ភ្នំពេញៈ ក្រុមហ៊ុន Minebea របស់ប្រទេសជប៉ុនគ្រោងនឹងវិនិយោគ ៤៥ លានដុល្លារ ក្នុងការបង្កើតថាមពលកកើតឡើងវិញ ៥០ មេហ្គាវ៉ាត់ ដោយប្រើប្រាស់ថាមពលព្រះអាទិត្យ (Solar) សម្រាប់ប្រើប្រាស់ក្នុងវិស័យរបស់ខ្លួននៅកម្ពុជា និងដើម្បីគាំទ្រការប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញ ដែលមិនគ្រោះថ្នាក់ដល់បរិស្ថាន។
ក្នុងជំនួបពិភាក្សាការងារជាមួយលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក យ៉ូស៊ីហ៊ីរ៉ូ សាកានុស៊ី នាយកគ្រប់គ្រងក្រុមហ៊ុន Minebea (Cambodia) បានលើកឡើងថា ក្រុមហ៊ុន Minebea ងាកទៅប្រើប្រាស់ថាមពលកកើតឡើងវិញ ដោយសារក្រុមហ៊ុនដែលជាដៃគូ ដូចជា ក្រុមហ៊ុន Apple និងToyota ជាដើម គិតគូរដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព។
លោក យ៉ូស៊ីហ៊ីរ៉ូ បានឱ្យដឹងថា គម្រោងវិនិយោគលើថាមពលកកើតឡើងវិញក្នុងអនុភាព ៥០ មេហ្គាវ៉ាត់ ដោយប្រើប្រាស់ថាមពលព្រះអាទិត្យនេះគឺសម្រាប់គាំទ្រដល់ការវិនិយោគ និងគម្រោងអភិវឌ្ឍន៍លើវិស័យផ្សេងៗរបស់ខ្លួននៅកម្ពុជា និងការផ្តល់ជូនទៅខាងអគ្គិសនីកម្ពុជា សម្រាប់ធ្វើការចែកចាយបន្តផងដែរ។
លោក យ៉ូស៊ីហ៊ីរ៉ូ សាកានុស៊ី បានបញ្ជាក់ថា៖ «ក្រុមហ៊ុនមានលទ្ធភាពក្នុងការបង្កើតនូវថាមពលកកើតឡើងវិញ ដោយថាមពលពន្លឺព្រះអាទិត្យ ដែលតម្រូវឱ្យមានទីតាំងមួយ សម្រាប់ការដាក់ Sola Panel នេះ និងការបង្កើត Sola Farm មួយ ក្នុងគម្រោងបង្កើតថាមពលកម្រិត ៥០ មេហ្គាវ៉ាត់ ដែលប្រើប្រាស់ទុនវិនិយោគប្រមាណ ៤៥ លានដុល្លារ។
លោក ហេង គុណលាង អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពលបានប្រាប់ភ្នំពេញប៉ុស្តិ៍ដែរថា ក្រសួងគាំទ្រជានិច្ចចំពោះគម្រោងនេះឱ្យតែក្រុមហ៊ុន Minebea អនុវត្តតាមគោលការណ៍ច្បាប់បានត្រឹមត្រូវទាក់ទងគម្រោងអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ ដោយប្រើពន្លឺព្រះអាទិត្យនេះ ព្រោះកម្ពុជានឹងបង្កើនការប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញ និងប្រភពថាមពលផ្សេងទៀត ដែលមិនគ្រោះថ្នាក់ដល់បរិស្ថានឱ្យបានជាអតិបរមា។
លោកបញ្ជាក់ថា៖ «ក្រសួងកំពុងរៀបចំផែនការមេអភិវឌ្ឍន៍ វិស័យថាមពលអគិ្គសនី និងធ្វើការអភិវឌ្ឍគម្រោងស្តីពីប្រសិទ្ធភាពថាមពល និងកំពុងសហការជាមួយ ADB ដើម្បីចូលរួមកាត់បន្ថយ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាស ចូលរួមសកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅក្នុងវិស័យថាមពល និងអភិវឌ្ឍន៍អន្តរកាលថាមពលស្អាតឆ្ពោះទៅអព្យាក្រឹតភាពកាបូន»។ ទោះជាយ៉ាងណាលោកថា ក្រុមហ៊ុនវិនិយោគត្រូវអនុវត្តច្បាប់ស្តីពីភាពជាដៃគូរដ្ឋ និងឯកជនជាមុនសិន (PPP) ពីព្រោះបច្ចុប្បន្ននេះ ការវិនិយោគរបស់ឯកជនត្រូវស្ថិតនៅក្នុងក្របខ័ណ្ឌនៃច្បាប់នេះ។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់ឱ្យដឹងថា វិស័យឯកជនតែងតែចង់បានតម្លៃថាមពល ដែលមានតម្លៃធូរថ្លៃ ដូចជាការប្រើប្រាស់ថាមពលសូឡាជាដើម ប៉ុន្តែការប្រើប្រាស់ថាមពលសូឡានៅកម្ពុជាត្រូវតែមានកម្រិតកំណត់ពីរដ្ឋ ខណៈដែលការប្រើប្រាស់បន្ទះសូឡា ក៏មិនទាន់អាចផ្គត់ផ្គង់ក្នុងចង្វាក់ផលិតកម្មបាន ១០០ ភាគរយនៅឡើយដែរ។
លោកបញ្ជាក់ថា៖ «បច្ចុប្បន្ន មានក្រុមហ៊ុនឯកជនខ្លះបានប្រើប្រាស់ថាមពលសូឡាផង និងប្រើប្រាស់បណ្តាញអគ្គិសនីរបស់រដ្ឋផង ដើម្បីទប់ទល់នឹងការចំណាយថ្លៃដើមលើអគ្គិសនី ដោយសារតែបច្ចុប្បន្នតម្លៃអគ្គិសនីកម្ពុជានៅថ្លៃនៅឡើយ។ ទោះបីជាការប្រើប្រាស់ថាមពលសូឡាមានតម្លៃទាប ប៉ុន្តែថាមពលនេះ មិនទាន់អាចផ្គត់ផ្គង់លើដំណើរការផលិតកម្មបានពេញលេញនៅឡើយទេ ដោយសារថាមពលនេះពឹងផ្អែកទាំងស្រុងលើពន្លឺព្រះអាទិត្យ»។
រោងចក្រផលិតអំពូលភ្លើងអំពូលអិលអ៊ីឌីកម្រិតអន្តរជាតិ Minebea នៅកម្ពុជា ផលិតអំពូលបានជិត ២ ម៉ឺនអំពូលក្នុង ១ ឆ្នាំ ដោយបានជួយដល់ការកាត់បន្ថយការប្រើប្រាស់អគ្គិសនីផង និងការចំណាយលើអគ្គិសនីប្រមាណ ១ លានដុល្លារក្នុង ១ ឆ្នាំ។ ក្រុមហ៊ុន Minebea Cambodia មានទុនវិនិយោគនៅកម្ពុជាប្រមាណ ៣៧២ លានដុល្លារ កាលពីឆ្នាំ ២០១៨ និងទុនវិនិយោគនេះបានកើនដល់ ៤០០ លានដុល្លារ ក្នុងឆ្នាំ ២០១៩៕