ភ្នំពេញ៖ កម្ពុជាបានកំណត់វិស័យអាទិភាពសំខាន់ៗមួយចំនួនដើម្បីពិភាក្សានៅក្នុងកិច្ចប្រជុំលើកទី៣ គណៈកម្មការសេដ្ឋកិច្ចចម្រុះកម្ពុជា-តួកគី ដែលនឹងត្រូវរៀបចំឡើងនៅខែតុលាខាងមុខនេះ ក្នុងគោលដៅជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងទាញអត្ថប្រយោជន៍ឱ្យបានជាអតិបរមា។
ក្រសួងពាណិជ្ជកម្មបានដឹកនាំកិច្ចប្រជុំអន្តរក្រសួង កាលពីថ្ងៃទី ២៤ ខែសីហា ដើម្បីពិភាក្សាលើសេចក្តីព្រាងរបៀបវារៈ និងកំណត់ហេតុរួមនៃកិច្ចប្រជុំ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំលើកទី៣ គណៈកម្មការសេដ្ឋកិច្ចចម្រុះកម្ពុជា-តួកគីដែលគ្រោងនឹងធ្វើឡើងនៅអំឡុងខែតុលា ឆ្នាំ ២០២២ នៅកម្ពុជា។ កិច្ចប្រជុំនេះ ក៏មានថ្នាក់ដឹកនាំមន្ត្រីជំនាញនៃក្រសួងពាណិជ្ជកម្ម និងអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន ១៣ ស្ថាប័នផងដែរ។
លោកស្រី តឹក រ៉េតកំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានស្នើដល់តំណាងអន្តរក្រសួងទាំង ១៣ ស្ថាប័ន ចូលរួមពិភាក្សានិងផ្តល់ធាតុចូលឱ្យបានផុសផុលលើសេចក្តីព្រាងកំណត់ហេតុរួម ដើម្បីត្រៀមរៀបចំកិច្ចប្រជុំលើកទី៣ គណៈកម្មការសេដ្ឋកិច្ចចម្រុះកម្ពុជា-តួកគី នាពេលខាងមុខឱ្យទទួលជោគជ័យនិងលទ្ធផលផ្លែផ្កា។
កិច្ចប្រជុំបានចេញសេចក្តីព្រាងកំណត់ហេតុរួម ដែលក្នុងនោះបង្ហាញពីវិស័យអាទិភាពដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-តួកគី ឱ្យកាន់តែស៊ីជម្រៅនិងទាញអត្ថប្រយោជន៍ឱ្យបានជាអតិបរមារួមមានជាអាទិ៍៖ ពាណិជ្ជកម្មវិនិយោគធុរកិច្ចឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ហាឡាលសហគ្រាសធុនតូច និងមធ្យមកសិកម្មដឹកជញ្ជូនអាកាសចរស៊ីវិលសុខាភិបាលអប់រំទេសចរណ៍ និងវិស័យពាក់ព័ន្ធដទៃទៀត។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងដែរថា ទំហំពាណិជ្ជកម្មរវាងកម្ពុជាជាមួយតួកគីនៅមានតូចនៅឡើយហើយដោយសារតែប្រទេសទាំង ២ មានកិច្ចព្រមព្រៀងជាមួយគ្នាមួយចំនួនទៀតទើបចាំបាច់ណាស់ដែលត្រូវតែមានការប្រជុំពិភាក្សា ដើម្បីកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែប្រសើរឡើង។
លោកបានបន្ថែមថា វិនិយោគិននៃប្រទេសតួកគីមានសក្តានុពលខ្លាំងដែលអាចឱ្យកម្ពុជាសហការជាមួយ ដើម្បីជំរុញការវិនិយោគនៅកម្ពុជាបានបន្ទាប់ពីសភាពាណិជ្ជកម្មកម្ពុជាបានជួប និងស្នើអ្នកធុរកិច្ចនៅក្នុងប្រទេសតួកគីនេះកាលពីខែកុម្ភៈ កន្លងទៅ ឱ្យទស្សនកិច្ចស្វែងរកឱកាសវិនិយោគនៅកម្ពុជា។
លោក លឹម ហេង បានបញ្ជាក់ថា៖ «កម្ពុជាមានទីផ្សារទូលំទូលាយដោយកម្ពុជាបានចុះកិច្ចព្រមព្រៀងសេរីទ្វេភាគីជាមួយចិន និងកូរ៉េកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ការនាំផលិតផលកម្ពុជាដោយមិនជាប់ពន្ធទៅកាន់អង់គ្លសនិងទៅកាន់សហគមន៍អឺរ៉ុប (EBA) និងការនាំចេញផលិតផលកម្ពុជាទៅសហរដ្ឋអាមេរិកក្នុងប្រព័ន្ធអនុគ្រោះពន្ធ (GSP)»។
លោកបានបន្តថា កិច្ចប្រជុំលើកទី៣គណៈកម្មការសេដ្ឋកិច្ចចម្រុះកម្ពុជា-តួកគីនាខែតុលាខាងមុខនេះ គឺការបើកច្រកបន្ថែមទៀតរវាងប្រទេសទាំង ២ ដើម្បីជំរុញពាណិជ្ជកម្មឱ្យកាន់តែធំទូលាយដោយសារតែតួក គីជាមជ្ឈមណ្ឌលធុរកិច្ចមួយដែលមានភាពទាក់ទាញសម្រាប់កម្ពុជាក្នុងការនាំចេញទំនិញផងដែរ។
ទិន្នន័យពីក្រសួងពាណិជ្ជកម្មបានបង្ហាញថា ក្នុងរយៈពេល ៥ ឆ្នាំ (២០១៧-២០២១) ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-តួកគី សម្រេចបាន ៤៦២,៦៣ លានដុល្លារ។ ហើយទោះបីជាស្ថិតក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ ១៩ ក្ដីក៏ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានប្រមាណ ៩០,៦៣ លានដុល្លារ ក្នុងឆ្នាំ ២០២១ ដែលកើនឡើង ២,០៦% ធៀបនឹងឆ្នាំ ២០២០។
ក្នុងនោះកម្ពុជានាំចេញមុខទំនិញទៅតួកគីដូចជាសម្លៀកបំពាក់វាយនភ័ណ្ឌស្បែកជើង សម្ភារធ្វើដំណើរ អង្ករ ឆត្រ ខណៈដែលកម្ពុជានាំចូលទំនិញពីតួកគីវិញ រួមមានម៉ាស៊ីនផលិតផលឱសថកញ្ចក់ដែកផលិតផលប្លាស្ទិក និងទំនិញដទៃទៀត៕