ភ្នំពេញៈ កម្ពុជាបាននាំចេញថ្នាំជក់ ៤ ៧៨៩,៦៨ តោន ទៅលក់នៅទីផ្សារអន្តរជាតិចាប់ពីខែមករា-ខែកក្កដា ឆ្នាំ ២០២២ កើន ១០០ ភាគរយ បើធៀបទៅរយៈពេលដូចគ្នាឆ្នាំ ២០២១។ នេះបើតាមទិន្នន័យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
របាយការណ៍ប្រចាំខែកក្កដា ឆ្នាំ ២០២២ ពីក្រសួងកសិកម្ម បានឱ្យដឹងថា បរិមាណថ្នាំជក់ដែលកម្ពុជាបាននាំចេញទាំង ៤ ៧៨៩,៦៨ តោន គឺមានទៅប្រទេសវៀតណាម ៤ ៦៨៧,៧ តោន, ចិនតៃប៉ិក ៤៧,២៥ តោន ហុងគ្រី ៣៩,៦០ តោន, ហ្វីលីពីន ១៥,១១ តោន និងប្រទេសអាហ្វ្រិកខាងត្បូង ០,០២ តោន។
ថ្នាំជក់ភាគច្រើនត្រូវបានប្រជាកសិករដាំនៅខេត្តត្បូងឃ្មុំ កំពង់ចាម ខេត្តក្រចេះ និងផ្នែកខ្លះនៃខេត្តកណ្តាល។ រៀងរាល់ឆ្នាំក្នុងអំឡុងខែកញ្ញា-ខែតុលា កសិករតែងរៀបចំកូនថ្នាំជក់សម្រាប់ដាំ និងប្រមូលផលក្នុងចន្លោះពីខែមីនា-ឧសភា។
កសិករដាំថ្នាំជក់ នៅស្រុកក្រូចឆ្មារ នៃខេត្តត្បូងឃ្មុំ លោក ហេង ណាត បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ក្នុងថ្ងៃទី ២៤ ខែសីហាថា ការប្រមូលផលថ្នាំជក់បានចប់តាំងពីក្នុងអំឡុងខែឧសភា មកម្ល៉េះ ដោយផលដែលប្រមូលបានត្រូវឈ្មួញប្រមូលទិញស្ទើរអស់ហើយនាពេលនេះ។ ទិន្នផល និងតម្លៃថ្នាំជក់ឆ្នាំនេះ គឺប្រហាក់ប្រហែលនឹងឆ្នាំមុនដែរ។ ថ្នាំជក់ភាគច្រើនត្រូវបានគេដាំតាមតំបន់ជាប់មាត់ទន្លេមេគង្គ ហើយដាំឆ្លាស់គ្នាជាមួយដំណាំមួយចំនួនដូចជា ពោត និងសណ្តែក ជាដើម។
លោកអះអាងថា៖ «សកម្មភាព និងផ្ទៃដីដាំថ្នាំជក់នៅតំបន់ខ្ញុំរស់នៅមិនកើនទេនារយៈពេលប៉ុន្មានឆ្នាំមកនេះ ប៉ុន្តែសម្រាប់ទីផ្សារគឺមិនមានបញ្ហាទេ ដោយពេលប្រមូលផលក្រុមឈ្មួញបានមកប្រមូលទិញដល់ផ្ទះតែម្តង»។
បន្ថែមពីលើនេះ លោកប្រាប់ទៀតថា ការប្រមូលទិញរបស់ក្រុមឈ្មួញ គឺមកពីគ្រប់តំបន់ក្នុងប្រទេស និងមួយចំនួនមកពីវៀតណាមផងដែរ។
បើតាមលោក ណាត ក្នុងឆ្នាំ ២០២២ នេះថ្នាំជក់មានតម្លៃប្រហាក់ប្រហែលនឹងឆ្នាំមុនដែរ គឺប្រភេទថ្នាំខ្លាំង (ថ្នាំខ្មែរ ឬថ្នាំបាយ) មានតម្លៃចន្លោះពី ៩ ០០០-១០ ០០០ រៀល ក្នុង ១ គីឡូក្រាម និងប្រភេទថ្នាំធម្មតា (ថ្នាំកាតាប) មានតម្លៃពី ៣ ០០០-៤ ០០០រៀល។
ប្រទេសកម្ពុជា និងវៀតណាម កាលពីឆ្នាំ ២០១៦ បានយល់ព្រមលើការអនុគ្រោះពន្ធសម្រាប់ផលិតផលកសិកម្មឆ្លងកាត់ព្រំដែនទាំង ២។ ស្ថិតក្រោមកិច្ចព្រមព្រៀងនេះកម្ពុជាត្រូវបានអនុញ្ញាតឱ្យនាំថ្នាំជក់ស្ងួតចំនួន ៣ ០០០ តោនទៅវៀតណាម ដោយរួចពន្ធរយៈពេល ១ ឆ្នាំ។ កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងរៀងរាល់ឆ្នាំមកដល់ពេលនេះ។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តត្បូងឃ្មុំ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ផ្ទៃដីដាំដុះ និងទិន្នផលដែលប្រមូលបានក្នុងឆ្នាំនេះបានកើនឡើងតិចតួចបើធៀបទៅនឹងឆ្នាំមុន។ ការដាំថ្នាំជក់ គឺធ្វើជាលក្ខណៈគ្រួសារនៅតាមបណ្តោយទន្លេ (មេគង្គ) តែប៉ុណ្ណោះ។ លោកបន្តថា បច្ចុប្បន្នក៏មានរោងចក្រផលិតបារី ១ ក្នុងខេត្តត្បូងឃ្មុំបានប្រើប្រាស់ថ្នាំជក់ដាំក្នុងខេត្តផងដែរ។
លោកបានលើកឡើងថា៖ «ការដាំដុះរបស់ប្រជាកសិករ គឺតែងធ្វើឡើងតាមតម្រូវការទីផ្សារ ហេតុនេះការដាំថ្នាំជក់ គឺមិនកើនច្រើនទេ»។
បើតាមមន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំក្នុងឆ្នាំ ២០២១ កន្លងមក ខេត្តត្បូងឃ្មុំ មានផ្ទៃដីដាំថ្នាំជក់ ៦៨០ ហិកតា ដោយផ្តល់ផលមធ្យម ១,៧ តោនក្នុង ១ ហិកតា។
ភ្នំពេញ ប៉ុស្តិ៍ មិនមានចំនួនទឹកប្រាក់នៃការនាំចេញថ្នាំជក់ ក្នុងរយៈពេល ៧ ខែឆ្នាំ ២០២២ ទេ ប៉ុន្តែបើតាមក្រសួងកសិកម្ម ទឹកប្រាក់ដែលកម្ពុជាទទួលបានពី ការនាំចេញកសិផលក្រៅពីស្រូវអង្ករ (ដំឡូងមី ស្វាយចន្ទី ស្វាយ សណ្តែក ចេក ពោត ម្រេច ថ្នាំជក់... និងបន្លែ) មានចំនួន ១ ៧៥៥,០៨ លានដុល្លារ។
ឆ្នាំ ២០២១ កម្ពុជាបាននាំចេញថ្នាំជក់សរុប ៤ ៥៩០,៨៥ តោន ថយចុះ ២១,១៣ ភាគរយ បើធៀបឆ្នាំ ២០២០ ក្នុងនោះនាំទៅប្រទេសវៀតណាម ចំនួន ៤ ៤៨៩,៨០ តោន, បែលហ្ស៊ិក ៥៩,៤២ តោន ហុងគ្រី ៣៩,៦០តោន បូស្ន៊ី និងហឺហ្សេហ្គោវីណា ១,៩០ តោន ចិន ០,១០ តោន ឥណ្ឌូនេស៊ី ០,០២ តោន សិង្ហបុរី ០,០១ តោន និងប្រទេសអាល្លឺម៉ង់ ០,០០១ តោន។ នេះបើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕