​៧, ១៤, ២២ និង​ទី​ ២៣ ខែ​ ក​ញ្ញា ឆ្នាំ​ ២០២២ នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​

​សេចក្តីថ្លែងការណ៍​បញ្ជា​ក់ថា​៖ «​បាន​ស្តាប់​គោលជំហរ​ពី​តំណាង​ភាគី​នីមួយៗ​ទៅលើ​បម្រែបម្រួល​លក្ខណវិនិច្ឆ័យ​បែប​សង្គម ​(​ស្ថានភាព​គ្រួសារ អត្រា​អតិផរណា និង​ការចំណាយ​ក្នុងការ​​រស់នៅ​) និង​លក្ខណវិនិច្ឆ័យ​បែប​សេដ្ឋ​កិច្ច (​ផលិតភាព ការប្រកួតប្រជែង​រប​ស់​ប្រទេស ស្ថានភាព​ទីផ្សារការងា​រ និង​កម្រិត​ចំណេញ​)»​។​

​សេចក្តីថ្លែងការណ៍​បន្ត​ថា​៖ «​ប៉ុន្តែ​ភាគី​តំណាង​និយោជក និង​ភាគី​តំណាង​កម្ម​ករ និយោជិត មិនទាន់​អាច​បញ្ជាក់បាន​នូវ​តួលេខ​ដែលជា​គោលជំហរ​ផ្លូវការ​របស់ខ្លួន​នៅឡើយ ដោយ​ស្នើសុំ​ប្រជុំ​​ផ្ទៃក្នុង​របស់ខ្លួន​ម្ដងទៀត​សិន​»​។​

​លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការរង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ធ្លាប់បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ កាលពីដើម​ខែសីហា​ថា នៅក្នុង​ដំណាក់កាល​នេះ សមាគម​ពិតជា​ទទួលស្គាល់​ពី​ការលំបាក​របស់​កម្មក​រ​។ ស្ថានភាព គឺ​ពិតជា​មិន​អំណោយផល​សម្រាប់​ភាគី​ទាំង ២​។​

​លោក​អះអាងថា​៖ «​ទោះបីជា​ការនាំ​-​ចេញ​ក្នុង​ឆមាស​ទី​១ ​ឆ្នាំនេះ ល្អ​ក៏ដោយ ប៉ុន្តែ​យើង​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ស្ថានភាព​នាំចេញ​ក្នុង​ឆមាស​ទី២ ដោយ​មើល​ទៅលើ​ស្ថានភាព​សកល​​លោក​មិន​ស្ថិតស្ថេរ និង​លទ្ធភាព​នៃ​ការ​​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច ដែល​ភាគច្រើន​នៅ​ប្រទេស​លោកខាងលិច ដែលជា​ទីផ្សារ​នាំចេញ​ដ៏​សំខាន់​របស់​កម្ពុជា​»៕

វីដេអូ៖