ភ្នំពេញៈ ដើម្បី​ពង្រឹង​ការគ្រប់គ្រង ក៏ដូចជា​ជំនឿ​ទុកចិត្ត​របស់​សាធារណជន​ទៅ​លើ​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) ក្នុង​នាម​អាណា​ព្យាបាល​នៃ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ស្របច្បាប់​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា បានស្នើ​ឱ្យ​សាធារណជន​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឱ្យ​កាន់​តែខ្ពស់​បន្ថែម​ទៀត ខណៈ​បច្ចុប្បន្ន​មាន​ការ​ផ្សព្វផ្សាយ​ច្រើន​ទាក់ទង​នឹង​ការផ្ដល់​ឥណទាន​ដោយ​ខុសច្បាប់។​

​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ស្តីពី «​ការ​ផ្សព្វផ្សាយ និង​ផ្ដល់​ឥណទាន​ដោយ​ខុសច្បាប់» ដែល​ចុះ​កាល​បរិច្ឆេទ ក្នុង​ថ្ងៃទី ២៥ ខែ​សីហា បាន​លើក​ឡើង​ថា ធនាគារ​ជាតិ​នៃ​កម្ពុជា សូម​ជម្រាបជូន​សាធារណជន​ជ្រាបថា គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ដែល​ទទួល​បាន​អាជ្ញាបណ្ណ​ប្រកប​អាជីវកម្ម​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា រួមមាន ធនាគារ​ពាណិជ្ជ ធនាគារ​ឯកទេស គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ក្រុមហ៊ុន​ភតិសន្យា​ហិរញ្ញវត្ថុ គ្រឹះស្ថាន​ឥណទាន​ជនបទ គឺជា​ប្រភេទ​គ្រឹះស្ថាន​ស្របច្បាប់ និង​ផ្លូវ​ការ​ដែល​អាច​ផ្ដល់​ឥណទាន និង​/​ឬ សេវា​ពាក់ព័ន្ធ​ផ្សេង​ទៀត​ដល់​ក្រុមហ៊ុន សហគ្រាស និង​ឯកត្តជន។ គ្រឹះស្ថាន​ទាំងនេះ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ហើយ​អតិថិជន​របស់​គ្រឹះស្ថាន​ទាំងនេះ​ក៏ត្រូវ​បាន​ការពារ​ដោយ​ច្បាប់​ផងដែរ។​

NBC បាន​បន្ថែមថា កន្លងមក​ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​សង្កេត​ឃើញ​មាន​ជន​ខិលខូច​មួយ​ចំនួន​បាន​ផ្សព្វផ្សាយ​យ៉ាង​បើក​ចំហ និង​ផ្តល់​ឥណទាន​ដល់​ប្រជាពលរដ្ឋ​តាម​រូបភាព​ផ្សេងៗ​ជាច្រើន ដូចជា ប្រព័ន្ធ​អនឡាញ បណ្តាញ​សង្គម ការ​ផ្សព្វផ្សាយ​តាម​ខិត្តប័ណ្ណ និង​ការបិទ​ផ្សាយ​តាម​ទីកន្លែង​សាធារណៈ​នានា ជាដើម​។ ការ​ផ្តល់​ឥណទាន​ដោយ​ក្រុមហ៊ុន ឬ​បុគ្គល​ដែល​គ្មាន​អាជ្ញាបណ្ណ​ទាំងនេះ គឺជា​សកម្មភាព​ល្មើ​សនឹង​ច្បាប់​ជា​ធរមាន ជាពិសេស​ច្បាប់​ស្តីពី​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ។​

​លិខិត​របស់ NBC បាន​បញ្ជាក់ថា​៖ «​ដើម្បី​ចៀសវាង​ពី​ការ​បោក​ប្រាស់​ក្រោម​រូបភាព​ណាមួយ ឬ​ផលវិបាក​ផ្សេងៗ​ពី​ការ​ទទួល​បាន​ឥណទាន​ក្រៅ​ផ្លូវការ និង​ដើម្បី​រក្សា​ស្ថិរភាព ក៏ដូចជា​ជំនឿ​ទុកចិត្ត​របស់​សាធារណជន​ក្នុង​ប្រព័ន្ធ​ធនាគារ ធនាគារ​ជាតិ​នៃ​កម្ពុជា​សូម​ស្នើ​ដល់​សាធារណជន​ទាំងអស់​មេត្តា​ប្រុង​ប្រយ័ត្ន​ឱ្យបាន​ខ្ពស់​បំផុត និង​សូម​លើក​ទឹកចិត្ត​ឱ្យប្រើ​ប្រាស់​តែ​សេវា​របស់​គ្រឹះស្ថាន​ផ្លូវការ»។

​លិខិតបញ្ជាក់​ទៀតថា​៖ «NBC សូម​ថ្កោលទោស​ចំពោះ​ការផ្សព្វផ្សាយ​ព័ត៌មាន និង​ការ​ផ្តល់​ឥណទាន​ក្រៅ​ផ្លូវការ ខុសច្បាប់​គ្រប់​រូបភាព​។ ទន្ទឹម​នឹង​នេះ NBC កំពុង​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ដើម្បី​ចាត់​វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​ក្រុមហ៊ុន ឬ​បុគ្គល​ដែល​ធ្វើ​សកម្មភាព​ល្មើស​នានា​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន»៕

វីដេអូ៖