ភ្នំពេញៈ កម្ពុជា និងអ៊ីស្រាអែល គ្រោងនឹងចុះអនុស្សរណៈយោគយល់គ្នា (MoU) ស្តីពីការអភិវឌ្ឍកសិកម្មសំដៅនាំយកបច្ចេកវិទ្យា និងគំរូកសិកម្មទំនើបមកអនុវត្តដើម្បីជំរុញការនាំចេញ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកំពុងដឹកនាំគណៈប្រតិភូ ១ ក្រុម រួមមានមន្ត្រី និងឯកជន ក្នុងដំណើរទស្សនកិច្ចធុរកិច្ចរយៈពេល ៥ ថ្ងៃ នៅប្រទេសអ៊ីស្រាអែល ចាប់ពីថ្ងៃទី ២៧ ដល់ ៣១សីហា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃម្សិលមិញថា គោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ និងក្រសួងការបរទេសរបស់អ៊ីស្រាអែល ដើម្បីបង្កើតក្រុមការងារធ្វើការលើការចុះអនុស្សរណៈយោគយល់គ្នា ក្នុងគោលបំណងចែករំលែកចំណេះដឹង បទពិសោធ និងការផ្លាស់ប្តូរទស្សនកិច្ចមន្ត្រី និងវិស័យឯកជនរវាងប្រទេសទាំង ២។
លោកថ្លែងថា៖ «ខ្ញុំបានជួបជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទនៃប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី ២៨ ខែសីហា។ ភាគីទាំង ២ នឹងបង្កើតក្រុមការងារមួយ មុនពេលចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្មនាពេលខាងមុខ។ MoU នេះនឹងជំរុញកិច្ចសហប្រតិបត្តិការលើជំនួយបច្ចេកទេស ការផ្លាស់ប្តូរបទពិសោធ ការស្រាវជ្រាវរវាងក្រសួងទាំង ២»។
លោកបន្តថា៖ «យើងនឹងមានកិច្ចពិភាក្សាអាជីវកម្មនៅថ្ងៃទី ២៩ ខែសីហា រវាងវិស័យឯកជនដើម្បីផ្លាស់ប្តូរព័ត៌មាន។ ខ្ញុំសង្ឃឹមថា យើងនឹងទទួលបានកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងរដ្ឋាភិបាល និងរដ្ឋាភិបាល និងរវាងវិស័យឯកជន សម្រាប់ការអភិវឌ្ឍស័យកសិកម្មរបស់យើង»។
បើយោងតាមលោក សាខុន ចាប់តាំងពីប្រទេសទាំង ២ បានកសាងទំនាក់ទំនងល្អមក អាហារសុវត្ថិភាពជាច្រើន ជាពិសេសបន្លែ និងសាច់ដែលមានសុវត្ថិភាព ត្រូវបានដាក់លក់នៅតាមផ្សារទំនើបជាច្រើន ក្នុងរាជធានីភ្នំពេញ។
លោកបានលើកឡើងថា៖ «ក្នុងរយៈពេល ៦ ឆ្នាំចុងក្រោយនេះ កម្ពុជាអាចនាំចេញកសិផលបានពី ៣ ទៅ ៤ លានតោន ប៉ុន្តែកាលពីឆ្នាំមុន ការនាំចេញរបស់យើង សម្រេចបានដល់ជិត ៨ លានតោន ដែលលទ្ធផលដ៏ល្អនេះបានមកពីកិច្ចសហប្រតិបត្តិការជាមួយប្រទេសអ៊ីស្រាអែល»។
លោក សាខុន បន្ថែមថា៖ «ខ្ញុំជឿជាក់ថា ការនាំចេញរបស់យើង នឹងកើនឡើងដល់ ៩ ឬជាង ៩ លានតោន នៅឆ្នាំ ២០២២។ លទ្ធផលនេះបណ្ដាលមកពីអ្វី ដែលយើងបាននាំយកមកនូវបច្ចេកវិទ្យាចុងក្រោយបង្អស់ពីប្រទេសអ៊ីស្រាអែលអនុវត្ត»។
លោក ហ៊ុន ឡាក់ នាយកប្រតិបត្តិក្រុមហ៊ុន Tropicam Fruit and Vegetable Co., Ltd ដែលកំពុងរួមដំណើរទស្សនកិច្ចអាជីវកម្មបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ២៩ ខែសីហាថា ក្រុមហ៊ុនរបស់លោកបានចុះកិច្ច ព្រមព្រៀងភាពជាដៃគូជាមួយ ក្រុមហ៊ុន Netafim ជាក្រុមហ៊ុនបច្ចេកវិទ្យាកសិកម្មដ៏ធំបំផុតរបស់អ៊ីស្រាអែល ក្រុមហ៊ុនមួយនេះកំពុងផ្តល់ដំណោះស្រាយកសិកម្មបច្ចេកវិទ្យាខ្ពស់ និង គ្រឿងបរិក្ខារជាពិសេសផ្តល់នូវដំណោះស្រាយប្រព័ន្ធធារាសាស្ត្រ។
លោកបញ្ជាក់ថា៖ «ដូចដែលអ្នកបានឃើញហើយថា ក្រុមហ៊ុន Netafim ពួកគេទើបតែចូលមកក្នុងប្រទេសរបស់យើង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្រុមហ៊ុនរបស់ខ្ញុំបានសហការជាមួយពួកគេក្នុងការផ្តល់ប្រព័ន្ធធារាសាស្ត្រក្នុងខ្នាតតូច មធ្យម និងធំ ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ យើងទើបតែដំឡើងប្រព័ន្ធក្នុងចម្ការ ចេក ទុរេន និងស្វាយ»។
លោកបន្តថា៖ «សម្រាប់វិស័យឯកជន យើងចូលរួមក្នុងដំណើរស្សនកិច្ចនេះ ដើម្បីសិក្សាអំពីគំរូកសិកម្មនៅក្នុងប្រទេសអ៊ីស្រាអែល ដើម្បីស្វែងរកវិធីសាស្ត្រសមស្របណាមួយយកមកអនុវត្តនៅស្រុកយើង។ យើងក៏សិក្សាអំពីវិធីសាស្ត្រកសិកម្មឆ្លាតវៃរបស់ពួកគេ ដើម្បីយកមកអនុវត្តវានៅក្នុងប្រទេសកម្ពុជាយើងផងដែរ»។
យោងតាមតួលេខរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជាបាននាំចេញកសិផលកសិកម្មសរុបចំនួន ៣ ៤៣៤ ០៧០ តោន ទៅបណ្ដាប្រទេស និងដែនដីចំនួន ៥៧ កើនឡើង ១១,១៦ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តម្លៃប៉ាន់ស្មាននៃការនាំចេញមានចំនួន ១ ២៦៨ លានដុល្លារ។
កសិផលសំខាន់ៗដែលនាំចេញរួមមាន អង្ករ ស្រូវ ចំណិតដំឡូងមីក្រៀម ដំឡូងមីស្រស់ ម្សៅដំឡូងមី គ្រាប់ស្វាយចន្ទីឆៅ និងកែច្នៃ គ្រាប់ពោត គ្រាប់សណ្តែកបាយ ផ្លែចេកស្រស់ ផ្លែក្រូចថ្លុង ផ្លែស្វាយស្រស់ និងកែច្នៃម្រេចស្រស់ និងកែច្នៃ ថ្នាំជក់ បន្លែចម្រុះ ម្ទេសស្រស់ និងក្រៀម ជាដើម៕