ភ្នំពេញៈ ក្រុមហ៊ុនសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមកំពុងជំរុញការផលិតជ័រកៅស៊ូនៅកម្ពុជាឱ្យកើនដល់ ១៤ ម៉ឺនតោន ដើម្បីបំពេញសេចក្តីត្រូវការក្នុងការនាំចេញទៅកាន់ប្រទេសនានា ជាពិសេសប្រទេសចិន ដែលជាទីផ្សារដ៏ធំបំផុតរបស់កៅស៊ូវៀតណាម។
នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទកាលពីថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២២ លោក Le Thanh Hung អគ្គនាយកក្រុមហ៊ុនសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម (Vietnam Rubber Group) បានឱ្យដឹងថាក្រុមហ៊ុនបានបោះទុនវិនិយោគលើការដាំដុះដំណាំកៅស៊ូ និងបានសាងសង់រោងចក្រផលិតជ័រកៅស៊ូនៅកម្ពុជា ដោយបានពង្រីកការដាំដុះ និងបានវិនិយោគលើចម្ការកៅស៊ូខ្នាតធំនៅក្នុងខេត្តចំនួន ៧ ក្នុងប្រទេសកម្ពុជា។
លោកបានបន្ថែមថាជាក់ស្តែងកាលពីឆ្នាំ ២០២១ ទោះបីស្ថិតក្នុងវិបត្តិកូវីដ ១៩ រោងចក្ររបស់សម្ព័ន្ធកៅស៊ូវៀតណាមនៅកម្ពុជាបានសម្រេចការផលិតជ័រកៅស៊ូបានចំនួន ១០៩ ៥២៦ តោនហើយនៅត្រឹមបំណាច់ឆ្នាំ ២០២២ ក្រុមហ៊ុនសង្ឃឹមថាការផលិតជ័រកៅស៊ូនៅកម្ពុជានឹងមានកំណើនដល់ ១៤០ ០០០ តោន។
លោកបានបញ្ជាក់ថា៖ «យើងពិតជាអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងកសិកម្មកម្ពុជាដែលបានផ្តល់ការគាំទ្រនិងលើកទឹកចិត្តដល់ការវិនិយោគកសិឧស្សាហកម្មរបស់វៀតណាមនៅកម្ពុជា»។
តាមការឱ្យដឹងពីក្រុមហ៊ុនសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមដោយសារតែការផលិតកៅស៊ូធម្មជាតិនៅវៀតណាមទាបជាងបរិមាណនាំចេញទើបជំរុញឱ្យក្រុមហ៊ុនកៅស៊ូរបស់វៀតណាមវិនិយោគលើការដាំដើមកៅស៊ូនៅតាមប្រទេសជិតខាងដូចជាកម្ពុជានិងឡាវ ដើម្បីប្រមូលផល និងដឹកជញ្ជូនទៅកាន់ប្រទេសវៀតណាមសម្រាប់កែច្នៃបឋមមុនពេលនាំចេញទៅប្រទេសនានាជាពិសេសប្រទេសចិន។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានថ្លែងថា ការវិនិយោគដំណាំកៅស៊ូរបស់សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមបាននិងកំពុងចូលរួមចំណែកយ៉ាងច្រើនដល់កម្ពុជា ដោយបានរួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា និងបានបង្កើតការងារដល់ប្រជាជននៅតំបន់ជនបទចំនួន ២០ ០០០ នាក់នៅក្នុងឆ្នាំ ២០២២ នេះពិសេលតាមបណ្តាតំបន់ដែលក្រុមហ៊ុនកំពុងវិនិយោគ។
លោកបានបន្ថែមថា ដំណាំកៅស៊ូបានចូលរួមចំណែកបង្កើនគម្របដីបៃតងយ៉ាងឆាប់រហ័សនៅកម្ពុជាហើយថែមទាំងបានចូលរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធនៅជនបទផងដែរ។
លោកបានបញ្ជាក់ថា៖ «កម្ពុជាសង្ឃឹមថាសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមនឹងបន្តខិតខំសហការការងារលើការគ្រប់គ្រងដំណាំកៅស៊ូ និងខ្សែច្រវាក់ផលិតកម្មឱ្យកាន់តែបានល្អថែមទៀតជាមួយអគ្គនាយកដ្ឋានកៅស៊ូកម្ពុជានាពេលខាងមុខ»។
យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានកៅស៊ូបានបង្ហាញថាចំណូលពីការនាំចេញផលិតផលជ័រកៅស៊ូ និងឈើកៅស៊ូចំណូលពីការនាំចេញជ័រកៅស៊ូសរុបចាប់ពីខែមករារហូតមកដល់ខែកក្កដាមានចំនួន ២៥៤ ៨៣៨ ៤៧៦ ដុល្លារ ខណៈដែលចំណូលពីការនាំចេញឈើកៅស៊ូសរុបរហូតមកដល់ខែកក្កដាមានចំនួន ២ ៦១១ ១១៨ ដុល្លារ៕